(ចិន, ប៉េកាំង)៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន បានបង្ហាញអំពីចំណាប់អារម្មណ៍រប​ស់លោក ក្នុងការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប ប្រទេសកម្ពុជា។

ចំណាប់អារម្មណ៍របស់លោកប្រធានាធិបតីចិន បានធ្វើឡើងក្នុងឱកាសដែលលោក ទទួលជួបជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បំពេញទស្សនកិច្ចផ្លូវការនៅប្រទេសចិន នាថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

លោកប្រធានាធិបតី ស៊ី ជិនពីង មានប្រសាសន៍ចាប់អារម្មណ៍ពីការអភិវឌ្ឍកសិកម្ម និងវារីវប្បកម្មនៅតំបន់ជុំវិញបឹងទន្លេសាប។

ទាក់ទិនទៅ​នឹងប្រសាសន៍​លើកឡើងរបស់លោកប្រធានាធិបតីចិន, សម្តេចតេជោ បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើ​ម​ដ៏មានសារៈសំខាន់របស់លោកប្រធានាធិបតី ដើម្បីបង្កើតរបៀងមច្ឆជាតិ និងអង្ករនៅភាគពាយ័ព្យរបស់កម្ពុជា។ សម្តេចតេជោបន្តថា កម្ពុជា មានប៉ូលសេដ្ឋកិច្ចចំនួន៣រួចមកហើយ គឺប៉ូលសេដ្ឋកិច្ចភ្នំពេញ ក្រុងព្រះសីហនុ និងឥសាន ហើយកម្ពុជា​នឹងបង្កើតប៉ូលសេដ្ឋកិច្ចទី៤ នៅភូមិភាគពាយ័ព្យ។

នៅក្នុងជំនួបគ្នានោះដែរ លោក ស៊ី ជីនពីង និងសម្តេចតេជោ បានឯកភាព​គ្នា​ក្នុងការជំរុញ កិច្ចសហប្រតិបត្តិការលើការជំរុញការផលិតប្រភពថាមពល​អគ្គិសនីដោយផ្តោតលើការការពារបរិស្ថាន ថាមពលបៃតងផងដែរ៕