(ភ្នំពេញ)៖ អតីតទាហានផ្កាយ២ សូយ ចាន់សឿន ដែលត្រូវបានតុលាការខេត្តកំពង់ស្ពឺ កាត់ទោសពាក់ព័ន្ធប្រើអំពើបង្ខាំង និងហិង្សាលើស្រ្តីម្នាក់យ៉ាងធ្ងន់ធ្ងរនោះ នៅពេលនេះត្រូវបានសាលាឧទ្ធរណ៍ សម្រេចផ្តន្ទាទោសមួយករណី ផ្សេងទៀតនោះគឺ «បរិហារបង្កាច់កេរ្តិ៍» ទៅលើជនរងគ្រោះដោយសម្រេចឲ្យសងជំងឺចិត្តចំនួន ២០លានរៀល ដូចអ្វីដែលសាលាដំបូងរាជធានីភ្នំពេញ បានប្រកាសកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២កន្លងទៅ។
យោងតាមសាលដីការបស់សាលាឧទ្ធរណ៍ចុះថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៣ បានបញ្ជាក់ថា «តម្កល់ចំណុចទី២ នៃសេចក្តីសម្រេចសាលក្រមព្រហ្មទណ្ឌលេខ៤៦៤ ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ របស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល»។
តាមសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ បានសម្រេចថា «បង្គាប់ឲ្យឈ្មោះ សូយ ចាន់សឿន និងឈ្មោះ សូ បិនឡា រួមគ្នាសងសំណងជំងឺចិត្តចំនួន២០លានរៀល ឲ្យទៅដើម្បីបណ្តឹងរដ្ឋវប្បវេណីឈ្មោះ កើត ខេង»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០ ឈ្មោះ សូយ ចាន់សឿន បានដាក់ពាក្យបណ្ដឹងប្ដឹងមកឈ្មោះ កើត ខេង និងឈ្មោះជា ឡង់ឌី ពីបទ លួច ឆបោក និងក្លែងលិខិតសាធារណៈ តែសំណុំរឿងនេះត្រូវបានតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកឥតចាត់ការកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២០។ បន្ទាប់មកឈ្មោះ សូយ ចាន់សឿន នៅតែបន្តប្ដឹងទៅសាលាឧទ្ធរណ៍ចំពោះដីកាសម្រេចតម្កល់រឿង ទុកឥតចាត់ការខាងលើនេះទៀត។ ក្រោយការពិនិត្យរួចមក មហាអយ្យការអមសាលាឧទ្ធរណ៍ ក៏បានសម្រេចតម្កល់រឿងទុកឥតចាត់ការដដែលកាលពីថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០។
លុះនៅថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២០ ឈ្មោះ សូ ប៊ិនឡា ដែលជាគូកន ក៏បានដាក់ពាក្យបណ្តឹងលើឈ្មោះ កើត ខេង និងឈ្មោះ ជា ឡង់ឌី ពីបទក្លែងលិខិតសាធារណៈ និងប្រើប្រាស់លិខិតសាធារណៈក្លែង ប៉ុន្តែសំណុំរឿងនេះត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចតម្កល់ទុកឥតចាត់ការតាមដីកាតម្កល់រឿងទុកឥតចាត់ការកាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ ហើយឈ្មោះសូ ប៊ិនឡា នៅតែបន្តប្ដឹងទៅសាលា ឧទ្ធរណ៍ចំពោះដីកាសម្រេចតម្កល់ដីការឿងទុកឥតចាត់ការខាងលើនេះ តែមហាអយ្យការអមសាលាឧទ្ធរណ៍បានសម្រេចតម្កល់រឿងទុកជាបានការដដែលកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០។
ដើម្បីទទួលបានភាពស្អាតស្អំរបស់ខ្លួនវិញ ជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងទៅលើអតីតមន្រ្តីយោធារូបនេះ និងបក្ខពួកពីបទ «បរិហារបង្កាច់កេរ្តិ៍» រហូតតុលាការបានសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៨ខែ និងបង្គាប់ឲ្យសងជំងឺចិត្តចំនួន២០លានរៀល នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ ដែលមានលោក ធាម ច័ន្ទពិសិដ្ឋ ជាចៅក្រមជំនុំជម្រះ។
ក្រៅពីសំណុំរឿងខាងលើនេះ អតីតមន្រ្តីយោធាផ្កាយ២ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅវ៉ា អាយុ៤៨ឆ្នាំ ក៏ត្រូវបានស្រ្តីម្នាក់បានប្តឹងដោយចាប់បង្ខំាំង និងប្រើហិង្សាយ៉ាងធ្ងន់ធ្ងរកាលពីខែមករា ឆ្នាំ២០២១ ហើយត្រូវបានសមត្ថកិច្ច ចាប់ខ្លួនបញ្ជូនទៅកាន់តុលាការកាត់ទោសនោះ។
ប៉ុន្តែយោងតាមដីការបស់តុលាការខេត្តកំពង់ស្ពឺ ដែលមានលោក ស៊ លីនណា ចៅក្រមជំនុំជម្រះកាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ និងបានឆ្លងកាត់ការបើកសវនាការកាត់ទោសចំនួន៣ដង គឺថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២២, ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ និងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ អតីតយោធារូបនេះត្រូវបានលើកលែងការចោទប្រកាន់៕