(ក្រចេះ)៖ លោក បួន សារះមុនី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំប្រជុំផ្សព្វផ្សាយបើកការិយាល័យចុះបោះឆ្នោតជ្រើសរើសសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម មណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី អាណត្តិទី ២លើកទី១ នៅមន្ទីពាណិជ្ជកម្មខេត្តក្រចេះ។
ពិធីនេះដែរ មានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោកឧកញ៉ា លោក លោកស្រី ដែលជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្ម និងសហការី ពីក្រសួងពាណិជ្ជកម្មសរុប៨០នាក់។
លោក បួន សារៈមុនី បានបញ្ជាក់ថា កន្លងមកសភាពាណិជ្ជកម្មកម្ពុជា ក៏ដូចសភាពាណិជ្ជកម្មរាជធានី-ខេត្ត បានដើរតួនាទីយ៉ាងសំខាន់នៅ ក្នុងការផ្តល់ព័ត៌មានពាក់ព័ន្ធទៅនឹងការធ្វើធុរកិច្ច ការវិនិយោគនានានៅកម្ពុជា និងព័ត៌មាន បច្ចុប្បន្នភាពស្តីពីច្បាប់ និងបទបញ្ញត្តិពាក់ព័ន្ធទៅនឹងវិស័យពាណិជ្ជកម្ម និងព្រឹត្តិការណ៍ធុរកិច្ចជាទៀងទាត់ជូន ដល់ក្រុមហ៊ុនអាជីវករ និងវិនិយោគគិនខ្មែរ និងបរទេស ជាពិសេសសភាពាណិជ្ជកម្ម គឺជាស្ថាប័នតំណាងឱ្យវិស័យឯកជន និងជាដៃគូរបស់រាជរដ្ឋាភិបាល ក្នុងការជួយជំរុញកំណើនសេដ្ឋកិច្ច-ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្រ តាមរយៈការធ្វើធុរៈកិច្ចពាណិជ្ជកម្មក្នុងប្រទេស និងទាក់ទាញវិនិយោគិនពីបរទេស ឱ្យមកវិនិយោគនៅកម្ពុជាផងដែរ។
លោកបន្តថា «មកដល់បច្ចុប្បន្ននេះ ក្រសួងពាណិជ្ជកម្មបានសម្របសម្រួល បង្កើតបានសភាពាណិជ្ជកម្មរាជធានី-ខេត្តចំនួន១៨ ហើយម្យ៉ាងទៀត សភាពាណិជ្ជកម្មរាជធានី-ខេត្តទាំង១៨នេះ បានប្រមូលផ្តុំបង្កើត ជាសភាពាណិជ្ជ កម្មកម្ពុជា ដែលប្រធានសភាពាណិជ្ជកម្មរាជធានី-ខេត្ត ក្លាយជាសមាជិក នៃសភាពាណិជ្ជកម្មកម្ពុជា ដោយស្វ័យប្រវត្តិ។ នៅឆ្នាំ២០២៣នេះ សភាពាណិជ្ជកម្មមណ្ឌលខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី ដល់ពេលត្រូវរៀបចំការបោះឆ្នោត ជ្រើសរើសសមាជិកជ្រើសតាំងថ្មីចំនួន៨រូប បង្គ្រប់សមាជិកជ្រើសតាំងសរុបចំនួន១៥រូប ក្នុងការត្រៀមខ្លួនសម្រាប់ចូលរួមប្រកួតប្រជែង ជាសមាជិកជ្រើសតាំងសភាពាណិជ្ជកម្មអាណត្តិបន្ត»។
លោកបន្តទៀតថា យោងតាមមាត្រា៨ នៃអនុក្រឹត្យលេខ ៤២អនក្រ.បក ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០០២ ស្តីពីរបៀបរបប និងការរៀបចំការបោះឆ្នោតសភាពាណិជ្ជកម្មមានចែងដោតផ្តោតទៅលើអ្នក មានសិទ្ធិបោះឆ្នោតត្រូវមាន លក្ខណៈសម្បត្តិមានសញ្ជាតិជាខ្មែរ មានអាយុយ៉ាងតិច១៨ឆ្នាំ អ្នកតំណាងស្របច្បាប់សហគ្រាសពាណិជ្ជកម្ម និងក្រុមហ៊ុននានា ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម ឬទទួលបានការអនុញ្ញតពីក្រសួង ឬស្ថាប័នមាន សមត្ថកិច្ចណាមួយឱ្យធ្វើអាជីវកម្ម៕