(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា បច្ចុប្បន្ននេះ កម្ពុជាកំពុងឈានទៅអនុវត្តលើគោលការណ៍ 4R ដើម្បីចូលរួមកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក ខណៈបណ្ដាប្រទេសជាច្រើនកំពុងអនុវត្តគោលការណ៍ 3R ដែលជាគោលការណ៍រួមនៅឡើយ។
ការឱ្យដឹងបែបនេះរបស់លោក នេត្រ ភក្ត្រា បានធ្វើឡើងនៅក្នុងឱកាសលោកបានផ្តល់បទសម្ភាសដល់ក្រុមអ្នកសារព័ត៌មាន ក្នុងអំឡុងកិច្ចប្រជុំកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី «3R និងសេដ្ឋកិច្ចចក្រា» (សេដ្ឋកិច្ចវិលជុំ) នៅឯសណ្ឋាគារសុខា ខេត្តសៀមរាប នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣ ម្សិលមិញ។
លោក នេត្រ ភក្ត្រា បានឱ្យដឹងថា នៅកម្ពុជា មានកាកសំណល់ប្រមាណជាង ១ម៉ឺនតោន ត្រូវបានបង្កើតឡើងជារៀងរាល់ថ្ងៃ ក្នុងនោះមានសំណល់ពី៦០ ទៅ៦៥ភាគរយ ជាសំណល់សរីរាង្គ, ២០ភាគរយជាសំណល់ប្លាស្ទិក និងប្រមាណ ១០ភាគរយ ជាសំណល់រឹង។ សំណល់ដែលត្រូវបង្កើតឡើងមានត្រឹម ៦០ភាគរយ ត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ខណៈការដកហូតយកមកកែច្នៃឡើងវិញ មានចន្លោះពី ១០ទៅ ១៥ភាគរយប៉ុណ្ណោះ។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងយ៉ាងដូច្នេះថា៖ «កម្ពុជាយើងបន្ថែមលើសពីគោលការណ៍រួមដែលកំពុងតែអនុវត្តន៍ទូទៅគឺ 3R យើងចូលដល់ 4R គឺ Rទី៤ ពាក់ព័ន្ធនឹងលើកទឹកចិតត្តដល់ពលរដ្ឋ បដិសេធការប្រើប្រាស់ប្លាស្ទិកតែម្តង មិនមែនត្រឹកតែកាត់បន្ថយ ការប្រើប្រាស់ ការកែច្នៃទេ គឺឈានទៅដល់ការអនុវត្ត 4R ដែលយើងឃើញថា កម្ពុជាយើងឈានមុខគេក្នុងការជំរុញគោលការណ៍ R ទី៤នេះដែរ»។
ជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានរូបនេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវវិធានការសំខាន់ៗមួយចំនួនក្នុងការគ្រប់គ្រងលើការប្រើប្រាស់ ឬការគ្រប់គ្រងសំណល់រយៈពេលខ្លីដែលជាវិធានការ ជាក់ស្ដែង និងបន្ទាន់ចំពោះការប្រើប្រាស់ថង់ប្លាស្ទិកតែម្ដង។ ជាក់ស្ដែងនៅតាមផ្សារទំនើបមួយចំនួនក៏ការកំណត់តម្លៃចំពោះអ្នកប្រើប្រាស់ថង់ប្លាស្ទិក ដោយថង់ប្លាស្ទិកមួយ គឺមានតម្លៃ៤០០រៀលផងដែរ។ លោកថាការហាមឃាត់មិនឱ្យមានការនាំចូលថង់ប្លាស្ទិកដែលមានកម្រាស់លើស០,០៣មីលីម៉ែត្រ ការតម្លើងពន្ធនៃការប្រើប្រាស់ថង់ប្លាស្ទិក ព្រមទាំងវិធានការជំរុញឱ្យប្រជាពលរដ្ឋផ្លាស់ប្ដូរឥរិយាបថក្នុងការប្រើប្រាស់ថង់ប្លាស្ទិកជាដើម។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានហាមឃាត់មិនឱ្យមាននាំចូលសំណល់ប្លាស្ទិចចូលមកប្រទេសកម្ពុជា ជាដើម ខណៈកាលពីប៉ុន្មានឆ្នាំមុន គឺមានការនាំចូលកាកសំណល់ប្លាស្ទិក ជាច្រើនកុងតឺន័រ ប៉ុន្តែ ត្រូវបានបញ្ជូនកាកសំណល់ទាំងនោះឱ្យវិលទៅប្រទេសដើមវិញផងដែរ។
ទន្ទឹមនឹងនេះដែរ លោក ភក្ត្រា បានគូសបញ្ជាក់ថា សព្វថ្ងៃមានក្រុមហ៊ុនផលិតទឹកសុទ្ធ និងភេសជ្ជៈមួយចំនួនបានចាប់ផ្ដើមទិញយកកាកសំណល់ ដែលជាសំបកដប និងសំបកកំប៉ុងប្លាស្ទិក ដែលខ្លួនបានផលិតប្រមាណ២ពាន់តោន សម្រាប់កែច្នៃសម្រាប់ប្រាស់វិញផងដែរ។
ក្នុងនាមក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ចង់ឱ្យក្រុមហ៊ុនផ្សេងៗទៀតគួរតែមានការទទួលខុសត្រូវក្នុងការអនុវត្តការងារនេះ ដែរ។ គួរឱ្យដឹងថា គោលការណ៍ 3R ដែលជាគោលការណ៍រួមទាំង៣ ក្នុងការកាត់បន្ថយ ការប្រើប្រាស់ ផលិតផលប្លាស្ទិក រួមមានទី ១៖ ការកាត់បន្ថយ (Reduce), ទី២៖ ការប្រើប្រាស់ឡើងវិញ (Reuse) និងទី៣៖ ការកែច្នៃឡើងវិញ (Recycle)។
នៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំ នៅព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២ នៅក្នុងកិច្ចប្រជុំពេញអង្គទី៥ ស្តីពី ការតភ្ជាប់គម្លាតរចនាសម្ព័ន្ធ 3R ឆ្ពោះទៅរកសង្គមគ្មានសំណល់ និងសេដ្ឋកិច្ចវិលជុំ។ បណ្តាស្ថាប័នជាដៃគូ និងវិស័យឯកជននៅក្នុងប្រទេសកម្ពុជា បានធ្វើបទបង្ហាញទាក់ទងទៅនឹង៖១៖ ដំណើរការរួមនៃសំណល់ផ្សែងអ័ព្ទនៅក្នុងឡសម្ងួតស៊ីម៉ង់ត៍, ២៖ ការលើកកម្ពស់និរន្តភាពនៅក្នុងវិស័យឧស្សាហកម្មវាយណភណ្ឌ និងកាត់ដេរ, ៣៖ ការលើកកម្ពស់ជាសាធារណៈដើម្បីទន្លេមេគង្គគ្មានប្លាស្ទិកនៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ដោយផ្អែកលើគោលការណ៍ 3R និងការសម្អាតដងទន្លេរបស់សហគមន៍ និងការធ្វើជីកំប៉ុស្ត និង៤៖ ការលើកកម្ពស់វិធានការសេដ្ឋកិច្ចវិលជុំឆ្ពោះទៅរកសង្គមគ្មានសំណល់ (បទពិសោធន៍ការគ្រប់គ្រងប្លាស្ទិកនៅកម្ពុជា)។
ដោយឡែកនៅក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំវេទិកាកម្រិតខ្ពស់ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វ៊ិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចវិលជុំ នៅព្រឹកថ្ងៃដដែលនេះ នៅក្នុងកិច្ចប្រជុំពេញអង្គទី៦ ផ្តោតទៅលើជម្រើសមេត្រីភាពបរិស្ថានចំពោះផលិតផលប្លាស្ទិកដែលប្រើប្រាស់បានតែម្តង (Single-used plastic)។ ភាគីកម្ពុជាធ្វើបទបង្ហាញផ្តោតទៅលើ១៖ ការអនុវត្តគោលការណ៍ 3R នៅកម្ពុជា និង២៖ ការអនុវត្តវិធានការស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិក និងពង្រឹងការគ្រប់គ្រងសំណល់ប្លាស្ទិក (វិធានការរយៈពេលខ្លី)៕