(ភ្នំពេញ)៖ លោក អ៊ាង ស៊ីផាន អភិបាលខណ្ឌច្បារអំពៅ បានបញ្ជាឲ្យមន្ត្រីជំនាញ របស់សាលាខណ្ឌ និងអាជ្ញាធរសង្កាត់ព្រែកថ្មី ចុះទៅហាមឃាត់សកម្មភាពកម្មករសំណង់ជីកដី ធ្វើរបងដីរបស់ដីនៅជាប់ផ្លូវព័ទ្ធរំលោភ យកដីផ្លូវសាធារណៈដោយបំពានធ្វើអោយប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងអ្នកដំណើរដទៃទៀត ដែលកំពុងប្រើប្រាស់ផ្លូវនេះ។
យោងតាមប្រភពព័ត៌មានពីលោក ស្រេង គឹមស្រ៊ន ប្រធានការិយាល័យអន្តរវិស័យសាលាខណ្ឌ ច្បារអំពៅបានឲ្យដឹងថា នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦កន្លងទៅនេះមន្ត្រីចម្រុះរបស់សាលាខណ្ឌច្បារអំពៅ បានទទួលបញ្ជាពីលោក អ៊ាង ស៊ីផាន អភិបាលនៃគណៈអភិបាលខណ្ឌឲ្យចុះទៅផ្អាកសកម្មភាព ក្រុមជាងសំណង់ ដែលកំពុងជីករណ្ដៅដាំបង្គោលរបងព្រំដី លើដីផ្លូវសាធារណៈ ស្ថិតនៅជាប់របងខាងកើតវត្តគល់ទទឹង សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដោយបំពានច្បាប់ទាំងស្រុង។
លោកប្រធានការិយាល័យបានបន្តថា ពេលកម្លាំងចម្រុះចុះមកដល់គឺបានឃើញក្រុមកម្មករសំណង់កំពុងធ្វើសកម្មភាពជីករណ្តៅលើផ្លូវសាធារណៈ ដែលផ្លូវនេះមានទទឹង១៥ម៉ែត្រ ហើយប្រជាពលរដ្ឋកំពុងធ្វើដំណើរដឹកជញ្ជូនកសិផលចេញពីចម្ការដើម្បីយកទៅលក់នៅទីផ្សារជារៀងរាល់ថ្ងៃ។
លោក ស្រេង គឹមស្រ៊ន បានបន្តទៀតថាក្រុមចម្រុះដែលចុះមកផ្អាកសកម្មភាពជីករណ្តៅលើដីផ្លូវសាធារណៈនេះគឺដឹកនាំដោយលោកប៊ូ វឌ្ឍនា នាយករងរដ្ឋបាលសាលាខណ្ឌច្បារអំពៅដែលបានទទួលបញ្ជាពីលោកអភិបាលខណ្ឌឲ្យចុះមកផ្អាកសកម្មភាពជីករំលោភលើផ្លូវសាធារណៈទាំងកំរោលនិងបំពានច្បាប់ទាំងស្រុង ហើយអ្នកនៅពីក្រោយរឿងរំលោភយកផ្លូវសាធារណៈនេះគឺត្រូវទទួលទោសតាមផ្លូវច្បាប់ដោយពុំអត់ឱនឲ្យបានឡើយ។
លោកប្រធានការិយាល័យបានបន្តថា ផ្លូវនេះត្រូវបានលោកអភិបាលខណ្ឌទទួលស្គាល់ថាជាផ្លូវមានសារសំខាន់បំផុតសម្រាប់ឲ្យប្រជាពលរដ្ឋធ្វើដំណើរបានងាយស្រួលព្រោះមានទទឹងដល់ទៅ១៥ម៉ែត្រ ហើយបច្ចុប្បន្នប្រជាពលរដ្ឋកំពុងស្នើសុំឲ្យអាជ្ញាធរខណ្ឌដាក់បង្គោលភ្លើងបំភ្លឺផ្លូវសម្រាប់ឲ្យប្រជាពលរដ្ឋបានធ្វើដំណើរមានសុវត្ថិភាពនៅពេលយប់។
ក្នុងប្រតិបត្តិការណ៍ចុះទប់ស្កាត់សកម្មភាពជីករំលោភយកផ្លូវសាធារណៈនេះ ក្រុមចម្រុះបានដកហូតចបកាប់ចំនួន៥ និងប៉ែលចំនួន១យកមករក្សាទុកនៅសាលាខណ្ឌដើម្បីបញ្ឈប់សកម្មភាពល្មើសច្បាប់បន្តទៀត។ តាមការស្រាវជ្រាវរបស់អាជ្ញាធរគឺអ្នកដែលបញ្ជាឲ្យកម្មករជីករំលោភយកដីផ្លូវសាធារណៈនេះគឺមានឈ្មោះជុំ ភិរុណ ជាមន្ត្រីនគរបាលមានឋានៈវរសេនីយ៍ទោបម្រើការងារនៅនាយកដ្ឋានអង្គរក្សក្រសួងមហាផ្ទៃ។
ពាក់ព័ន្ធព័ត៌មានខាងលើ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ភ្នាក់ងារfresh news មិនអាចធ្វើការទាក់ទងសុំការបំភ្លឺពីភាគីលោកជុំ ភិរុណ បានឡើយ ព្រោះមិនមានលេខទូរស័ព្ឌសំរាប់ធ្វើការទាក់ទង។
ប្រជាពលរដ្ឋក៏ដូចជាអ្នកធ្វើដំណើរ ដែលប្រើប្រាស់ផ្លូវខាងលើនេះបានសម្តែងការអរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅ ដែលបានបញ្ជាឲ្យបញ្ឈប់សកម្មភាពរំលោភលើផ្លូវសាធារណៈខាងលើនេះ។
គួរបញ្ជាក់ថាផ្លូវនេះគឺបានមកពីការអំពាវនាវដ៏ទទូចពីលោកអភិបាលខណ្ឌច្បារអំពៅនិង គណៈពង្រឹងប្រចាំខណ្ឌដែលចង់ឲ្យមានផ្លូវធំខ្វាត់ខ្វែងក្នុងមូលដ្ឋានដើម្បីងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕