(តាកែវ)៖ លោកឧត្តមសេនីយ៍ទោ​ ឈាង​ ផាន់ណារ៉ា​ ស្នងការនគរបាលខេត្តតាកែវ​ នៅព្រឹកថ្ងៃសុក្រ ទី១០ ខែមករា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំពង្រឹងការងារសន្តិសុខ​ សណ្តាប់ធ្នាប់សាធារណ:​ និងសុវត្ថិភាពសង្គម​ នៅអធិការដ្ឋាននគរបាលស្រុកទ្រាំង​ និងអធិការដ្ឋាននគរបាលស្រុកត្រាំកក់​។

កិច្ចប្រជុំនេះក៏មានការចូលរួមពីស្នងការរង​ទទួលផែនពាក់ព័ន្ធ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ​ធ្ងន់-ស្រាល​ លោកអធិការ អធិការរង​ លោកនាយ​ នាយរងផ្នែក​ លោកនាយ​ នាយរងប៉ុស្តិ៍​ និងមន្ត្រី​ពាក់ព័ន្ធ​ នៃអធិការដ្ឋាននគរបាលស្រុកទ្រាំង​ និងស្រុកត្រាំកក់។

​បន្ទាប់ពីស្តាប់របាយការណ៍របស់លោកអធិការទាំងពីរស្រុករួចមក​ លោកឧត្តមសេនីយ៍ទោ​ស្នងការ​ បានដាស់តឿនដល់លោកស្នងការរង​ទទួលផែន​ ការិយាល័យជំនាញ​ ចុះប្រជុំពង្រឹងបន្ថែមដល់ជំនាញអធិការដ្ឋាន​ ប៉ុស្តិ៍នគរបាលរដ្ឋបាល​ ក្តាប់មុខសញ្ញាព្រហ្មទណ្ឌក្មេងទំនើង ល្បែងស៊ីសង​ ជាពិសេសមុខសញ្ញាបង្កការអុកឡុកគប់កញ្ចក់រថយន្ត ដោយត្រូវរៀបចំកម្លាំងល្បាតពួនស្ទាក់តាមផ្លូវជាតិ​ ផ្លូវខេត្ត​ ផ្លូវលំ​ និងភូមិសាស្រ្តស្មុគស្មាញ​។

ដោយឡែកការងារគ្រឿងញៀន​ ត្រូវនប្រើប្រាស់ភ្នាក់ងារផ្តល់ព័ត៌មាន​ ដើម្បីឈានទៅបង្រ្កាប​ និងត្រូវគ្រប់គ្រងមុខសញ្ញា ​(មុខសញ្ញាចែកចាយជួញដូរ​ និងមុខសញ្ញាប្រើប្រាស់)​។ លោកបានសង្កត់ធ្ងន់ថា​ ធ្វើជានគរបាលមិនត្រូវកាង​ ឬនៅពីក្រោយបទល្មើសគ្រឿងញៀនជាដាច់ខាត​ ដើម្បីចាត់វិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា​ និងមានប្រសិទ្ធភាព ដោយធានាឱ្យបានភាពសុខសាន្តជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

លោកបានណែនាំដល់លោកអធិការ​ ត្រូវរាយការណ៍ជូនលោកអភិបាលស្រុក​ និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក​ រៀបចំកម្លាំងចម្រុះ​ឆែកឆេរអាវុធជាតិផ្ទុះនៅតាមដងផ្លូវជាតិ​ ផ្លូវខេត្ត​ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ។

​ជាមួយគ្នានោះលោកស្នងការ​ បានណែនាំដល់លោកស្នងការរងទទួលផែន​ ការិយាល័យជំនាញ​ ត្រូវក្តាប់ឱ្យបានមុខសញ្ញាបង្ហោះសារជេរប្រមាថថ្នាក់ដឹកនាំ​ មុខសញ្ញាទំទាស់ដីធ្លី​ និងត្រូវយកចិត្តទុកដាក់គ្រប់គ្រងសកម្មភាពអង្គការ​ សមាគម​ គណបក្សនយោបាយ​ ចំពោះការងារចរាចរណ៍សណ្តាប់ធ្នាប់សារណ:​ ត្រូវបន្តជម្រុញការផ្សព្វផ្សាយអំពីច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក​ អប់រំណែនាំប្រជាពលរដ្ឋ​ឱ្យពាក់មួក​ ដាក់កញ្ចក់​បើក​បរត្រូវគោរពច្បាប់​ ដើម្បីកាត់បន្ថយគ្រោះថ្នាក់កើតឡើង។

​លោកស្នងការ ឈាង ផាន់ណារ៉ា បានណែនាំនគរបាល ត្រូវចលនាប្រជាពលរដ្ឋចូលរួមក្នុងការអនុវត្តគោលនយោបាយភូមិ​ ឃុំ​ សង្កាត់​ មានសុវត្ថិភាព​ ដោយត្រូវជំរុញធ្វើវេទិកាសាធារណ:​ ការផ្សព្វផ្សាយគោលនយោបាយ​ និងចងក្រងក្រុមប្រជាការពារ​ ដើម្បីកាត់បន្ថយបទល្មើសគ្រប់ប្រភេទ​ ក្នុងនោះបានណែនាំដល់លោកអធិការ​ លោកនាយប៉ុស្តិ៍​ ត្រូវជម្រុញការផ្តល់សេវាសាធារណ:​ សៀវភៅស្នាក់នៅ​ សៀវភៅគ្រួសារ​ ការងារផ្តល់អត្តសញ្ញាណប័ណ្ណ​ (ហួសសុពលភាព​ ខូច​ ខុស​ និងទើបគ្រប់អាយុ១៥ឆ្នាំ)។

​នាឱកាសនោះលោកស្នងការ​ បានណែនាំដល់លោកអធិការ​ ត្រូវប្រជុំណែនាំពង្រឹងវិន័យលេខ០០៦​ បបជ​ និងបទបញ្ជាផ្សេងៗ​ ឱ្យបានជ្រួតជ្រាបដល់មន្ត្រីក្រោមឱវាទ​ និងវិធានការផ្សេងៗរបស់ក្រសួងសុខាភិបាល​ ដើម្បីបង្ការទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដផងដែរ៕