(កោះកុង)៖ លោក ពេជ សោភ័ន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានអញ្ជើញសម្ពោធអាគារវិទ្យាស្ថានពហុ បច្ចេកទេសខេត្តកោះកុង និងប្រគល់សញ្ញាបត្រជូនដល់និសិ្សត ដោយមានការចូលរួមលោកស្រី មិថុនា ភូថង អភិបាលខេត្ត អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស នាយកវិទ្យាស្ថានពហុបច្ចេកទេស ខេត្តកោះកុង និងមន្ត្រីរាជការគ្រប់ស្ថាប័ន អង្គភាពរួមមាតាបិតានិសិ្សត និងនិសិ្សតចំនួន៤០០នាក់។

លោក ពេជ សោភ័ន បានថ្លែងថា ប្រទេសមានសន្តិភាព មានស្ថេរភាពទើបនិស្សិតមានចំណេះវិជ្ជា និងមានធនធានមនុស្ស ដើម្បីនិវឌ្ឍខ្លួនក្លាយជានិសិ្សតមាន ចំណេះដឹងហើយជាសសរទ្រូង នៃប្រទេសជាតិបន្តវេនពីព្រឹទ្ធាចារ្យ ដើម្បីអភិវឌ្ឍប្រទេសជាតិឲ្យមានភាពរីកចំរើនបន្ថែមទៀត។ និសិ្សតទាំងអស់ខិតខំបង្កើតធនធានមនុស្ស និងស្រាវជ្រាវស្វែងរកគន្លឹះល្អបន្ថែមទៀត ពីព្រោះប្រទេសជាតិ ត្រូវការអភិវឌ្ឍន៍ ឲ្យភាពរីកចំរើនទៅមុខជានិច្ច ពីជំនាន់មួយទៅជំនាន់មួយ ត្រូវការសន្តិភាពជូនជាតិ ជូនប្រជាជនមិនការសង្គ្រាមឡើយ។

លោក ពេជ សោភ័ន បានថ្លែងបន្តថា ប្រទេសមានសន្តិភាព សេ្ថរភាព គឺបានមកពីការដឹកនាំដ៍ឈ្លាវៃរបស់សម្តេចតេជោ ដែលសម្តេចខិតខំប្រឹងប្រែងគ្រប់កាលៈទេសៈ ដើម្បីប្រទេសជាតិ ដើម្បីប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍប្រទេសជាតិ ដើម្បីឆ្លើយតប និងផ្តល់ក្តីសង្ឃឹមជូនសម្តេចសិស្ស និស្សិត និងយុវជន បន្តប្រឹងអភិវឌ្ឍន៍សមត្ថភាពជំនាញរបស់ខ្លួន អភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើនបន្ថែម ហើយឈានចាប់យកឱកាសទីផ្សារការងារទទួលបានប្រាក់ ចំណូលច្រើន ជៀសជាងការងារប្រើកម្លាំងពលកម្ម ពីព្រោះប្រព័ន្ធបច្ចេកវិទ្យាកំពុងផ្លាស់ប្តូរឆាប់រហ័ស និងកាន់តែទំនើប។

អ្នកអង្គម្ចាស់បណ្ឌិត ស៊ីសុវត្ថិ ឬទ្ធីរ៉ាវង្ស បានលើកឡើងថា អត្រាសិស្ស និស្សិត មានការងារធ្វើ បន្ទាប់ពីបញ្ចប់ការសិក្សារយៈពេល៣ខែ មានការងារធ្វើ៨៥ភាគរយ ដោយមានដៃគូសហប្រតិបត្តិការ ជាមួយក្រុមហ៊ុន និងសហគ្រាសរង់ចាំទទួលចូលធ្វើការ។ មុននឹងក្លាយជាវិទ្យាស្ថាន គឺមជ្ឈមណ្ឌលវិជ្ជាជីវៈខេត្តកោះកុង បានផ្តល់បណ្តុះបណ្តាលជំនាញអគ្គិសនី អេឡិចត្រូនិច សំណង់ និងកំព្យូទ័រ បានផ្តល់ចំណេះដឹងកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្ររងជូនដល់សិស្សនិស្សិតសរុបជាង២ម៉ឺននាក់/ស្រ្តី១ម៉ឺននាក់៕