(ភ្នំពេញ)៖ បន្ទាប់ពីខិតខំហ្វឹកហ្វឺនរយៈពេល១ខែមក យ៉ាងយកចិត្តទុកដាក់សិក្ខាកាមកងយោធពលខេមរភូមិន្ទផង និងក្រសួងមហាផ្ទៃ ចំនួន៣០នាក់ ក្នុងនោះមាននារី២នាក់ បានបញ្ចប់វគ្គហ្វឹកហ្វឺនជំនាញបោសសំអាត គ្រឿងផ្ទុះសម្រាប់ប្រតិបត្តិការរក្សាសន្តិភាពអង្គការសហប្រជាជាតិ ក្រោមកិច្ចសហប្រតិបត្តិការ និងហិរញ្ញប្រទានពីសាធារណរដ្ឋបារាំង។
វគ្គហ្វឹកហ្វឺននេះ ដើម្បីផ្តល់ចំណេះដឹងថ្មីៗថែមទៀត និងបំពេញបន្ថែមចំនុចខ្វះខាត សម្រាប់បង្កើនសមត្ថភាពដល់កម្លាំងមួកខៀវ ឱ្យយលល់ដឹងពីនីតិវិធីបោសសំអាតគ្រឿងផ្ទុះមូលដ្ឋានក្នុងការសម្រេចបេសកកម្មទាំងថ្នាក់ជាតិ និងបេសកកម្មអង្គការសហប្រជាជាតិ។
ពិធីបិទបញ្ចប់វគ្គហ្វឹកហ្វឺនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពនាយឧត្តមសេនីយ៍ ប៉ុល សារឿន ទេសរដ្ឋមន្រ្តីទទួលបន្ទុកការងារបញ្ជូនកងកម្លាំង, លោក ហ្សាក ពើឡេ (Jacques Pellet) ឯកអគ្គរដ្ឋទូតបារាំង ប្រចាំកម្ពុជា, នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ ព្រមទាំងគ្រូជាយោធាចារ្យជនជាតិបារាំង ព្រមទាំងថ្នាក់ដឹកនាំមជ្ឈមណ្ឌលជាតិ។
ទេសរដ្ឋមន្ត្រី ប៉ុល សារឿន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការយកចិត្តទុកដាក់ខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសំអាតមីន និងកាកសំណល់សង្គ្រាម បណ្តាស្ថាបន័ពាក់ព័ន្ធគណៈកម្មការដឹកនាំវគ្គ យោធាចារ្យជាតិ-អន្តរជាតិ និងសិក្ខាកាមទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្តប្រាជ្ញាស្មារតី ទទួលខុសត្រូវក្នុងការរៀបចំកម្មវិធីសិក្សាខ្លឹមសារមេរៀន ឯកសារ ដឹកនាំគ្រប់គ្រង បង្រៀន និងរៀនធ្វើឱ្យវគ្គហ្វឹកហ្វឺននេះ បានដំណើរការតាមផែនការកំណត់។
នាឱកាសនេះដែរ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា, ទេសរដ្ឋមន្ត្រី ប៉ុល សារឿន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋបារាំង ដែលជាមិត្តភ័ក្តជិតស្និតរបស់កម្ពុជាក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍនៅកម្ពុជា ក៏ដូចជាគាំទ្រដល់សកម្មភាពមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ។ ក្នុងវិស័យកងទ័ពបារាំង បានសហការល្អជាមួយកងយោធពលខេមរភូមិន្ទ ជួយឧបត្ថម្ភគាំទ្រទាំងកម្លាំងកាយចិត្តប្រាជ្ញាស្មារតី និងសម្ភារៈជាច្រើន ដើម្បីធ្វើទំនើបកម្មក្នុងការបណ្តុះបណ្តាលរបស់កងយោធពលខេមរភូមិន្ទ។
លោកបានគូសបញ្ជាក់ថា ជាក់ស្ដែង ភាគីបារាំងក៏បានជួយឧបត្ថម្ភឧបករណ៍សម្ភារៈគ្រឿងបំពាក់ និងយោធាចារ្យ ដើម្បីហ្វឹកហ្វឺនលើជំនាញបោសសំអាតគ្រឿងផ្ទុះ ដល់កងទ័ពកម្ពុជា ឱ្យកាន់តែមានសមត្ថភាពក្នុងការបំពេញបេសកកម្ម របស់អង្គការសហប្រជាជាតិ ពិសេស បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងមូលធនបញ្ញា របស់កងយោធពលខេមរភូមិន្ទ ដែលជាកត្តាគន្លឹះក្នុងការកសាង អភិវឌ្ឍ និងធានាសមត្ថភាពប្រកួតប្រជែងរបស់កងទ័ពកម្ពុជាក្នុងសហគមន៍តំបន់ និងពិភពលោក។
នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ អគ្គនាយករងមជ្ឈមណ្ឌលជាតិ បានឱ្យដឹងថា គិតចាប់ពីឆ្នាំ២០០៦ រហូតមកដល់បច្ចុប្បន្ន កម្ពុជាបានបញ្ជូនកម្លាំងចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អ.ស.ប សរុបចំនួន ៨,៨៥៩នាក់ ក្នុងនោះមាននារីចំនួន៦៨១ លើជំនាញបោសសំអាតមីន វិស្វកម្ម សំណង់ផ្តេក-បញ្ឈរ អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ វិស្វកម្មព្រលានយន្តហោះ កំទេចគ្រាប់មិនទាន់ផ្ទុះ នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា ទៅកាន់បេសកកម្មចំនួន១១ ក្នុងប្រទេសចំនួន៩ មានជាអាទិ៍ សាធារណរដ្ឋស៊ូដង់ ស៊ូដង់ខាងត្បូង ឆាដ អាហ្វ្រិកកណ្តាល លីបង់ ម៉ាលី ស៊ីរី សាយប្រឺស និងយេមែន។ បច្ចុប្បន្នកម្លាំងកម្ពុជាចំនួន ៧៨៨នាក់ ក្នុងនោះនារីចំនួន ១៣០នាក់ កំពុងបំពេញបេសកកម្មនៅប្រទេសចំនួន៤ រួមមាន សាធារណរដ្ឋស៊ូដង់ខាងត្បូង លីបង់ អាហ្វ្រិកកណ្តាល និងម៉ាលី
លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបញ្ជាក់ថា ភាពជោគជ័យនេះ ស្តែងចេញពីការចូលរួមចំណែកជួយឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ពីបណ្តាប្រទេសតូច-ធំ ដែលស្នេហាសន្តិភាព និងចង់បានសន្តិភាព។ ជាក់ស្តែងគិតចាប់ពីឆ្នាំ២០០៩ រហូតមកដល់បច្ចុប្បន្ននេះ ភាគីបារាំងបានផ្តល់វគ្គហ្វឹកហ្វឺនដល់សិក្ខាកាមនៃកងយោធពលខេមរភូមិន្ទទាំងក្នុង និងក្រៅប្រទេសសរុបចំនួន ៨០វគ្គ ដែលមានសិក្ខាកាម ១,៧៩៤នាក់ លើជំនាញបោសសំអាតមីន កម្ទេចយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ (EOD) ប្រឆាំងបន្សាបគ្រឿងផ្ទុះកែច្នៃ (IED) វគ្គនាយទាហានសេនាធិការ សង្កេតការណ៍យោធា វគ្គ GPS បំប៉នផ្នែក Computer សង្គ្រោះបឋម អាវុធហត្ថ ដឹកជញ្ជូនគ្រឿងផ្ទុះ បំប៉នផ្នែកភាសាបារាំង។ល។ សំដៅបង្កើត និងពង្រឹងធនធានមនុស្សឱ្យមានចំណេះជំនាញ និងវិជ្ជាជីវៈពិតៗ សម្រាប់ឆ្លើយតបទៅនឹងស្ថានការណ៍ប្រឈមនានា ក្នុងតំបន់បេសកកម្ម ដែលកម្ពុជាត្រូវធ្វើការចល័ត។
លោកឧត្តមសេនីយ៍ទោ ប្រាក់ សុទ្ធ បានបន្ថែមថា វគ្គហ្វឹកហ្វឺនជំនាញបោសសំអាតគ្រឿងផ្ទុះ គឺជាការឆ្លើយតបនឹងវិធានការកែតម្រូវឱ្យប្រសើរមួយចំនួនរបស់ អគ្គលេខាធិការ អ.ស.ប សំដៅពង្រឹងបេសកកម្មរក្សាសន្តិភាពឱ្យកាន់តែមានប្រសិទ្ធភាព និងដើម្បីបញ្ចៀសហានិភ័យឱ្យបានជាអតិបរមា។ ក្នុងនោះ អ.ស.ប បានសង្កត់ធ្ងន់លើការហ្វឹកហ្វឺន បង្កើនសមត្ថភាព និងការយល់ដឹងរបស់កងទ័ពមួកខៀវ ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលា និងប្រសិទ្ធភាពទៅនឹងតម្រូវការរបស់បេសកកម្មដែលខ្លួននឹងត្រូវអនុវត្ត ពិសេសការការពារជនស៊ីវិល ពីអំពើហិង្សានានាដែលជាតួនាទីចម្បងរបស់កម្លាំងរក្សាសន្តិភាព ក្នុងគ្រប់តំបន់បេសកកម្ម។
បើតាមយោធាចារ្យរបស់បានរាំង បានគូសបញ្ជាក់ថា សិក្ខាកាមដែលបញ្ចប់វគ្គហ្វឹកហ្វឺនបោសសម្អាតគ្រឿងផ្ទះនាពេលនេះនឹងក្លាយជាអ្នកដោះមីនដ៏ជំនាញផងដែរ និងកោតសសើរយ៉ាងខ្លាំងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបញ្ចូនកងកម្លាំងរបស់ខ្លួនចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព។
យោធាចារ្យរូបនេះ បានលើកឡើងថា ការចូលរួមរក្សាសន្តិភាព គឺភារកិច្ចដ៏ថ្លៃថ្នូរ និងទាមទារលើយោធាដែលអាចបំពេញការងារបានលើសពីអ្នកជំនាញធម្មតា។ យោធាត្រូវតែរស់នៅដោយមានឆន្ទៈ ធ្វើការដើម្បីសន្តិភាព និងលះបង់កម្លាំងកាយ សូម្បីតែជីវិតដូចនេះ គឺត្រូវទាមទារឱ្យមានការប្តេជ្ញាចិត្តដោយមិនរុញរា ជាពិសេសការហ្វឹកហ្វឺនជំនាញឱ្យបានច្បាស់លាស់៕