(ភ្នំពេញ)៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានថ្លែងនូវការកោតសរសើរ ចំពោះរដ្ឋបាលរាជធានីភ្នំពេញ ដែលបានបំពេញការងារបានយ៉ាងល្អ ក្នុងខែមករានេះ ពិសេស គឺការផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ប្រជាពលរដ្ឋជិត ១,៣០០គ្រួសារ នៅបុរីកីឡា របស់លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដែលនេះជាការទទួលខុសត្រូវខ្ពស់របស់អាជ្ញាធរ ហើយក៏ជាការវាយបក ចំពោះការឃោសនាភូតកុហក របស់ពួកអគតិមួយចំនួនផងដែរ។

ការកោតសរសើរបែបនេះ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញបានធ្វើឡើង ក្នុងកិច្ច​ប្រជុំ​សាមញ្ញ​លើកទី​៤៥ របស់​ក្រុម​ប្រឹក្សា​រាជធានីភ្នំពេញ​អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព​លោក​ ម៉ប់​ សារិន​ ប្រធាន​កប្រឹក្សា​រាជធានីភ្នំពេញ​ និង​លោក កើត ឆែ​ អភិបាល​រងរាជធានី​ភ្នំពេញ តំណាងឲ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ​នាព្រឹក​ថ្ងៃ​ទី​១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅសាលារាជធានីភ្នំពេញ។

ប្រជាពលរដ្ឋជិត១,៣០០គ្រួសារ រស់នៅក្នុងអគារបុរីកីឡា ទាំង០៨ អគារនេះ មិនត្រឹមតែទទួលបានប័ណ្ណកម្មសិទ្ធិលើចំណែកឯកជនជូនពួកគាត់ប៉ុណ្ណោះទេ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នូវបានសម្រេចផ្តល់ការលើកលែងការបង់ពន្ធប្រថាប់ត្រា ពន្ធអចលនទ្រព្យ និងពន្ធអាករផ្សេងៗថែមទៀតផង ដោយពន្ធអាករទាំងនេះជាបន្ទុករបស់រដ្ឋ។

លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្នុងឱកាសនោះ ក៏បានសរសើរផងដែរ ចំពោះការខិតខំរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ដែលបានជំរុញគ្រប់មុខ សញ្ញាសាធារណការបានល្អប្រសើរ ធ្វើឲ្យរាជធានីភ្នំពេញមានសោភ័ណភាពស្រស់បំព្រង ពិសេសក្នុងការត្រៀមចូលរួម ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ខាងមុខនេះ។

លោក ម៉ប់ សារិន បានលើកឡើងទៀតថា កម្លាំងមានសមត្ថកិច្ច បានខិតខំប្រឹងប្រែងលើការបង្ការ ទប់ស្កាត់ និងបង្ក្រាបក្មេងទំនើង បាន៧៨ករណី ឃាត់ខ្លួនបាន១៣៦នាក់ នៅក្នុងខែមករានេះ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកសំណូមពរឲ្យសមត្ថកិច្ច លើកកម្ពស់ទប់ស្កាត់ រក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងរក្សាប្រពៃណី ក្នុងទិវានៃក្តីស្រឡាញ់១៤កុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ ឲ្យបានខ្លាំងខ្លាបន្ថែមទៀត។

លោកបន្តថា ចំពោះគ្រោះថ្នាក់អគ្គិភ័យក្នុងខែមករា ឆ្នាំ២០២៣នេះ បានកើតមាន១៩/៦ករណី កើន១៣លើក ។ លើករណីនេះ លោកសំណូមពរ អោយសមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ បង្ការប្រុងប្រយ័ត្នអោយបានខ្ពស់នៅរដូវប្រាំងនេះ។

ចំពោះគ្រោះអគ្គីភ័យនេះ លោក កើត ឆែ​ បានបញ្ជាក់ផងដែរថា លោក ឃួង ស្រេង បានណែនាំឲ្យសមត្ថកិច្ចអគ្គិភ័យ នាំយករថយន្តពន្លាត់អគ្គិភ័យមួយចំនួន នៅការិយាល័យនគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្រ្គោះនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានទីតាំងនៅខណ្ឌឬស្សីកែវ ជិតហ្គេនភ្នំពេញ មកដាក់នៅទីតាំងក្បែរវត្តបទុមវតីខណ្ឌដូនពេញ ដើម្បីងាយស្រួលក្នុងការជួយអន្តរាគមន៍ គ្រោះអគ្គិភ័យនេះ និងបានជំរុញឲ្យអាជ្ញាធរខណ្ឌ សមត្ថកិច្ចមូលដ្ឋានធ្វើការ ផ្សព្វផ្សាយអប់រំ ដើម្បីរួមគ្នា បង្ការប្រុងប្រយ័ត្ន ឲ្យបានខ្ពស់ចំពោះអគ្គិភ័យនៅរដូវប្រាំងនេះ៕