(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ លោក សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអញ្ចើញទៅទស្សន កិច្ចនៅតំបន់ទន្លេសេសាន ខេត្តស្ទឹងត្រែង ដើម្បីពិនិត្យមើលអំពីវឌ្ឍនភាព នៃគម្រោងសាង សង់ទំនប់វារីអគ្គិសនីសេសានក្រោម២ និងការសំអាតផ្ទៃបាតអាង របស់ក្រុមហ៊ុន Hydro Power Lower Sesan 2 Co,. Ltd។
បន្ទាប់ពីការចុះពិនិត្យឃើញជាក់ស្តែងនូវការវិវត្តន៍ នៃការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម ២ នេះរួចមក លោករដ្ឋមន្រ្តីបានលើកឡើងថា ពិតណាស់ ការសាងសង់ទំបន់វារីអគ្គិសនីវាពិត ជាប៉ះពាល់ទៅដល់ការរស់នៅមួយផ្នែករបស់ប្រជាជនក្នុងតំបន់ ប៉ុន្តែកម្ពុជាត្រូវការជាចាំបាច់ឱ្យមានថាមពលអគ្គិសនី ដែលជារបស់ខ្លួន ដើម្បីអាចធានាបាននូវភាពរឹងមាំនៃខឿនសេដ្ឋកិច្ច និងសន្តិសុខជាតិ ព្រមទាំងធានាបាននូវសុវត្ថិភាពថាមពលជូនប្រជាពលរដ្ឋ។
ជាមួយគ្នានេះ លោករដ្ឋមន្រ្តី ក៏បានសំណូមពរដល់ក្រុមហ៊ុន ធ្វើយ៉ាងណាសូមឱ្យមានការគិតគូបន្ថែមទៀត ទៅលើជីវភាពរបស់ ប្រជាពលរដ្ឋដែល រស់នៅក្នុងតំបន់នោះ ដោយក្រុមហ៊ុនអាចផ្តល់ជូននូវថាមពលអគ្គិសនីទៅដល់ ប្រជាសហគមន៍ប្រើប្រាស់ ក្នុងការកែច្នៃផលិតផលកសិកម្មរបស់ពួកគាត់ ដែលនេះគឺជាការរួម ចំណែកជួយឱ្យជីវភាពប្រជាសហគមន៍កាន់តែមានភាពប្រសើឡើង។ ទន្ទឹមនឹងនោះលោករដ្ឋមន្រ្តី ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការអនុវត្តគម្រោងរបស់ក្រុមហ៊ុនដែលបាន ធ្វើឡើងទៅតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងស្របតាមការណែនាំ របស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានឹងការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២នេះ កិច្ចខិតខំប្រឹងប្រែងក្នុងការថែរក្សាអភិរក្សព្រៃឈើ និងសត្វព្រៃក្នុងតំបន់នោះ ក៏ត្រូវបានអនុវត្តយ៉ាងម៉ឹងម៉ាត់ ដើម្បីធានាបាននូវកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រងធនធានធម្មជាតិ ការអភិរក្សជីវចម្រុះ និងការរស់នៅដោយចីរភាព៕