(ភ្នំពេញ)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន។

ការប្រកាសស្វាគមន៍ បានធ្វើឡើងនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ពេលលោកស្រីអនុញ្ញាតជូនអគ្គនាយិកាវិទ្យុមិត្តភាពកម្ពុជា-ចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងសហការី ចូលជួបនិងធ្វើបទសម្ភាសក្នុងឱកាសឆ្នាំមិត្តភាពកម្ពុជា-ចិន ឆ្នាំ២០២៣ ត្រូវនឹងខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

មន្ត្រីក្រសួងវប្បធម៌ បានបញ្ជាក់យ៉ាងដូច្នេះថា «លោកជំទាវបណ្ឌិតសភាចារ្យ សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះអ្នកទេសចរចិន ដែលជ្រើសរើសកម្ពុជាជាគោលដៅនៃដំណើរទស្សនកិច្ចរបស់ខ្លួន ខណ:ពេលថ្មីៗនេះរដ្ឋាភិបាលចិនបានអនុញ្ញាតអោយមានសកម្មភាពទេសចរណ៍ចេញក្រៅប្រទេសឡើងវិញ បានផ្តល់នូវកាលានុវត្តភាពដល់បណ្តាប្រទេសគោលដៅនៅលើពិភពលោករួមទាំងកម្ពុជា ដូច្នេះសូមទទួលយកនូវភាពរីករាយនិងប្រកបដោយស្នាមញញឹម ដោយការអញ្ជើញមកដល់ព្រះរាជាណាចក្រនៃវប្បធម៌»

ក្នុងខ្លឹមសារនៃកិច្ចសម្ភាសខាងលើ លោកស្រីបណ្ឌិតសភាចារ្យ បានលើកឡើងពីទំនាក់ទំនងដ៏យូរលង់នៃប្រទេសទាំងពីរ និងបានលើកឡើងពីវប្បធម៌និងសិល្បៈ បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

ក្នុងកិច្ចសម្ភាសនេះដែរ លោកស្រីបណ្ឌិតសភាចារ្យ ក៏បានថ្លែងការចាប់អារម្មណ៍ខ្ពស់ចំពោះការលើកឡើង របស់លោក Xi Jinping ប្រធានរដ្ឋចិន ដែលបានសង្កត់ធ្ងន់ម្តងហើយម្តងទៀតអំពីទំនុកចិត្តនៃវប្បធម៌របស់ប្រជាជាតិ ហើយតែងតែតស៊ូមតិអំពីតម្រូវការ ដើម្បីលើកកម្ពស់ «ភាពចម្រុះនៃអរិយធម៌របស់មនុស្សជាតិ»។

ម្យ៉ាងវិញទៀតក្នុងក្របខណ្ឌទ្វេភាគីនៃវិស័យវប្បធម៌និងសិល្បៈ ប្រទេសទាំងពីរនឹងបន្តខិតខំពង្រឹង និងពង្រីកនូវកិច្ចសហប្រតិបត្តិការក៏ដូចជាការសាកល្បងថ្មីនូវផ្នែកខ្លះរួមមាន៖

*ជម្រុញការប្រែក្លាយកម្ពុជាជាទឹកដីស្វាគមន៍សម្រាប់ការថតខ្សែភាពយន្តពីសំណាក់ផលិតករបរទេស ក៏ដូចជាផលិតករចិន អាចមកផលិតខ្សែភាពយន្តរបស់ខ្លួន ជាពិសេសខ្សែភាពយន្តបរទេសដែលមានការបញ្ចូលនូវវប្បធម៌ ប្រពៃណីខ្មែរ

*សហការបណ្តុះបណ្តាលលើជំនាញដែលមានស្រាប់ប្រកបដោយនិរន្តរភាព(ជំនាញដូនតា)

*បណ្តុះបណ្តាលការប្រើប្រាស់បច្ចេកវិទ្យាលើវិស័យវប្បធម៌និងសិល្បៈសម្រាប់ព្រឹត្តិការណ៍ធំៗ បន្ថែមលើតម្លៃវប្បធម៌ដែលមានស្រាប់៕