(ភ្នំពេញ)៖ លោក ហេង សួរ បានជំរុញដល់ថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទាំងអស់បន្តយកចិត្តទុកដាក់ការពារនូវសិទ្ធ សេចក្តីថ្លៃថ្នូរ និងអត្ថប្រយោជន៍ជូនដល់ បងប្អូនកម្មករនិយោជិតទាំងក្នុង និងក្រៅប្រទេសឱ្យបានល្អប្រសើរ។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ លើការចូលរួម និងវប្បធម៌នៃការចែករំលែក ដើម្បីចូលរួមចំណែកក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តយុវជនក្នុងបុព្វហេតុជាតិមាតុភូមិ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការស្តារឡើងវិញនូវសេដ្ឋកិច្ចជាតិពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ សំដៅចូលរួមស្តារ និងជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។
លោក ហេង សួរ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបែបនេះ ក្នុង កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)ដល់សមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាល្ងាចថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ប្រមាណ២៥០នាក់។
ក្នុងឱកាសនោះ លោក ហេង សួរ បានកោតសរសើរ ចំពោះថ្នាក់ដឹកនាំ ក៏ដូចជាមន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ ដែលជាសមាជិក សមាជិកា របស់ ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលការងារគួរជាទីមោទនៈ ជាពិសេសការចូលរួមអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ព្រមទាំងការចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការជាតិចាក់វ៉ាក់សាំង ជូនកម្មករនិយោជិតទាំងក្នុងក្របខណ្ឌអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំង និងក្រោមឆត្រកងទ័ព ជាមួយគ្នានេះ ក៏បានចូលរួមជំរុញការអនុវត្តវិធានការនានារបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ជាពិសេសការជួយឧបត្ថម្ភដល់ប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារទឹកជំនន់ និងបងប្អូនកងកម្លាំងសមត្ថកិច្ច ដែលបានចុះជួយផ្ទាល់នៅមូលដ្ឋាននាពេលកន្លងមកផងដែរ។
លោក ហេង សួរ គូសបញ្ជាក់ថា កន្លងទៅនេះ ស.ស.យ.ក. វិស័យបានសហការជាមួយ ស.ស.យ.ក. ថ្នាក់កណ្តាល ស.ស.យ.ក. រាជធានីភ្នំពេញ និងអង្គភាព ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងដៃគូសង្គម ក្នុងការអនុវត្តនូវសកម្មភាពចូលរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ-១៩, សកម្មភាពមនុស្សធម៌, ការអនុវត្តគម្រោង “I Care You” ដែលជាគម្រោងរបស់ ស.ស.យ.ក. វិស័យផ្ទាល់ និងសកម្មភាពផ្សេងៗទៀត ដែលទទួលបានលទ្ធផលជាទីគាប់ចិត្ត ហើយលទ្ធផលនេះពិតជាបានចូលរួមឆ្លើយតបទៅនឹងសកម្មភាពជាយុទ្ធសាស្រ្ត និងគោលបំណងរបស់ ស.ស.យ.ក.។
ទន្ទឹមនឹងនេះ លោក ហេង សួរ ក៏បានផ្តាំផ្ញើឱ្យសមាជិក សមាជិកា ស.ស.យ.ក. វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អនុវត្តឱ្យបានត្រឹមត្រូវនូវស្មារតីនៃលទ្ធផល សេចក្តីសម្រេចចិត្ត នៃមហាសន្និបាតតំណាងទូទាំងប្រទេសរបស់សហភាពសហព័ន្ធយុវជនកម្ពុជាឲ្យទទួលបានជោគជ័យផងដែរ។
គួរជម្រាបជូនថា ក្រៅពីផ្សព្វផ្សាយសេចក្តីសម្រេចចិត្តមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់ស.ស.យ.ក. អង្គប្រជុំ ក៏បានបូកសរុបលទ្ធផលការងារកន្លងមកដល់ឆ្នាំ២០២២ ដើម្បីដាក់ចេញនូវទិសដៅអាទិភាពសម្រាប់អនុវត្តការងារបន្តនៅឆ្នាំ២០២៣ ឱ្យស្របទៅនឹងផែនការសកម្មភាព និងទិសដៅការងាររបស់ ស.ស.យ.ក.៕