(ភ្នំពេញ)៖ វិទ្យាស្ថានសារគមនាគមន៍កម្ពុជា នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ផ្ដល់អាហាររូបករណ៍លើវគ្គបណ្ដុះបណ្ដាលស្តីពី «សិទិ្ធទទួលព័ត៌មាន» ដល់មន្ដ្រី បុគ្គលិក ក៏ដូចបណ្ដាញនានា ដើម្បីបញ្ជ្រាបការយល់ដឹងលើវិស័យព័ត៌មាន។
យោងតាមសេចក្ដីជូនដំណឹងដែល Fresh News ទទួលបាននៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា អាហារូបករណ៍នេះ ផ្ដល់ជូន១៥កន្លែង ដល់អ្នកសារព័ត៌មាន អ្នកបម្រើការក្នុងវិស័យព័ត៌មាន និងទំនាក់ទំនង ដើម្បីចូលរៀនវគ្គបណ្ដុះបណ្ដាលនេះ ចាប់ពីខែកក្កដា ឆ្នាំ២០១៦ ដល់ ខែកុម្ភៈ ឆ្នាំ២០១៧ ក្រោមការឧបត្ថម្ភពីទីភ្នាក់ងារ SIDA តាមរយៈអង្គការ UNESCO ភ្នំពេញ។
សេចក្តីជូនដំណឹង ក៏បានឲ្យដឹងផងដែរថា វគ្គបណ្ដុះបណ្ដាលនេះ បែងចែកជាពីរដំណាក់កាល ហើយតម្រូវឲ្យសិក្សាពីរសប្ដាហ៍ក្នុងមួយខែ ហើយមួយសប្តាហ៍សិក្សា៣ថ្ងៃ គឺថ្ងៃព្រហស្បត្តិ៍ សុក្រ និងថ្ងៃសៅរ៍។ ដំណាក់កាលទី១ ប្រព្រឹត្តទៅនៅខែកក្កដា ដល់ខែវិចិ្ឆកាឆ្នាំ២០១៦ សិក្ខាកាមនឹងសិក្សាអំពីជំនាញសិទ្ធិទទួលព័ត៌មាន ការសរសេរព័ត៌មានស៊ើបអង្កេត និងក្រមសីលធម៌សារព័ត៌មាន នៅក្នុងថ្នាក់ ហើយដំណាក់កាលទី២ ប្រព្រឹត្តទៅនៅខែវិចិ្ឆកា ដល់ខែកុម្ភៈ ឆ្នាំ២០១៧ សិក្ខាកាមនឹងចុះអនុវត្តផ្ទាល់ ដើម្បីផលិតអត្ថបទស៊ើបអង្កេត។
សម្រាប់អ្នកចង់សិក្សាក្នុងវគ្គបណ្តុះបណ្តាលនេះ អាចទាក់ទងសាកសួរព័ត៌មានលំអិត តាមទូរស័ព្ទលេខ០២៣ ៦៥១ ០៣៣៣/ ០៨៩ ៨៧ ៨៧ ៦៤ ឬសារអេឡិចត្រូនិច [email protected]៕