(ភ្នំពេញ)៖ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមគ្រូបង្រៀនខ្មែរឥស្លាម នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជេីញជួបសំណេះសំណាលជាមួយ គណៈអុីម៉ាំខេត្ត នាយកអប់រំគ្រូបង្រៀនខ្មែរឥស្លាម នាយករងខេត្ត នាយកស្រុក និងនាយកកម្រង ចំនួន៦៩នាក់ មកពីបណ្ដាខេត្តកំពត តាកែវ កែប ព្រះសីហនុ កោះកុង កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់។
ក្នុងឱកាសនោះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានរំលឹកថាក្នុងឆ្នាំ២០១៥ រាជរដ្ឋាភិបាលបានផ្ដល់គ្រូបង្រៀនក្របខណ្ឌខ្មែរឥស្លាមចំនួនប្រមាណ១,៥០០នាក់ ដែលនេះ គឺជាការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ របស់រដ្ឋាភិបាលកម្ពុជា ដល់សហគមន៍ឥស្លាម។
លោកបណ្ឌិតបន្តថា រាជរដ្ឋាភិបាល បានផ្ដល់សម្រាប់សហគមន៍ឥស្លាមកម្ពុជា ឲ្យមានឱកាសចូលរួមបម្រើការងារ នៅស្ថាប័នព្រឹទ្ធសភា រដ្ឋសភា និងក្នុងជួររដ្ឋាភិបាល ចាប់ពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ រហូតដល់ថ្នាក់មូលដ្ឋានជាច្រើនរូប។ សមិទ្ធផលទាំងនេះ មិនមែនកើតឡើងដោយខ្លួនឯងនោះទេ តែវាជាការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក្នុងនោះសហគមន៍ឥស្លាមក៏ជាចំណែកមួយផងដែរ ដែលបានប្ដេជ្ញាសាមគ្គីគ្នាជាធ្លុងមួយ ដើរតាមគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបណ្ឌិតបានសង្កត់ធ្ងន់ថា «គ្រូបង្រៀនក្របខ័ណ្ឌខ្មែរឥស្លាមគ្រប់រូប ត្រូវដឹងគុណតម្លៃដែលរដ្ឋាភិបាលកម្ពុជា បានផ្ដល់ឲ្យទាំងអស់គ្នា ដូច្នេះយើងទាំងអស់គ្នា ត្រូវស្រឡាញ់គាំទ្រ ប្រមុខរដ្ឋាភិបាលកម្ពុជា ដើម្បីបន្តទទួលបាន សុខសន្តិភាព ការអភិវឌ្ឃ និងសមិទ្ធផលផ្សេងៗទៀត»។
លោកបណ្ឌិត អូស្មាន ហាស្សាន់ បានផ្ដាំផ្ញើដល់អង្គប្រជុំទាំងអស់ឲ្យបន្តសហការ សាមគ្គីគ្នាជាធ្លុងតែមួយ ដើម្បីឲ្យវិស័យអប់រំឥស្លាមនៅកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនឡើង។
នៅរសៀលថ្ងៃដដែល លោកបានអញ្ជើញជួបសំណេះសំណាល ជាមួយគណៈអុីម៉ាំខេត្ត នាយកអប់រំគ្រូបង្រៀនខ្មែរឥស្លាមខេត្ត នាយករងខេត្ត នាយកស្រុក និងនាយកកម្រង ចំនួន៦២នាក់ផ្សេងទៀត មកពីបណ្ដាខេត្ត កំពង់ធំ កំពង់ចាម ព្រះវិហារ សៀមរាប បន្ទាយមានជ័យ ឧត្ដមានជ័យ បាត់ដំបង និងខេត្តប៉ៃលិន៕