(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងលោកស្រី ហ៊ុន ស៉ីណាត ប្អូនស្រីបង្កើតសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារមត្តេយ្យសិក្សា១ខ្នង ទំហំ៦ម៉ែត្រ គុណ៣០ម៉ែត្រ មាន៥បន្ទប់ជាអំណោយរបស់លោក ចិន សំណាង ម្ចាស់អំណោយហាងពេជ្រ CSNJ នៅរាជធានីភ្នំពេញ ផ្តល់ជូនសហគមន៍ជនជាតិភាគតិចនៅភូមិបរឡយ ឃុំកិចុង ស្រុកបរកែវ ដែលមានឈ្មោះថា «សាលាមតេយ្យសិក្សា ហ៊ុន ស៊ីណាត បរឡយ»។

លោក ចិន សំណាង ម្ចាស់អំណោយបានលើកឡើងថា លោកសព្វថ្ងៃកំពុងសិក្សានៅសហរដ្ឋអាមេរិក ដោយមើលឃើញការលំបាកបានកសាងសាលាមត្តេយ្យសិក្សាខាងលើនេះ ដើម្បីឲ្យក្មួយៗបានរៀនសូត្រ។

ថ្លែងក្នុងឱកាសនោះ លោកស្រី ហ៊ុន ស៊ីណាត និងលោក ញ៉ែម សំអឿន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលោក ចិន សំណាង ដែលបានបរិច្ចាកថវិកាផ្ទាល់ខ្លួនសង់អគារសិក្សាថ្មី រួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស។

អគារ «សាលាមត្តេយ្យសិក្សា ហ៊ុន ស៊ីណាត បរឡយ» នឹងជួយឲ្យក្មួយៗ ក្នុងសហគមន៍ជនជាតិនៅតំបន់នេះ ទទួលនូវចំណេះដឹងដូចក្មួយៗនៅតំបន់ដទៃទៀត។ ទន្ទឹមនោះ លោកបានសុំណូមពរទៅម្ចាស់អំណោយខាងលើ សូមជួយបន្តទៀតដើម្បីប្រែក្លាយតំបន់នេះ ឲ្យមានហេដ្ឋារចនាសម្ព័ន្ធប្រសើរឡើង។

ក្នុងថ្ងៃដដែលនេះ លោក ចិន សំណាង ក៏បាននាំអំណោយជូនរដ្ឋបាលខេត្តរតនគិរី រួមមាន៖ អង្ករ២តោន, ត្រីខ៥០កេស, ទឹកសុទ្ធ៥០កេស, ទឹកក្រូច២០កេស, ប្រេងខ្យល់១០០ខ្លង និងថវិកា៤លានរៀលផងដែរ៕