(កំពង់ធំ)៖ ក្រោយពីបានស្ដាប់ក្តីកង្វល់ដែលបានលើកឡើងរបស់ប្រជាពលរដ្ឋធ្លាប់អាស្រ័យផល នៅក្នុងគម្របព្រៃឆ្នាំ២០០២ ក្នុងនោះមានដីគំរបព្រៃឡង់ ដីគំរបព្រៃអង់តែន និងដីស្ថានីយ៍ស្តារឡើងវិញរួចមក លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងក្រុមការងារ នាថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានបើកវេទិការសាធារណៈផ្សព្វផ្សាយអំពីបញ្ហាដីធ្លីជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម ស្ថិតនៅឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ ។
លេីកឡេីងនាឱកាសនោះ លោក ងួន រតនៈ បានបញ្ជាក់ថាវេទិការនេះពិតជាមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ មានឱកាសលើកឡើងនូវទុកកង្វល់ បញ្ហាប្រឈម ក៏ដូចជាសំណូមពរនានា ជូនថ្នាក់ដឹកនាំ ដើម្បីស្វែងរកដំណោះស្រាយឲ្យបានល្អប្រសើរ ។
លោកបន្តទៀតថា កន្លងមកក្តីកង្វល់ប្រជាពលរដ្ឋដែលបានកាន់កាប់អាស្រ័យផលលើដីរដ្ឋចំណងផ្លូវច្បាប់និងមានការហាមឃាត់ពីមន្ត្រីជំនាញ ក្នុងនោះ អភិបាលខេត្តកំពង់ធំ បានផ្តល់នូវគោលការណ៍មួយចំនួនដល់មន្ត្រីជំនាញ មិនត្រូវចុះទៅរុះរើផ្ទះ បំផ្លាញដំណាំបងប្អូនទៀតទេ ត្រូវបន្តចុះពិនិត្យស្រាវជ្រាវប្រវត្តិដីបន្ថែមទៀត ដើម្បីពិនិត្យលទ្ធភាពដីដែលត្រូវកាត់ឆ្វៀលជូនប្រជាពលរដ្ឋ និងដីរដ្ឋត្រូវរក្សាទុកនាពេលអនាគត ហើយប្រជាពលរដ្ឋ ត្រូវមានភាពស្មោះត្រង់ និងហាមដាច់ខាត មិនមានការកាប់រុករានដីព្រៃបន្ថែមទៀតនោះទេ។ លើសពីនេះទៀត អាជ្ញាធរដែនដីត្រូវសហការជាមួយប្រជពលរដ្ឋ ផ្សព្វផ្សាយគោលនយោបាយដីធ្លីឲ្យបានទូលំទូលាយ និងមានភាពច្បាស់លាស់ ។
លោក ងួន រតនៈ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមកុំឲ្យមានការចាញ់បោកចំពោះបុគ្គលមួយចំនួនដែលតែងយកលេសថារត់ការដើម្បីបានចេញប្លង់កម្មសិទ្ធិឲ្យសោះ៕