(បាត់ដំបង)៖ លោក ឡាំ ហេងហួត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ តំណាងដ៏ខ្ពង់ខ្ពស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានជំរុញមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយ បន្តយកចិត្តទុកដាក់លើការងារគ្រោះមហន្តរាយ ហើយត្រូវធ្វើសកម្មភាពជួយប្រជាពលរដ្ឋរងគ្រោះឱ្យបានទាន់ពេលវេលា។
លោក ឡាំ ហេងហួត ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគ្រប់គ្រងគ្រោះមហន្តរាយ ឆ្នាំ២០២២ និងទិសដៅឆ្នាំ២០២៣ របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបាត់ដំបង នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ បានវាយតម្លៃ និងកោតសរសើរថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ក៏ដូចជាកងកម្លាំងប្រដាប់អាវុធ និងអាជ្ញាធរមូលដ្ឋាន ដែលបានប្រឹងប្រែងដោះស្រាយការលំបាក និងសង្គ្រោះប្រជាពលរដ្ឋនៅពេលជួបគ្រោះមហន្តរាយ។
លោក ឡាំ ហេងហួត បានលើកឡើងថា ការជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ និងដោះស្រាយការលំបាកពេលមានអាសន្ន និងគ្រោះធម្មជាតិផ្សេងៗ ជាស្មារតីដ៏មុតមាំ របស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ជាសេនាធិការរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
«ការងារគ្រោះមហន្តរាយនេះ ជារឿងចាំបាច់ណាស់សម្រាប់ប្រទេស ក៏ដូចលើពិភពលោក ព្រោះកត្តាធម្មជាតិមានការប្រែប្រួលកាន់តែខ្លាំង។ ដូច្នេះយើងត្រូវយកចិត្តទុកដាក់ ឱ្យបានខ្ពស់ ដើម្បីយើងជួយប្រជាពលរដ្ឋបានទាន់ពេលវេលាពេលមានគ្រោះធម្មជាតិវាយប្រហារ» លោក ឡាំ ហេងហួត បានក្រើនរំលឹក។
យោងតាមរបាយការណ៍របស់ លោក ផេង សិទ្ធី អភិបាលរងបាត់ដំបង បានឱ្យដឹងថា ក្នុងឆ្នាំ២០២២កន្លងទៅខេត្តបាត់ដំបង បានជួបប្រទះនិងគ្រោះមហន្តរាយធម្មជាតិមួយចំនួនដូចជា៖ ជំនន់ទឹកភ្លៀងបានធ្វើឱ្យប៉ះពាល់ផ្ទះប្រជាពលរដ្ឋចំនួន ៣៤,៨៥៩គ្រួសារ ដំណាំស្រូវប៉ះពាល់ ៥៣,៦៨២ហិកតា (ខូចខាត ២៨,៥០២ហិកតា) និងខ្យល់កន្ត្រាក់កើតឡើង ៦៥លើក បណ្តាលឱ្យខូចខាតផ្ទះប្រជាពលរដ្ឋ ៣៦៣ខ្នង។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ លោក ឡាំ ហេងហួត អមដំណើរដោយ លោកអគ្គលេខាធិការរង ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ទីរជំនាញពាក់ព័ន្ធ រួមនឹងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យស្ថានភាព នៃការដាំដុះដំណាំស្រូវរបស់កសិករដែលបានដាំដុះដំណាំស្រូវស្តារឡើងវិញ ក្រោយពីទទួលរងការខូចខាត ដោយសារទឹកជំនន់ទឹកភ្លៀងកាលពីចុងរដូវវស្សាឆ្នាំ២០២២ នៅឃុំរូងជ្រៃ និងឃុំព្រៃខ្ពស់ ស្រុកថ្មគោល ខេត្តបាត់ដំបង។
ក្នុងពេលចុះពិនិត្យ លោក ឡាំ ហេងហួត បានឱ្យដឹងថា តបតាមអនុសាសន៍របស់ នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ស្តីពីការត្រួតពិនិត្យលើផលប៉ះពាល់ដំណាំស្រូវ និងដំណាំរួមផ្សំ ដែលខូចខាតដោយសារទឹកជំនន់ គឺចាំបាច់ត្រូវពន្លឿន និងជំរុញនៃការបង្កបង្កើនផលរបស់ប្រជាពលរដ្ឋ។ បងប្អូនប្រជាកសិករបានសម្តែងនូវភាពសប្បាយរីករាយ យ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលជានិច្ចកាលតែងតែនៅជាប់ជាមួយប្រជាកសិករ។
តាមរយៈលទ្ធផលនៃការចុះពិនិត្យ និងជួបពិភាក្សាជាមួយកសិករ ជាក់ស្តែង ឃើញថា ដំណាំស្រូវបានដុះលូតលាស់ល្អ និងបានចាប់ផ្តើមប្រមូលផលជាបណ្តើរៗហើយ។ កសិករទទួលបានទិន្នផលស្រូវគិតជាមធ្យម គឺ៥តោនក្នុង១ហិកតា។
គួររំលឹកដែរថា កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ប្រជាកសិករក្នុងខេត្តបាត់ដំបង ចំនួន ១១,៥២៨គ្រួសារ ទទួលបានគ្រាប់ពូជស្រូវរបស់រាជរដ្ឋាភិបាលតាមរយៈប្រព័ន្ធស្បៀងបម្រុងកម្ពុជា ចំនួន ១,១៥២តោន សម្រាប់ធ្វើការដាំដុះស្តារឡើងវិញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕