(ភ្នំពេញ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរំលឹកនូវរឿងរ៉ាវមួយកាលពីពេលកន្លងទៅ ដែលធ្លាប់មានវិនិយោគិនបរទេស ស្នើសុំវិនិយោគដាំកញ្ឆានៅក្នុងមូលដ្ឋានខេត្តកំពង់ស្ពឺ ប៉ុន្ដែត្រូវបានលោកបដិសេធចោលនូវសំណើនោះ។
ក្នុងសន្និសីទសារព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ស្ដីពី «ភាពជោគជ័យរយៈពេល៥ឆ្នាំ របស់រដ្ឋបាលខេត្ដកំពង់ស្ពឺ» លោក វ៉ី សំណាង បានអះអាងថា ការបដិសេធនូវសំណើវិនិយោគដាំកញ្ឆានៅខេត្តកំពង់ស្ពឺនេះ ក៏ធ្វើឲ្យមានការថ្នាំងថ្នាក់ចិត្តដល់វិនិយោគិននោះដែរ ប៉ុន្ដែលោកថាគ្មានជម្រើសណាល្អ ក្រៅពីបដិសេធឡើយ ហើយកម្ពុជាក៏គ្មានច្បាប់អនុញ្ញាតនោះដែរ។
លោកអភិបាលខេត្តបានសង្កត់ធ្ងន់ទៀតថា សម្រាប់រដ្ឋបាលខេត្ដកំពង់ស្ពឺ គឺមិនស្វាគមន៍ឡើយចំពោះរាល់គម្រោងវិនិយោគទាំងឡាយ ដែលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ សូម្បីតែការផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង និងបារីជាដើម ក៏មិនឲ្យមានក្នុងមូលដ្ឋានខេត្តរបស់លោកនោះដែរ។
លោក វ៉ី សំណាង បានថ្លែងយ៉ាងដូច្នេះថា «មានអ្នកវិនិយោគមួយមកពីម៉ាឡេស៉ី ខឹងខ្ញុំ សុំដាំកញ្ឆាហើយខ្ញុំអត់ឲ្យ ហើយគាត់ខឹងខ្ញុំ។ ពីព្រោះប្រទេសខ្ញុំមិនទទួលឡើយ ពិសេសនៅខេត្ដកំពង់ស្ពឺ មិនទទួលយកការដាំកញ្ឆា និយាយរួមគ្រប់សារធាតុញៀន រាប់ទាំងបារី ស្រាបៀ សូម្បីតែផ្សាយក៏ត្រូវបានអនុញ្ញាតដែរ»។
លោកបានអះអាងថា ទាំងអស់នេះជាគោលការណ៍ដែលរដ្ឋបាលខេត្ដប្រកាន់ខ្ជាប់ ដើម្បីធ្វើឲ្យភូមិ ឃុំសង្កាត់ មានសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់ល្អ។
សម្រាប់ពាក់ព័ន្ធវិធានការទប់ស្កាត់ បង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទវិញ លោក វ៉ី សំណាង បានបញ្ជាក់អំពីការខិតខំប្រឹងប្រែងរបស់កងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ដើម្បីធានាដល់ប្រជាពលរដ្ឋ។ ជាក់ស្តែងបានបង្ក្រាបបទល្មើសព្រហ្មទណ្ឌនៅទូទាំងខេត្ត ចំនួន២៥២ករណី ស្មើនឹង៩៨%៕