(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នាព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងវិស័យម្ហូបអាហារ។
សិក្ខាសាលាផ្សព្វផ្សាយនេះ មានបទបង្ហាញសំខាន់ៗ ចំនួន៣ រួមមាន៖
(១)៖ បទបង្ហាញអំពីច្បាប់ ស្ដីពីសុវត្ថិភាពម្ហូបអាហារ
(២)៖ បទបង្ហាញអំពីអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌបែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារ និង
(៣)៖ បទបង្ហាញអំពីកិច្ចការហាឡាលនៅកម្ពុជា។
សិក្ខាសាលានេះ រៀបចំឡើងក្រោមអធិបតីភាព លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» ដោយមានការអញ្ជើញពីលោកបណ្ឌិត សួង ណយ អគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ ផលិតផល១ និង លោក លឹម ផារ៉ា អនុប្រធានសមាគមអ្នកផលិតចំណី អាហារកម្ពុជា ព្រមទាំងលោក លោកស្រី ជាប្រតិបត្តិករអាជីវកម្ម ម្ហូបអាហារ (សហគ្រាសធុនតូច និងមធ្យម ផលិតម្ហូបអាហារ) ជាច្រើនរូប។
សិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ មានគោលបំណងឲ្យប្រតិបត្តិករ អាជីវកម្មម្ហូបអាហារយល់ច្បាស់អំពី ច្បាប់ស្ដីពីសុវត្ថិភាព ម្ហូបអាហារ និងអនុក្រឹត្យ ស្ដីពីលក្ខខណ្ឌ បែបបទ និងនីតិវិធីនៃការអង្កេតដាន និងការដកហូតម្ហូបអាហារ ដែលតម្រូវឲ្យប្រតិបត្តិករអាជីវកម្ម ម្ហូបអាហារ ត្រូវអនុវត្តទាំងអស់គ្នា។
ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ បានកំណត់អំពីក្របខ័ណ្ឌ និងយន្តការសម្រាប់ការគ្រប់គ្រង និងធានាសុវត្ថិភាព គុណភាព អនាម័យ និងភាពស្របច្បាប់ នៃម្ហូបអាហារ ក្នុងគ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្មម្ហូប អាហារ ដើម្បីផ្តល់ការការពារសុខភាព និងសុវត្ថិភាពម្ហូប អាហារសម្រាប់អ្នកប្រើប្រាស់ និងធានាឲ្យមានការធ្វើពាណិជ្ជកម្ម ម្ហូបអាហារ ប្រកបដោយភាពស្មោះត្រង់។
ច្បាប់នេះ មានវិសាលភាព អនុវត្តចំពោះការគ្រប់គ្រងគុណភាពនិង សុវត្ថិភាពម្ហូបអាហារ ដែលគ្រប់ដណ្តប់ គ្រប់ដំណាក់កាល នៃខ្សែចង្វាក់ផលិតកម្មម្ហូប អាហារ និងលើអាជីវកម្មម្ហូបអាហារ នៅក្នុងកម្ពុជា។
ច្បាប់នេះ មានសារៈសំខាន់ ក្នុងការកំណត់គោលការណ៍ ជាមូលដ្ឋាន ដើម្បីជំរុញឲ្យផលិតផល ម្ហូបអាហារ មានសុវត្ថិភាព គុណភាព និងស្របតាមស្តង់ដាកំណត់ សំដៅធានាកម្រិត នៃការការពារអាយុជីវិត និងសុខភាពប្រជាពលរដ្ឋ ធានាប្រសិទ្ធភាព នៃការការពារ ផលប្រយោជន៍អ្នកប្រើប្រាស់ រួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ច្បាប់ស្ដីពីសុវត្ថិភាពម្ហូបអាហារ ត្រូវបានព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ឡាយព្រះហស្តលេខា ដាក់ឲ្យប្រើកាលពីថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២ តាមរយៈព្រះរាជក្រមលេខ នស/រកម/០៦២២/០០៦៕