(ស្វាយរៀង)៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានអញ្ជើញជួបសំណេះសំណាលជាមួយ បុគ្គលិកបម្រើការសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ មេការ នៃខេត្តស្វាយរៀង សរុប៥៦៨នាក់ នៅមន្ទីរគណបក្សខេត្តស្វាយរៀង នារសៀល ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។

ថ្លែងក្នុងឱកាសនោះ លោកស្រី ក៏បានផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយសេចក្តី នឹករឭកពីសំណាក់ពី សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់ គ្រប់បែបយ៉ាង ជាពិសេស បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្តទេសចរណ៍ មនុស្សពេញវ័យ ដែលបានអញ្ជើចូលរួមក្នុងថ្ងៃនេះ។

លោកស្រីបានបន្ថែមទៀតថា បច្ចុប្បន្ននេះប្រទេសជាតិមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានដឹកនាំប្រទេសកម្ពុជាឆ្ពោះទៅរកការអភិវឌ្ឍន៍គ្រប់វិស័យ។ រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ដោះស្រាយវិបត្តិជាប់គាំងក្នុងបរិការណ៍កូវីដ ដោយបានស្វះស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ និងឥតគិតពីនិន្នាការនយោបាយ តាមរយៈយុទ្ធសាស្ត្រ «អភិក្រមផ្ការីក» បានផ្ដល់ការឧបត្ថម្ភជាសម្ភារ និងថវិកាជូនដល់ប្រជាពលរដ្ឋដែលរងគ្រោះ។

ជាមួយគ្នានេះ លោកស្រីបានបន្ថែមថា ក្នុងអំឡុងពេលកូវីដនេះដែរ រាជរដ្ឋាភិបាលបានដាក់ចេញជាយុទ្ធសាស្ត្រជាច្រើន ដើម្បីស្តារស្ថានភាពសេដ្ឋកិច្ចប្រទេសជាតិ រហូតដល់បើកប្រទេសឡើងវិញ ដែលបានធ្វើឲ្យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ផ្នែកសេវាកម្សាន្ត រទេសចរណ៍ មានការងើបឡើងបន្តិច ក្នុងនោះក៏មានបងប្អូនបុគ្គលិកមួយចំនួនបាននឹងកំពុងបម្រើការនៅក្នុងវិស័យទាំងនោះផងដែរ ហើយអ្នកបម្រើសេវាក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅពេលនេះ ក៏មានការយកចិត្តទុក្ខដាក់ពីរាជរដ្ឋាភិបាលផងដែរ​ ។

សូមបញ្ជាក់ថា លោកស្រីបណ្ឌិត ​ក៏បាននាំយកថវិការបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់បុគ្គលិកបម្រើការងារសេដ្ឋកិច្ចក្រៅប្រព័ន្ធចំនួន៥៦៨នាក់ ក្នុងម្នាក់ទទួលបានថវិកា ៨ម៉ឺនរៀល៕