(ភ្នំពេញ)៖ នៅទីបំផុតផលិតកម្ម Rock បានសម្រេចចិត្ត បើកដំណើរការផលិតបទចម្រៀងឡើងវិញ ក្រោមការប្រសិទ្ធិនាមថ្មីថា«Rock Music» ដោយផ្ដោតសំខាន់ តែទៅលើការនិពន្ធ និងផលិតបទចម្រៀង «Original Song» មានគោលដៅវាយលុកទាំងទីផ្សារក្នុងប្រទេស និងទីផ្សារអន្តរជាតិ។ ផលិតកម្ម Rock បានបើកសម្ពោធដំណើរការជាផ្លូវការ នាល្ងាចថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅឯសណ្ឋាគារកាំបូឌីយ៉ាណា ដើម្បីផលិតបទចម្រៀង Original Song របស់ខ្លួន ចេញលក់ឡើងវិញ ក្រោមវត្តមានតារាប្រុស-ស្រីក្នុងផលិតកម្ម, អ្នកនិពន្ធជាជនជាតិខ្មែរ និងបរទេស ព្រមទាំងភ្ញៀវកិត្តិយស ជាច្រើនរូបទៀត។
លោក រ៉េនឌី ប្រធានទីផ្សាររបស់ផលិតកម្ម រ៉ក់ បានប្រាប់ឲ្យដឹងថា ដើម្បីអបអរការបើកសម្ពោធជាផ្លូវការ របស់ Rock Music គឺផលិតកម្មបានត្រៀម ចេញបទចម្រៀង១បទ តម្រូវឲ្យតារាចម្រៀង ក្នុងផលិតកម្មទាំង១៤រូបច្រៀងរួមគ្នា ដែលមានដូចជា កម្ពុជា, អាហ្វ្រិក, កូរ៉េ និងអាមេរិកជាដើម ។ បទចម្រៀងដំបូង របស់ Rock Music គឺជាប្រភេទបទចម្រៀង Hip Hop តម្រូវទីផ្សារទាំងកម្ពុជា ក៏ដូចជាក្រៅប្រទេសផងដែរ ។
លោកបន្តថា បើទោះជាផលិតកម្ម Rock Music សហការជាមួយដៃគូបរទេសក៏ដោយ ប៉ុន្តែ Rock Music មិនភ្លេចក្នុងការតែងនិពន្ធ បទចម្រៀងបែបប្រពៃណីខ្មែរឡើយ ពោលគឺក្នុង បុណ្យចូលឆ្នាំ,បុណ្យអ៊ុទូក,ឱកាសបុណ្យភ្ជុំបិណ្ឌ គឺផលិតកម្មក៏មានរៀបចំបទចម្រៀង តម្រូវទៅតាមពេលវេលា ដើម្បីថែរក្សាចង្វាក់ប្រពៃណីខ្មែរ និងចូលរួមឲ្យបងប្អូនខ្មែរទាំងអស់ បានរាំលេងកម្សាន្តផងដែរ។
ជំនួយការរបស់អ្នកឧកញ៉ា គិត ធៀង ដែលជាអគ្គនាយក លោក រ៉េនឌី បានបង្ហាញពីគោលបំណងធំរបស់ Rock Music ថា ផលិតកម្មមួយនេះ គឺមានគោលបំណងនិង ប្រកាន់ជំហរផលិតបទចម្រៀង Original Song ហើយបទរបស់ Rock Music មិនមែនវាយឡុកតែទីផ្សារក្នុងប្រទេសទេ គឺយើងមានគម្រោងវាយលុក ទៅលើទីផ្សារបរទេស (អន្តរជាតិ) ក្នុងន័យដើម្បីធ្វើឲ្យ ពិភពលោកស្គាល់ពីស្នាដៃកូនខ្មែរ ដែលមានប្រពៃណីវប្បធម៌ដ៏រុងរឿង ជាយូរលង់ណាស់មកហើយ៕