(ភ្នំពេញ)៖ នៅយប់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ មានហ្វេសប៊ុកមួយបានទម្លាយរឿងរសើបដើម្បីឲ្យមហាជនដឹងគឺថា លោក រ៉ុង ឈុន មានផែនការត្រៀមយកតំណែងកំពូលក្នុងគណបក្សភ្លើងទៀន ព្រោះលោកកំពុងមានទម្ងន់ និងទឹកមាត់ប្រៃនៅក្នុងគណបក្សនេះ ស្របពេលដែលលោក ទាវ វណ្ណុល ជាប្រធាន និងលោក សុន ឆ័យ អនុប្រធាន សុទ្ធតែមានសញ្ជាតិ២។
យោងតាមបណ្តាញសង្គម Facebook ឈ្មោះ ខ្ញុំជា សម រង្ស៉ី «យោងតាមមនុស្សជំនិតរបស់លោក រ៉ុង ឈុន បានលួចបង្ហើបឱ្យដឹងថា ក្រោយពីទទួលបានភាពជោគជ័យលើការរៀបចំ ធម្មយាត្រាពីភ្នំពេញទៅខេត្តពោធិ៍សាត់ ដោយប្រើឆ័ត្រសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ លោកគ្រូ រ៉ុង ឈុន ហាក់មានទម្ងន់ និងទឹកមាត់ប្រៃខ្លាំងនៅក្នុងគណបក្សភ្លើងទៀន ហើយត្រៀមយកតំណែងកំពូលក្នុងបក្សនេះ។
លោក រ៉ុង ឈុន សង្ឃឹមថា គាត់នឹងក្លាយជាបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ព្រោះក្នុងចំណោមមេដឹកនាំបក្សភ្លើងទៀននៅកម្ពុជា រួមមាន ទាវ វណ្ណុល ជាប្រធាន និងសុន ឆ័យ អនុប្រធានបក្សសុទ្ធតែមានសញ្ជាតិ ២ ដែលមិនអាចឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រីបានឡើយ។ ចំណែក ថាច់ សេដ្ឋា កំពុងជាប់ពន្ធនាគារ ដែលមិនដឹងពេលណាចប់រឿងក្តីឡើយ។
មនុស្សជំនិតលោក រ៉ុង ឈុន បានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី៩ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសណ្ឋាគារ Smilling ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លាក្រាម ក្រុងសៀមរាប ខេត្តសៀមរាបនេះ លោកប្រធាន សម រង្ស៊ី នឹងចូលរួមប្រជុំតាមប្រព័ន្ធហ្សូម ដើម្បីធ្វើសេចក្តីណែនាំនិងរៀបចំផែនការយុទ្ធសាស្ត្រត្រៀមឆ្ពោះទៅសមាជគណបក្សភ្លើងទៀននៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ នៅស្រុកប្រាសាទបាគង ខេត្តសៀមរាប៕