(បន្ទាយមានជ័យ)៖ លោក សួន បវរ អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា «ថ្នាំញៀនមិនមែនជាថ្នាំ សំរាប់ប៉ូវកម្លាំងនោះទេ ផ្ទុយទៅវិញ ថ្នាំញៀនវាពិតជាបំផ្លាញជីវិត និងអនាគតរបស់យើងគ្រប់គ្នា ហើយសូមប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅក្បែរតំបន់ ដែលដែលកើតមានបទល្មើសគ្រឿងញៀន សូមកុំទាញយកផលប្រយោជន៍ពីបទល្មើសនេះ សូមរាយការណ៍មកកាន់សមត្ថកិច្ចធ្វើបង្ក្រាប ទប់ស្កាត់បោសសំអាត ដើម្បីប្រទេសយើងគ្មានគ្រឿងញៀន»។
លោកអភិបាល លើកឡើងដូចនេះធ្វើឡើង ក្នុងទិវាអន្តរជាតិប្រយុទ្ធគ្រឿងញៀនថ្ងៃ២៦ មិថុនា ដែលបានធ្វើឡើងនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
ក្នុងពិធីនេះដែរក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី អគ្គលេខាធិការរងនៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក អ៊ី ឡុង សមាជិកក្រុមប្រឹក្សាខេត្ត និងលោក លោកស្រី មន្ដ្រីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋប្រមាណជិត ១០០០នាក់។
លោកឧត្តមសេនីយ៍ឯក ឡាយ គឹមលី បានស្នើរដល់គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត ត្រូវបន្តអនុវត្តតាមចរាចរណ៍០១ បង្ក្រាបទប់ស្កាត់គ្រឿងញៀន នឹងបន្តព្យាបាលជនរងគ្រោះដោយសារធាតុញៀន ឲ្យបានល្អផងដែរ។
ក្នុងនោះដែរ លោកនាយករដ្ឋបាលសាលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្នុងការអនុវត្តច្បាប់របស់សមត្ថកិច្ច លើការបង្រ្កាប គ្រឿងញៀនកន្លងមក មាននគរបាល និងកងរាជអាវុធហត្ថបាន៨៩លើក ព្រមទាំងឃាត់ខ្លូនបានជនសង្ស័យ២០៣នាក់ ផងដែរ។
សូមបញ្ជាក់ថា នគរបាលបង្រ្កាបបទល្មើសគ្រឿងញៀនបាន៦៩លើក ឃាត់ខ្លួនជនសង្ស័យ១៦៦នាក់ ស្រី១៣នាក់ ចំណែកកម្លាំង កងរាជអាវុធហត្ថខេត្ត បាន២០លើក ឃាត់ខ្លួនជនសង្ស័យ៣៧នាក់ ស្រី៨នាក់។ ក្នុងនោះដែរ ដកហូតថ្នាំញៀនប្រភេទមេតំហ្វេតាមីន ៦២១២៥គ្រាប់ ថ្នាំញៀនប្រភេទមេតំហ្វេតាមីនទឹកកក ១៩០២៥៩ក្រាម រថយន្ត៣គ្រឿងម៉ូតូ២៣គ្រឿង និងទូរសព្ទ័១១០គ្រឿង៕