(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីថ្លែងការណ៍ច្រានចោលនូវរាល់ព័ត៌មានអវិជ្ជមាន ដែលបន្ទោសបង្អាប់ទឹកចិត្តមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការផ្ដល់ជំនួយមនុស្សធម៌ដល់តួកគី ដែលជួបគ្រោះមហន្ដរាយធម្មជាតិរញ្ជួយដី។

ក្នុងសេចក្ដីថ្លែងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ការចេញមកច្រានចោលនេះ ធ្វើឡើងបន្ទាប់ពីមានអង្គការមិនមែនរដ្ឋាភិបាល និងអ្នកសារព័ត៌មានមួយចំនួន បានតាំងសំណួរពាក់ព័ន្ធទៅនឹងព័ត៌មានរបស់រាជរដ្ឋាភិបាល ផ្តល់ជំនួយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ដែលប្រជាពលរដ្ឋប្រទេសនេះបានជួបគ្រោះមហន្តរាយធម្មជាតិរញ្ជួយដីកម្រិត ៧.៨វ៉ិចទ័រ បានកើតឡើងនៅខេត្តភាគអាគ្នេយ៍ នៃសាធារណរដ្ឋតួកគី កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣។

អង្គភាពអ្នកនាំពាក្យ សូមជម្រាបជូនថា ការចូលរួមរំលែកទុក្ខនូវគ្រាលំបាកដ៏ធំធេងមួយនេះ របស់សាធារណរដ្ឋតួកគី គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ជាតំណាងឲ្យកាយវិការមនុស្សធម៌របស់រាជរដ្ឋាភិបាលកម្ពុជា។ ត្បិតស្ថានភាពជាក់ស្តែង៖

*ទី១៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី កំពុងស្ថិតនៅក្នុងការកាន់មរណទុក្ខ ចំពោះការបាត់បង់សមាជិកគ្រួសាររបស់សម្តេច។

*ទី២៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត ជាឥស្សជនជាន់ខ្ពស់មួយរូប ក្នុងជួរកងយោធពលខេមរភូមិន្ទ ដែលត្រូវបានជ្រើសរើស និងគាំទ្រជាបេក្ខភាពនាយករដ្ឋមន្រ្តី ដោយសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ជាគណបក្សគ្រប់គ្រងអំណាចរដ្ឋ ដែលមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើជាតំណាងជាពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជា។

*ទី៣៖ ការបរិច្ចាគ កញ្ចប់ថវិកាជាអំណោយមនុស្សធម៌ដល់សាធារណរដ្ឋតួកគី ជាមោទកភាពកម្ពុជា នៃសម័យកាលថ្មី ជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការអន្តរជាតិរវាងប្រជាជាតិទាំងពីរ ហើយក៏ជាសមត្ថភាព និងលទ្ធភាពរបស់កម្ពុជាក្នុងការចូលរួមសកម្មភាពមនុស្សធម៌អន្តរជាតិផងដែរ

សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជំនួយមនុស្សធម៌​ ១០ម៉ឺនដុល្លារអាមេរិក ជូនទៅប្រទេសតួកគី ដើម្បីរួមចំណែកដោះស្រាយការលំបាកនានាកើតចេញ ពីគ្រោះរញ្ជួយដី។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជាមួយការផ្តល់ជំនួយនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព។

សូមរំលឹកថា កាលពីទៀបភ្លឺថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីធ្ងន់ធ្ងរមួយកម្រិត ៧.៨រិចទ័រ បានវាយប្រហារនៅប្រទេសតួកគី និងប្រទេសស៉ីរី។ គិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ កើនលើស ៧,៨០០នាក់៕