(ស្ទឹងត្រែង)៖ លោកស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈ បញ្ជាការឯកភាពខេត្ត នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ និងក្រុមការងារ បច្ចេកទេស ចុះត្រួតពិនិត្យ ការដ្ឋានសាងសង់ ច្រាំងទន្លេ ដើម្បីការពារការបាក់ស្រុតច្រាំងទន្លេដែលអាច ប៉ះពាល់ដល់ផ្លូវ និងផ្ទះប្រជាពលរដ្ឋ ដែលកំពុងរស់តាមបណ្តោយមាត់ទន្លេសេកុង ព្រមទាំង ប៉ះពាល់ដល់ ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងស្ទឹងត្រែង។

ការចុះពិនិត្យការដ្ឋានសាងសង់ច្រាំងទន្លេនេះ ក៏ការអញ្ជើញចូលរួម ពីសំណាក់លោក ស៊ី សួន អភិបាលរងខេត្ត លោកប្រធាន អនុប្រធានមន្ទីរ ជុំវិញជាច្រើនរូបផងដែរ ។

លោក ស្វាយ សំអ៊ាង បានលើកឡើងថា នេះជាសមិទ្ធផលថ្មីមួយទៀត ដែលផ្តល់ជូន ពីសំណាក់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលផ្តល់ឲ្យប្រជាពលរដ្ឋ ទាំងមូលខេត្តស្ទឹងត្រែង ក្នុងការលើកកម្ពស់សោភ័ណ្ឌភាព ក្នុងក្រុងស្ទឹងត្រែង ក៏ដូចជាចូលរួមចំណែក ការបង្ការ និងការពារនៃការបាក់ស្រុត ច្រាំងទន្លេ ដែលអាចកើតមានឡើងជាយថាហេតុផងដែរ។

លោកអភិបាលខេត្ត បានបន្តថា បច្ចុប្បន្នដំណើរនៃការសាងសង់ច្រាំងទន្លេនេះ គ្រង់ធ្វើប្រវែង២៥៦ ម៉ែត្រ បន្តទៀត ដោយនោះការសាងសង់បានធ្វើឡើងជាដំណាក់កាលៗ និងមានប្រវែងជាង៦ គីឡូម៉ែត្រ គិតចាប់ពីស្ពានមិត្តភាព កម្ពុជា-ចិន សេកុង ដល់ ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោក ស្វាយ សំអ៊ាង ណែនាំមន្ត្រីជំនាញ និងក្រុមការងារឲ្យយកចិត្តទុកដាក់ ក្នុងការបន្តសាងសង់ច្រាំងទន្លេមួយនេះ ឲ្យមានគុណភាពខ្ពស់ដើម្បីធានានូវភាពរឹងមាំ ក្នុងការបញ្ចៀសការបាត់ស្រុតច្រាំងទន្លេ ដែលធ្វើឲ្យប៉ះពាល់ដល់ លំនៅឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយតាមដងទន្លេ និងប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងក្រុងស្ទឹងត្រែង៕