(ភ្នំពេញ)៖ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ នៅទីស្នាក់ការអាជ្ញាធរមីន លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានទទួលជួបពិភាក្សាការងារជាមួយ លោក Dominic Williams ឯកអគ្គរាជទូតនៃចក្រភពអង់គ្លេសប្រចាំកម្ពុជា ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបពិភាក្សានេះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោនាយករដ្ឋមន្រ្តី ក្នុងការដោះស្រាយបញ្ហាគ្រាប់មីននៅកម្ពុជា ដោយបានដាក់ចេញនូវទស្សនវិស័យកម្ពុជាគ្មានមីនឆ្នាំ២០២៥។ រយៈពេល ៣០ឆ្នាំនេះ កម្ពុជាបានសម្រេចនូវសមិទ្ធផលការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមបានយ៉ាងច្រើន ក្នុងការចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ ផ្តល់ក្តីសង្ឃឹមថ្មី និងផ្តល់ដីសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ។
លោកបន្តទៀតថា សមិទ្ធផលទាំងនេះ ក៏មានការចូលរួមវិភាគទានពីចក្រភពអង់គ្លេសផងដែរ។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរាជរដ្ឋាភិបាល និងប្រជាជននៃចក្រ ភពអង់គ្លេស ចំពោះទឹកចិត្ត និងការគាំទ្រប្រកបសប្បុរសធម៌ ក្នុងការងារបោសសម្អាតមីននៅកម្ពុជា ហើយការចូលរួមនេះពិតជាបានជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ តាមរយៈការផ្តល់ដីសុវត្ថិភាព សម្រាប់បង្កបង្កើនផល។
ពាក់ព័ន្ធនឹងការងារបោសសម្អាតមីនតាមបណ្តោយព្រំដែនកម្ពុជា-ថៃ លោកទេសរដ្ឋមន្រ្តី បានលើកឡើងថា អាជ្ញាធរមីន សហការជាមួយកងទ័ពជើងគោក មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព និងអង្គភាពស៊ីម៉ាក់ បានបង្កើតក្រុមការងារចំពោះកិច្ចសម្របសម្រួលលើការបោសសម្អាតមីនតាមព្រំដែន ហើយក្រុមការងារនេះកំពុងដំណើរការ។
លោក Dominic Williams បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាពរបស់អាជ្ញាធរមីន ក្នុងការសម្របសម្រួល ត្រួតពិនិត្យ និងគ្រប់គ្រងសកម្មភាពមីននៅកម្ពុជា ដោយបានសម្រេចនូវសមិទ្ធផលជាច្រើន និងមានការចូលរួមយ៉ាងផុសផុលពីវិស័យឯកជន និងសប្បុរសជននានា។ ចក្រភពអង់គ្លេស នឹងបន្តចូលរួមគាំទ្រដល់ការងារបោសសម្អាតមីនមនុស្សធម៌នេះរហូតដល់កម្ពុជាអស់មីន៕