(សៀមរាប)៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា បង្កើតភាពស៊ីសង្វាក់គ្នាក្នុងការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស៍ ស្តីពីការប្រែប្រួលអាកាសធាតុ តាមរយៈសេដ្ឋកិច្ចចក្រា គឺជាប្រធានបទសំខាន់ដែលបានលើកឡើងក្នុងកិច្ចពិភាក្សានៃវេទិកាថ្នាក់តំបន់អាស៊ីនិងប៉ាស៊ីហ្វិកលើកទី១១ ស្តីពី 3R និងសេដ្ឋកិច្ចចក្រា ដោយមន្ត្រីជំនាញមកពីក្រសួងបរិស្ថាន នៃបណ្តាប្រទេសអាស៊ី និងប៉ាស៊ីហ្វិក នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោយពីពិធីបើកផ្លូវការដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន។

លោក នេត្រ ភក្ត្រា បានថ្លែងថា មន្ត្រីជំនាញបច្ចេកទេស មកពីបណ្តាប្រទេសនានារួមនឹងអង្គការដៃគូបានជជែកពិភាក្សាយ៉ាងផុសផុលដើម្បីពិនិត្យលើបញ្ហាដែលបានជួបប្រទះ និងដំណោះស្រាយ។

បើតាមលោក នេត្រ ភក្ត្រា វាគ្មិនមកពីក្រសួងបរិស្ថានកម្ពុជា ពីវៀតណាម អូស្ត្រាលី ហ្វីលីពីន អង្គការយូនីដូ បានធ្វើបទបង្ហាញលើប្រធានបទសំខាន់ៗរួមមាន៖ ជីវសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងវិលជុំនៅក្នុងរបៀបវារៈអាកាសធាតុ និងកាលានុវត្តន៍ភាព, វិថីទៅកាន់អព្យាក្រឹត្យកាបូន តួនាទីរបស់សេដ្ឋកិច្ចចក្រា, កាតាលីករសកម្មភាពរួមសម្រាប់សហគ្រាសធុនតូច និងមធ្យមនាំទៅរកការផ្លាស់ប្តូរកាបូនទាប, យុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងរបស់កម្ពុជា, ផែនទីបង្ហាញផ្លូវរបស់កម្ពុជាក្នុងការប្រើប្រាស់ និងផលិតភាពប្រកបដោយនិរន្តរភាព, យុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា និងផែនការសកម្មភាព។

អ្នកនាំពាក្យរូបនេះ បានបន្តថា គ្រប់គ្នាបានឯកភាពគ្នាថា ការផ្លាស់ប្តូរទៅជាសេដ្ឋកិច្ចចក្រា គឺចាំបាច់ដើម្បីសម្រេចបានទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព និងគោលដៅផ្នែកការប្រែប្រួលអាកាសធាតុដែលបានព្រមព្រៀងដោយសហគមន៍អន្តរជាតិ និងដើម្បីជួយកសាងសេដ្ឋកិច្ចពិភពលោកឡើងវិញ ដើម្បីធ្វើឱ្យកាន់តែរឹងមាំ បៃតង និងប្រសើរជាងមុន។ បន្តាប្រទេសនានាបានបង្ហាញពីភាពចាំបាច់នៃសមត្ថភាព ផ្នែកហិរញ្ញវត្ថុ និងបច្ចេកទេស។

បន្ថែមពីនេះ លោកបានបញ្ជាក់ថា មន្ត្រី នៃក្រសួងបរិស្ថានកម្ពុជា បានបង្ហាញដល់អ្នកចូលរួមអំពីការកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការរៀបចំតាក់តែងនូវគោលនយោបាយ និងផែនការសកម្មភាពផ្សេងៗក្នុងសេដ្ឋកិច្ចចក្រា ទៅក្នុងការអភិវឌ្ឍន៍ចម្បងៗ។

លោក ភក្ត្រា បានលើកឡើងថា កម្ពុជាបានរៀបចំយុទ្ធសាស្ត្រសេដ្ឋកិច្ចចក្រា ដើម្បីជួយឱ្យប្រសើរឡើងនូវទិដ្ឋភាពជាច្រើននៃសេដ្ឋកិច្ច និងសង្គមសម្រាប់ប្រទេសកម្ពុជា និងការសម្រេចបាននូវនិរន្តរភាពបរិស្ថាន ដោយការលើកកម្ពស់ការប្រើប្រាស់ថាមពល និងធនធានសម្ភារៈឱ្យកាន់តែមានប្រសិទ្ធភាព ខណៈពេលដែលកាត់បន្ថយផលប៉ះពាល់ពីការប្រើប្រាស់ធនធានហួសកម្រិត និងការបង្កើតកាកសំណល់។

លោកបានលើកឡើងថា ប្រទេសកម្ពុជា ស្ថិតក្នុងទីតាំងដ៏រឹងមាំមួយក្នុងការសម្រេចបាននូវការអភិវឌ្ឍន៍ប្រកបដោយចីរភាពតាមរយៈសេដ្ឋកិច្ចចក្រា ការកសាងលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងការកើនឡើងនៃមូលដ្ឋានអ្នកប្រើប្រាស់វ័យក្មេង។ យ៉ាងណាក៏ដោយ ការណែនាំអំពីវិធីសាស្រ្តសេដ្ឋកិច្ចចក្រា ទាមទារឱ្យយកឈ្នះលើឧបសគ្គផ្សេងៗ។

សូមជម្រាបថា វេទិកាថ្នាក់តំបន់ លើកទី១១ ដែលកម្ពុជា រៀបចំលើកទី១ លើទឹកដីនៃខេត្តសៀមរាប ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី១០ ខែកុម្ភៈ ក្រោមប្រធានបទ «សមាហរណកម្ម សេដ្ឋកិច្ច ទៅក្នុងការអភិវឌ្ឍលើគ្រប់វិស័យ ឆ្ពោះទៅសម្រេចបានសង្គមគ្មានសំណល់ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព» ដោយមានការចូលរួមពីគណៈប្រតិភូ មកពី៣៩ប្រទេស ក្រោមកិច្ចសហការ រវាងក្រសួងបរិស្ថាន នៃប្រទេសកម្ពុជា ក្រសួងបរិស្ថាននៃប្រទេសជប៉ុន និងមជ្ឈមណ្ឌលសហប្រជាជាតិ សម្រាប់ការអភិវឌ្ឍក្នុងតំបន់ ហៅកាត់ថា UNCRD៕