(ភ្នំពេញ)៖ មន្ត្រីក្រសួងទេសចរណ៍កម្ពុជាបានបង្ហាញការរំពឹងថា ភ្ញៀវទេសចរកូរ៉េនឹងមានការកើនឡើងឡើងវិញក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍នេះ ក្រោយការធ្វើទស្សនកិច្ច និងការជួយផ្សព្វផ្សាយរបស់ Influencer និង Blogger ដ៏មានឥទ្ធិពលមកពីកូរ៉េ។
គួរជម្រាបថា បុគ្គលដែលមានឥទ្ធិពលក្នុងបណ្ដាញសង្គម (Influencer, Blogger) មកពីប្រទេសកូរ៉េមួយក្រុមបាននិងកំពុងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដើម្បីផ្សព្វផ្សាយពីគោលដៅទេសចរណ៍ពិសេសៗរបស់កម្ពុជាទៅកាន់ប្រជាជនកូរ៉េ និងពិភពលោក។
លោក ពា ភាព អនុប្រធាននាយកដ្ឋានក្រសួងទេសចរណ៍ បានឱ្យដឹងថា Influencer ,Blogger ទាំងនេះ គឺមានទាំង Tik Tok, Instagram, Facebook និង YouTube ដែលមានអ្នកទស្សនាដល់ទៅរាប់លានដង។
លោក ពា ភាព បានបន្តថា ដំណើរទស្សនកិច្ចនេះធ្វើឡើងរយៈពេល៩ថ្ងៃ ចាប់ពីថ្ងៃទី១-៩ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងនោះនៅរាជធានីភ្នំពេញ (រមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ សារមន្ទីរជាតិ ផ្សារថ្មី និងឃុំកំពង់ហ្លួង) នៅខេត្តកែប (ផ្សារក្ដាម និងឆ្នេរកែប) នៅខេត្តកំពត (ចម្ការម្រេច La Plentatoin ឧទ្យានជាតិភ្នំបូកគោ វិហារកាតូលិក វត្តសំពៅប្រាំ វាលស្រែ១០០ ទឹកធ្លាក់ពពកវិល បឹងឋានសួគ៌បូកគោជាដើម) នៅខេត្តព្រះសីហនុ (ក្រុងព្រះសីហនុ ស្ពានកោះពស់ សណ្ឋាគារឆ្នេរសុខា កោះរ៉ុង Royal Sand Resort) និងនៅខេត្តសៀមរាប។
លោកអនុប្រធាននាយកដ្ឋានបានបន្តទៀតថា នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្រុមការងារ Influencer, Blogger ទាំង៥នាក់នេះ បានទៅដល់ខេត្តសៀមរាប ដោយបានចូលទៅផលិតវីដេអូនៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទផ្សេងទៀតនៅតំបន់អង្គរ បឹងទន្លេសាប ហើយរាត្រីនេះនៅផ្សាររាត្រី Pub Street។
លោក ពា ភាព បានបង្ហាញការរំពឹងថា «តាមរយៈការមកទស្សនកិច្ច និងការផ្សព្វផ្សាយនេះនឹងជួយជំរុញទាក់ទាញភ្ញៀវទេសចរកូរ៉េមកទស្សនាកម្ពុជាកាន់ច្រើនឡើងវិញ ក្នុងដំណាក់កាលស្ដារវិស័យទេសចរណ៍នេះ»។
* MAYO FOOD តំណាងដោយលោក Lim Jongho ដែលមានទាំង៖
Tik Tok៖ http://Tiktok.com/@mayofood
Instagram៖ http://Instagram.com/mayofoood
YouTube៖ http://Youtube.com/c/mayofood
* អ្នកស្រី Oh Yoojin គឺជា Blogger បានរួមដំណើរជាមួយកូនប្រុស Lee Yeonwoo៖
Blog៖ http://naver.blog.com/redfox0127
Instagram៖ http://Instagram.com/yoojinoh0127 ៕