(ភ្នំពេញ)៖ តាមការស្រាវជ្រាវបង្ហាញថា កម្រិតវ័យឆ្លាត (IQ) របស់កម្ពុជា ជាប់ចំណាត់លេខលេខ២ នៅក្នុងអាស៊ាន និងលេខ១៥ សម្រាប់ឆ្នាំ២០២៣ បើធៀបនឹងបណ្តាប្រទេសនានាលើពិភពលោក។ នេះបើតាមការស្រាវជ្រាវ ដែលផ្សាយដោយ គេហទំព័រ World Population Review ដែលបណ្តាញ Fresh News ទទួលបាននៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣។
បើរាប់ពីចំណាត់ថ្នាក់លេខ១ ដល់លេខ២០ មានតែប្រទេសសិង្ហបូរី និងកម្ពុជាទេ ដែលស្ថិតក្នុងចំណាត់ថ្នាក់ប្រទេស ដែលមានប្រជាជនមានកម្រិតវ័យឆ្លាតខ្ពស់បែបនេះ ដោយសិង្ហបូរី ស្ថិតក្នុងចំណាត់ថ្នាក់លេខ៣ ខណៈដែលជប៉ុនស្ថិតនៅចំណាត់ថ្នាក់លេខ១។
ចំពោះចំណាត់ថ្នាក់នេះ ត្រូវបានអ្នកឧកញ៉ា គួច ម៉េងលី អ្នកជំនាញវិស័យអប់រំ បានសម្តែងមោទនភាពយ៉ាងខ្លាំង។ លោករំពឹងថា ខ្មែរយើងនឹងទទួលបានចំណាត់ថ្នាក់ខ្ពស់ជាងនេះទៅទៀត នៅពេលខាងមុខ ព្រោះថាខ្មែរជាសែស្រឡាយ ដែលមានខួរក្បាតឆ្លាតតាំងពីដើមមកម្ល៉េះ។
អ្នកឧកញ៉ា គួច ម៉េងលី បានបញ្ជាក់យ៉ាងដូច្នេះថា «(ខ្ញុំ) មានមោទនភាព ជាព័ត៌មានល្អ។ តាមពិតខ្មែរយើង ល្បីល្បាញយូរហើយ តាំងពីជំនាន់រាប់ឆ្នាំមុន តាំងពីពេលប្រទេសអឺរ៉ុបមិនទាន់មានទីក្រុង [...] ដោយសារយើងឆ្លងកាត់សង្គ្រាម យើងមានបញ្ហារ៉ាំរ៉ៃ ដូច្នេះជាទូទៅ គឺខ្មែរយើងឆ្លាត។ បច្ចុប្បន្ននេះ ខ្មែរយើងបើសិនជាបានទៅរស់នៅស្រុកក្រៅតាំងពីតូចៗ ពោរពេញដោយសុខសុវត្ថិភាព អត់មានបញ្ហាផ្លូវចិត្តទេ គឺអស្ចារ្យមែនទែន។ ឧទាហរណ៍ កូនខ្មែរដែលខ្ញុំស្គាល់មួយចំនួន ហើយក្មួយៗខ្ញុំ រស់នៅស្រុកគេនោះ រៀនសុទ្ធតែនៅក្នុងសាកលវិទ្យាល័យល្អៗ។ អញ្ចឹង ខ្ញុំជឿជាក់ណាស់ថា ខ្មែរយើងមិនអន់ [...] ខ្ញុំគិតថា ទសវត្សរ៍ក្រោយៗទៀត ខ្មែរយើងនឹងឡើងខ្ពស់ជាហ្នឹងទៀត នៅក្នុង Ranking (ចំណាត់ថ្នាក់)»។
សូមជម្រាបថា តាមរបាយការណ៍ដដែល បានបង្ហាញដូចខាងក្រោមនេះ៖
* ចំណាត់ថ្នាក់លេខ១ បានទៅលើប្រទេសជប៉ុន
* ចំណាត់ថ្នាក់លេខ២ បានទៅលើកោះតៃវ៉ាន់ នៃប្រទេសចិន
* ចំណាត់ថ្នាក់លេខ៣ បានទៅលើប្រទេសសិង្ហបូរី
* ចំណាត់ថ្នាក់លេខ៤ បានទៅលើក្រុងហុងកុង ប្រទេសចិន
* ចំណាត់ថ្នាក់លេខ៥ បានទៅលើប្រទេសចិន
* ចំណាត់ថ្នាក់លេខ៦ បានទៅលើប្រទេសកូរ៉េខាងត្បូង
* ចំណាត់ថ្នាក់លេខ៧ បានទៅលើប្រទេសបេឡារុស
* ចំណាត់ថ្នាក់លេខ៨ បានទៅលើប្រទេសហ្វាំងឡង់
* ចំណាត់ថ្នាក់លេខ៩ បានទៅលើប្រទេសឡិចថិនស្តេន
* ចំណាត់ថ្នាក់លេខ១០ បានទៅលើប្រទេសអាល្លឺម៉ង់
* ចំណាត់ថ្នាក់លេខ១១ បានទៅលើប្រទេសណែតដឺឡេនដ៍
* ចំណាត់ថ្នាក់លេខ១២ បានទៅលើប្រទេសអេស្តូនី
* ចំណាត់ថ្នាក់លេខ១៣ បានទៅលើប្រទេសលុចសំបួរ
* ចំណាត់ថ្នាក់លេខ១៤ បានទៅលើក្រុងម៉ាកាវ ប្រទេសចិន
* ចំណាត់ថ្នាក់លេខ១៥ បានទៅលើប្រទេសកម្ពុជា
* ចំណាត់ថ្នាក់លេខ១៦ បានទៅលើប្រទេសកាណាដា
* ចំណាត់ថ្នាក់លេខ១៧ បានទៅលើប្រទេសអូស្ត្រាលី
* ចំណាត់ថ្នាក់លេខ១៨ បានទៅលើប្រទេសហុងគ្រី
* ចំណាត់ថ្នាក់លេខ១៩ បានទៅលើប្រទេសស្វីស
* ចំណាត់ថ្នាក់លេខ២០ បានទៅលើចក្រភពអង់គ្លេស៕