(កំពង់ធំ)៖ លោក ងួន រតនៈ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការរបស់គណបក្ស ដែលទើបសាងសង់ឡើងដោយក្រុមការងារគណៈកម្មាធិការគណបក្សសង្កាត់ និងក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់ធំ ចំណាយថវិកាសាងសង់អស់ជិត២ម៉ឺនដុល្លារ រសៀលថ្ងៃទី០៨ ខែ កុម្ភៈ ឆ្នាំ២០២៣។

ថ្លែងនាឱកាសនោះលោក ងួន រតនៈ បានលើកឡើងអំពីស្ថានភាព នៃការរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសុខដុមរមនា ក្រោមម្លប់សន្តិភាព ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលកើតចេញពីការបោះឆ្នោត។

លោកបន្ថែមថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សមួយដែលមានរចនាសម្ព័ន្ធរឹងមាំចាប់ពីថ្នាក់កណ្តាលរហូតដល់ថ្នាក់ខេត្ត ឃុំ សង្កាត់ ភូមិ ហើយមានវ័យចំណាស់ជាងគេ មានបទពិសោធន៍គ្រប់គ្រាន់និងមានស្នាដៃធំៗជាច្រើន ជូនប្រជាជន និងប្រទេសជាតិបានកសាង នឹងកំពុងបន្តកសាងជាបន្តបន្ទាប់។

លោក ងួន រតនៈ បានថ្លែងអំណរគុណប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់ធំ និងគណៈកម្មាធិការគណបក្សសង្កាត់ ដែលបានខិតខំសាមគ្គីគ្នា ក្នុងការកសាងអគារស្នាក់ការគណបក្សថ្មី ដែលបានចំណាយពេលវេលាផ្ទាល់ខ្លួន ក្នុងការបំពេញការងារជូនគណបក្ស ជាពិសេសបានកសាងអគារថ្មីរបស់ស្នាក់ការគណបក្សនេះឡើង ដើម្បីបង្កលក្ខណៈងាយស្រួលក្នុងការធ្វើការងាររបស់មន្ត្រីគណបក្ស។

លោក ងួន រតនៈ ក៏បានសង្កត់ធ្ងន់ថា នាពេលខាងមុខនេះ ពិតជាមានសារៈសំខាន់ណាស់ សម្រាប់សកម្មជនគណបក្ស ក្នុងការផ្សព្វផ្សាយអំពីគោលនយោបាយរបស់គណបក្ស និងសមិទ្ធផលនានារបស់គណបក្ស ដើម្បីស្វែងរកសំឡេងអ្នកគាំទ្រគណបក្ស ជាពិសេសត្រូវអញ្ជើញសមាជិករបស់គណៈបក្ស ចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា ហើយសមាជិកម្នាក់ក្លាយជាសន្លឹកឆ្នោតមួយសន្លឹកពិតប្រាកដ។

លោកប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តកំពង់ធំ ក៏បានផ្ដាំផ្ញើដល់សមាជិកសមាជិកា និងយុវជនគណបក្សប្រជាជនកម្ពុជាទាំងអស់ ពង្រឹងពីតួនាទី/ភារកិច្ចរបស់ខ្លួន និងចូលរួមផ្សព្វផ្សាយពីគោលនយោបាយរបស់គណបក្សប្រជាជនកម្ពុជានៅក្នុងមូលដ្ឋានឲ្យបានបានរឹងមាំ និងមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា ស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានទំហំ ១២ម៉ែត្រ គុណ ៩ ម៉ែត្រ មានបន្ទប់ទឹក២ បានសាងសង់ ចាប់ពីថ្ងៃទី៣ ខែមីនា ដល់ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាអស់ ១៦,៩០៧ម៉ឺនដុល្លារ៕