(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមក្នុងការបញ្ជូនមន្ដ្រីពន្ធនាគារ នៃក្រសួងមហាផ្ទៃ ប្រមាណ៤០រូប ដើម្បីទៅបំពេញបេសកកម្មរក្សាសន្ដិភាព ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ។
ពាក់ព័ន្ធការត្រៀមបញ្ជូននេះ ត្រូវបានបញ្ជាក់ដោយសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ក្នុងកិច្ចប្រជុំស្ដីពីការបញ្ជូនមន្រ្តីពន្ធនាគារ ចូលរួមបេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ (UN) នៅទីស្ដីការក្រសួងមហាផ្ទៃ។
សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចំណារឯកភាព ទៅនឹងសំណើររបស់អង្គការសហប្រជាជាតិ ដែលបានស្នើសុំបញ្ជូនមន្រ្តីជំនាញពន្ធនាគារកម្ពុជា៤០រូប ទៅបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ»។
សម្ដេចក្រឡាហោម ស ខេង បានរំលឹកថា ក្នុងកិច្ចប្រជុំដែលរៀបចំឡើងនៅប្រទេសសិង្ហបុរីកាលពីប្រមាណ១០ឆ្នាំមុន មន្រ្តីជាន់ខ្ពស់អង្គការសហប្រជាតិ បានផ្ដួចផ្ដើមគំនិតឲ្យមានការបញ្ជូនកម្លាំងនគរបាលចូលរួមបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាតិ បន្ថែមលើការបញ្ជូនកងទ័ព។
សម្ដេចបានណែនាំរដ្ឋលេខាធិការ ទទួលបន្ទុកពន្ធនាគារ និងអគ្គនាយកពន្ធនាគារ បង្កើតយន្តការមួយ ផ្ទៃក្នុងក្រសួងមហាផ្ទៃមួយ ដើម្បីធ្វើការងារនេះ និងត្រូវមានយន្តការសហប្រតិបត្តិការជាមួយមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម។
សូមជម្រាបថា បច្ចុប្បន្នអង្គការសហប្រជាតិ មានកងកម្លាំងនគរបាល កំពុងបំពេញបេសកកម្មរក្សាសន្តិភាពប្រមាណជាង ៩,០០០នាក់ មកពីជាង៩០ប្រទេស ជុំវិញពិភពលោក។ កម្លាំងនគរបាលអង្គការសហប្រជាតិ ភាគច្រើនបំពេញបេសកម្មផ្ដល់ការគាំទ្រដល់ការបំពេញភារកិច្ចរបស់កម្លាំងនគរបាល នៃប្រទេសសាម៉ី៕