(កំពត)៖ លោក ញ៉ូវ សាឯម ប្រធានក្រុមប្រឹក្សាខេត្ត និងលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ជួបសួរសុខទុក្ខសំណេះសំណាល និងផ្ដល់សន្លឹកឆ្នោតផ្សងសំណាងង្វាន់ មានរង្វាន់ម៉ូតូ១៦គ្រឿង កង់២៦គ្រឿង និងឆ្នាំងដាំបាយ ២៤ឆ្នាំង ជូនដល់ប្រជាពលរដ្ឋអ្នកប្រកបរបររត់តាក់ស៊ី ម៉ូតូកង់បី ម៉ូតូឌុប អាជីវករ ជាងគ្រប់ប្រភេទ និងបុគ្គលិក រង្គសាល ភោជនីយដ្ឋាន អាហារដ្ឋាន ប្រមាណជាង៤,០០០នាក់ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នាពហុកីឡដ្ឋានខេត្ត។

នាឱកាសនោះ លោកបណ្ឌិត ម៉ៅ ធនិន បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលជានិច្ចជាកាលសម្តេចតេជោ តែងតែគិតគូរជានិច្ច ចំពោះប្រជាពលរដ្ឋដែល ជួបការលំបាក មានជីវភាពខ្វះខាត ស្ត្រីមេម៉ាយកូនច្រើនក្នុងបន្ទុក ជនមានពិការភាព និងអ្នកប្រកបរបរចិញ្ចឹមជីវិតផ្សេងៗជាដើម ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយណាមួយឡើយ ពោលគឺទីណាមានការលំបាក ទីនោះមានសម្ដេចតេជោ នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោក ម៉ៅ ធនិន បានលើកឡើងថា ការរៀបចំពិធីចាប់ឆ្នោតផ្សងសំណាងយករង្វាន់នេះ ធ្វើឡើងក្រោមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ដើម្បីផ្សាភ្ជាប់ និងរួមសុខទុក្ខជាមួយប្រជាពលរដ្ឋ។ ដូច្នេះយើងទាំងអស់គ្នាជាប្រជាពលរដ្ឋ ត្រូវចេះដឹងគុណដល់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា។

ចំពោះប្រជាពលរដ្ឋដែលមកចូលរួមក្នុងកម្មវិធីខាងលើ ទោះបីត្រូវទទួលបានរង្វាន់ ឬមិនត្រូវរង្វាន់ក្តី បានបង្ហាញអំពីអារម្មណ៍រំភើបរីករាយយ៉ាងខ្លាំង ដែលប្រធានក្រុមប្រឹក្សា និងអភិបាលខេត្តបានមកសួរសុខទុក្ខ និងផ្តល់ឱកាសចាប់ឆ្នោតយករង្វាន់យ៉ាងដូច្នេះ។ ពួកគាត់បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន ដែលបានផ្តល់អភិបាលខេត្ត ដ៏ល្អមួយរូប ដែលបានគិតគូរសុខទុក្ខពលរដ្ឋគ្រប់ពេលវេលា៕