(ភ្នំពេញ)៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីវឌ្ឍនភាពនៃការរឹតបន្ដឹងអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ដែលក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ បានកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ប្រមាណ ៦២ភាគរយ នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលធៀបជាមួយចំនួនប្រជាជន និងយានយន្ដ។

ក្នុងសេចក្ដីជូនដំណឹង ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានអគ្គស្នងការដ្ឋាននគរបាលជាតិ បានបង្ហាញនូវខ្លឹមសារសំខាន់ៗ ចំនួន៥ចំណុចដូចខាងក្រោម៖

* ទី១៖ ចាប់ពីឆ្នាំ២០១០ ដល់ឆ្នាំ២០២០ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៍ឈ្លាសវៃរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំពេញតួនាទីភារកិច្ចរឹតបន្តឹងការអនុវត្តច្បាប់ ស្តីពីចរាចរណ៍ផ្លូវគោក ព្រមទាំងសហការបំពេញកិច្ចការសុវត្ថិភាពចរាចរណ៍ផ្លូវគោកយ៉ាងសកម្ម ដូចជាការផ្សព្វផ្សាយអប់រំច្បាប់ ការងារសង្គ្រោះបន្ទាន់ជាដើម ទទួលបានលទ្ធផលល្អប្រសើរ ដោយបានរួមចំណែកកាត់បន្ថយអ្នកស្លាប់ ដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ៤,៥៦១នាក់ ស្មើនឹង៦២% នៃផែនការជាតិទស្សវត្សរ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោក ដែលបានធៀបជាមួយចំនួនប្រជាជន និងចំនួនយានយន្តដូចតទៅ៖

* កាត់បន្ថយអត្រាស្លាប់ពីចំនួន១៣.១នាក់ មកនៅត្រឹមចំនួន១០.១នាក់ ក្នុងប្រជាជនចំនួន១សែននាក់
* កាត់បន្ថយអត្រាស្លាប់ពីចំនួន១០នាក់ មកនៅត្រឹមចំនួន២.៥នាក់ ក្នុងយានយន្តចំនួន១ម៉ឺនគ្រឿង។

ទន្ទឹមនឹងរួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការរឹតបន្តឹងអនុវត្តច្បាប់បានជំរុញលើកកម្ពស់ស្មារតីគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក រៀបចំឲ្យកាន់តែប្រសើរឡើងនូវសណ្តាប់ធ្នាប់ចរាចរណ៍ ឲ្យបានសមស្របតាមបទដ្ឋានសុវត្ថិភាពចរាចរណ៍ និងរួមចំណែកលើកកម្ពស់កិត្យានុភាពជាតិ។

* ទី២៖ អគ្គស្នងការដ្ឋាននគរបាលជាតិ បានកែទម្រង់វិធីសាស្ត្រប្រតិបត្តិការឲ្យកាន់តែទំនើប ដោយទទួលបានការបំពាក់មធ្យោបាយបច្ចេកទេសប្រតិបត្តិការដូចជា ឧបករណ៍ត្រួតពិនិត្យល្បឿន ឧបករណ៍ត្រួតពិនិត្យជាតិស្រវឹង ឧបករណ៍ត្រួតពិនិត្យសារធាតុញៀន ឧបករណ៍ចេញបណ្ណពិន័យ និងដកពិន្ទុ ជាដើម ក្នុងគោលដៅធានាតម្លាភាព និងប្រសិទ្ធភាព នៃការរឹតបន្តឹងអនុវត្តច្បាប់ការរឹតបន្ដឹងច្បាប់បានផ្ដោតលើកត្តាបង្កគ្រោះថ្នាក់ដោយបានកំណត់ករណីល្មើសចំពោះរថយន្តមានចំនួន៩ករណី (ល្មើសល្បឿន ស្រវឹង ល្មើសភ្លើង ឬផ្លាកសញ្ញា គ្មានបណ្ណបើកបរ ល្មើសបត់ឬជែង មិនពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព ការដឹកលើសចំណុះ គ្មានផ្លាកលេខ ឬបណ្ណសម្គាល់ និងប្រើទូរស័ព្ទពេលបើកបរ) និងបានកំណត់ករណីល្មើសចំពោះទោចក្រយានយន្ត ត្រីចក្រយានយន្តមានចំនួន ៧ករណី (មិនពាក់មួកសុវត្ថិភាព ស្រវឹង ល្មើសភ្លើងឬផ្លាកសញ្ញា ល្មើសបត់ឬជែង ការដឹកលើសចំណុះ គ្មានផ្លាកលេខ និងប្រើទូរស័ព្ទពេលបើកបរ)។

* ទី៣៖ កងកម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានបំពេញកិច្ចការជាច្រើនដោយមិនខ្លាចនឿយហត់គ្រប់ពេលវេលា ក្នុងការដោះស្រាយការកកស្ទះចរាចរណ៍ ការដោះស្រាយគ្រោះថ្នាក់ចរាចរណ៍ ការសង្គ្រោះជនរងគ្រោះការសម្រួលចរាចរណ៍ ឲ្យមានប្រក្រតីភាព ការរៀបចំសណ្តាប់ធ្នាប់លើទ្រូងផ្លូវ ការនាំក្បួនប្រតិភូ និងការពារសុវត្ថិភាពលើដងផ្លូវជូនអ្នកប្រើប្រាស់ផ្លូវ។ កងកម្លាំងទាំងអស់ត្រូវបានអប់រំជាប្រចាំនូវសីលធម៌ វិន័យ ទន់ភ្លន់ តែម៉ឹងម៉ាត់ក្នុងការបំពេញភារកិច្ច និងត្រូវបានធ្វើការត្រួតពិនិត្យជាប្រចាំពីអង្គភាព។

ជាមួយនេះ អង្គភាពនគរបាលចរាចរណ៍ផ្លូវគោក តែងតែឆ្លើយតប បំភ្លឺ រកការពិតជូនមតិយោបល់សាធារណជនតាមបណ្តាញសង្គម និងតាមប្រព័ន្ធផ្សព្វផ្សាយនានា ព្រមទាំងអនុវត្តចំណាត់ការច្បាស់លាស់ ស្របតាមវិន័យកងកម្លាំង និងច្បាប់ជាធរមាន ចំពោះមន្ត្រីខិលខូចប្រព្រឹត្តខុសឆ្គង និងចាត់វិធានការម៉ឺងម៉ាត់ ចំពោះការប្រឌិតព័ត៌មានមិនពិត ក្នុងចេតនាអាក្រក់ បង្អួចកិត្តិយស ឬបង្កអស្ថេរភាពសង្គម។

* ទី៤៖ ផ្អែកលើទឡឺករណ៍សង្ខេបខាងលើ ការរឹតបន្តឹងអនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក បានផ្តល់អត្ថប្រយោជន៍យ៉ាងធំធេងដល់សង្គម ក្នុងការជួយសង្គ្រោះជីវិតអ្នកប្រើប្រាស់ផ្លូវពីគ្រោះថ្នាក់ដ៏កាចមិនដូចការលើកឡើងសាហាវ និងបង្កើតឲ្យមានបរិស្ថានចរាចរណ៍ប្រកបដោយសុវត្ថិភាព និងរបៀបរៀបរយតាមអារម្មណ៍របស់បុគ្គលខ្លះដែលខ្វះការពិចារណា ឬមានទស្សនៈមិនគ្រប់ជ្រុងជ្រោយ។ សូមប្រជាពលរដ្ឋកុំទាន់ជឿ ឬចែកចាយនូវព័ត៌មានទាំងឡាយណា ដែលមិនទាន់មានមូលដ្ឋានសំអាងច្បាស់លាស់ ឬមិនស្របតាមតថភាពជាក់ស្ដែង។

* ទី៥៖ អគ្គស្នងការដ្ឋាននគរបាលជាតិ សំណូមពរដល់ប្រជាពលរដ្ឋគ្រប់រូប មេត្តាបន្តចូលរួមគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក មានការយោគយល់អាធ្យាស្រ័យ និងបើកបរដោយស្មារតីប្រុងប្រយ័ត្នគ្រប់ពេល គ្រប់ទីកន្លែងដើម្បីរក្សាសុវត្ថិភាពផ្ទាល់ខ្លួន និងអ្នកដទៃ។ អគ្គស្នងការដ្ឋាននគរបាលជាតិ ស្វាគមន៍ទទួលនូវការចូលរួមមតិយោបល់ ក្នុងន័យស្ថាបនា និងបំបាត់អំពើអសកម្ម ដើម្បីកសាងកងកម្លាំងប្រកបដោយវិន័យ សីលធម៌ វិជ្ជាជីវៈ សំដៅធានាសម្រេចភារកិច្ចរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោកជូនប្រជាពលរដ្ឋ និងសង្គមជាតិយើង៕