(តាកែវ)៖ ប្ដីកំណាចចិត្តជាសត្វតិរច្ឆានម្នាក់ បានវៃជាន់កប្រពន្ធរហូតស្លាប់ចោលកូន ៤នាក់ ព្រោះខឹងប្រពន្ធមិនឲ្យលុយពីរពាន់រៀល ទៅទិញស្រាសផឹក។ ហេតុការណ៍អំពើហឹង្សាក្នុងគ្រួសារនេះ បានកើតឡើងនៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតក្នុងផ្ទះជនរងគ្រោះ នៅភូមិព្រៃតាម៉ៅ ឃុំគីរីចុងកោះ ស្រុកគីរីវង់ ខេត្តតាកែវ។
លោក យុគ សារ៉ាត់ អធិការនគបាលស្រុកគីរីវង់ បានឲ្យដឹងថា ជនសង្ស័យ ដែលវៃជាន់ករប្រពន្ធទាល់តែស្លាប់នេះ ឈ្មោះ វេត សាក់ អាយុ៣៦ឆ្នាំ រីឯនារីរងនូវអំពើហិង្សាជាប្រពន្ធឈ្មោះ ម៉ុស ស្ដើង អាយុ ៣០ឆ្នាំ។
លោកអធិការស្រុកគីរីវង់ បានបន្តថា ជនសង្ស័យតែងតែផឹកស្រាស្ទើររាល់ថ្ងៃ ហើយតែងតែប្រើអំពើហឹង្សាដាក់ប្រពន្ធ ដោយក្នុងនោះសមត្ថកិច្ច បានហៅអប់រំជាច្រើនលើកមកហើយ។ ដោយឡែកនៅថ្ងៃកើតហេតុ ជនសង្ស័យបានផឹកស្រាច្រៀងខារ៉ាអូខេ នៅផ្ទះតាំងពីថ្ងៃ លុះផឹកដល់ម៉ោង ១០យប់ ក៏សុំលុយប្រពន្ធ២ពាន់រៀល ទិញស្រាសផឹកបន្ត ក៏ប៉ុន្តែប្រពន្ធប្រាប់ថា គ្មានលុយ ពេលនោះជនសង្ស័យខឹង ក៏ស្ទុះទៅវ៉ៃជាន់ករបណ្ដាលឲ្យស្លាប់ភា្លមៗនៅកន្លែងកើតហេតុតែម្ដង។
ក្រោយពេលកើតហេតុ កូនស្រីរបស់ជនរងគ្រោះ បានឃើញម្ដាយដេកស្ដូកស្ដឹង ក៏បានរត់ទៅប្រាប់មេភូមិ ក្រោយមកបានមេភូមិបានទាក់ទង ទៅសមត្ថកិច្ចឲ្យមកឃាត់ខ្លួន ជនសង្ស័យតែម្ដង។
លោកអធិការ បានបន្ថែមថា គ្រូសារនេះជាគ្រូសារក្រីក្រ នៅក្នុងភូមិដែលមានកូន ៤នាក់នៅក្នុងបន្ទុក ហើយអ្វីដែលគួរឲ្យខ្លោចផ្សារបំផុតនោះ គឺកូនប្រុសរបស់ស្រ្តីរងគ្រោះ អាយុទើបតែ ១ខួបប៉ុណ្ណោះ ត្រូវការម្ដាយបំបៅ តែពេលនេះម្ដាយបានស្លាប់ចោលបាត់ទៅហើយ។
លោកអធិការស្រុកគីរីវង់ បានជួយរៀបចំពិធីបុណ្យសព និងបានផ្ដល់អង្ករ ២បាវ មី ២កេះ និងថវិកា ១០ម៉ឺនរៀល។ ជាចុងក្រោយលោក ក៏បានសំណូមពរឲ្យសម្បុរសជននានា ជួយគ្រួសារដ៏កម្សត់នេះ ព្រោះគ្មានអ្នកទីពឹងទៀតទេ ម្ដាយក៏ស្លាប់ ឪពុក៏ជាប់គុកទៀត៕