(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងគ្រឿងញៀន បានណែនាំឲ្យមន្ត្រីដែលទើបតែងតាំង និងទទួលតំណែងថ្មី ព្រមទាំងមន្ត្រី នៃមន្ទីរប្រឆាំងគ្រឿងញៀនទាំងអស់ ត្រូវសហការសាមគ្គីផ្ទៃក្នុង និងអនុវត្តភាកិច្ចជូនអង្គភាពឲ្យមានប្រសិទ្ធិភាព។

ការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានធ្វើឡើងក្នុងឱកាសដែលលោកជាតំណាងនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ អញ្ជើញក្នុងឱកាសប្រកាសតែងតាំងមុខតំណែងមន្ត្រី នៃមន្ទីរប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

លោកឧត្តមសេនីយ៍ទោ ឃឹង សារ៉ាត់ បានណែនាំឲ្យមន្ត្រីត្រូវចេះអត់ធ្មត់សហការគ្នា ធ្វើការដោយភាពទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវពាក្យស្លោក «នៅផ្ទះម្តាយទីទៃនៅព្រៃម្តាយតែមួយ»

លោកឧត្តមសេនីយ៍ទោបានបន្តថា មន្រ្តីទើបទទួលការតែងតាំងថ្មី ត្រូវរៀនសូត្រដកពិសោធន៍ពីមន្ត្រីចាស់ៗ ដែលធ្លាប់អនុវត្តកន្លងមក ពិសេសត្រូវចេះស្រលាញ់រាប់អានគ្នាវិញជាធ្លុងមួយ «កុំមើលបំណាំគ្នា»

លោកឧត្តមសេនីយ៍ទោ នាយកមន្ទីរប្រឆាំងគ្រឿងញៀន គូសបញ្ជាក់ថា គ្រប់មន្ត្រីទាំងអស់ ពេលចុះប្រតិបត្តិការត្រូវរាយការណ៍ ដល់ប្រធានក្រុមការងារផ្ទាល់ចៀសវាង មានបញ្ហាកើតឡើងគ្មានការទទួលខុសត្រូវ និងរាល់ពេលចុះប្រតិបត្តិការ ត្រូវធ្វើការប្រកបដោយជំនាញបច្ចេកទេសក្រមសិលធម៌វិជ្ជាវៈ។

សូមជម្រាបថា ពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងនាយនគរបាលជាតិថ្នាក់វរសេនីយ៍ មានចំនួន០៤រូប នៃនាយកមន្ទីរប្រឆាំងគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ នៃក្រសួងមហាផ្ទៃ រួមមាន ៖
១៖ លោកវរសេនីយ៍ឯក ហុង វណ្ណារិទ្ធ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
២៖ លោកវរសេនីយ៍ទោ ម៉ាក់ សេរីវឌ្ឍនៈ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
៣៖ លោកវរសេនីយ៍ទោ វ៉ាន់ កែវវង្សវិចិត្រ ជានាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។
៤៖ លោកវរសេនីយ៍ឯក គង់ សីវឌ្ឍនា ជានាយការិយាល័យរដ្ឋបាល-សរុប៕