(ឧត្ដរមានជ័យ)៖ ទេសរដ្ឋមន្ត្រី គន់ គីម សមាជិកគណៈអចិន្ដ្រៃយ៍ គណៈកម្មាធិការកណ្ដាល នៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារ ចុះជួយខេត្តឧត្ដរមានជ័យ នាព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគណបក្សប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្ត ឆ្នាំ២០២៣ របស់គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ និង​ផ្សព្វផ្សាយសេចក្តីសម្រេចចិត្ត នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់គណបក្សប្រជាជនកម្ពុជា។

បើតាមរបាយការណ៍ បានឲ្យដឹងថា ឆ្នាំ២០២២កន្លងមកនេះ គឺជាឆ្នាំដែលប្រទេសកម្ពុជា ក៏ដូចជាសកលលោកទាំងមូល បានជួបប្រទះវិបត្តិនៃជំងឺកូវីដ-១៩ និងគ្រោះទឹកជំនន់ទឹកភ្លៀង ដែលបានបង្កផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរបំផុត លើវិស័យសេដ្ឋកិច្ចសង្គម តែទោះជាយ៉ាងនេះក្តី គណៈកម្មាធិការគណបក្សមូលដ្ឋានគ្រប់ថ្នាក់នៅក្នុងខេត្តឧត្តរមានជ័យ តែងបានរួមសហការជាមួយក្រុមការងារ គណបក្សប្រជាជនកម្ពុជាចុះជួយខេត្ត និងបណ្តាអង្គការចាត់តាំងបក្ស បានខិតខំបំពេញភារកិច្ចចុះជាប់តាមមូលដ្ឋានជាប្រចាំរួមប្រាស្រ័យជាមួយសមាជិកគណបក្ស និងប្រជាពលរដ្ឋដោយមិនមាន ការប្រកាន់និន្នាការនយោបាយ ដើម្បីអប់រំផ្សព្វផ្សាយ ឲ្យមានការយល់ដឹងអំពី គ្រោះថ្នាក់នៃជំងឺរាតត្បាតកូវីដ-១៩ ការចុះជួយប្រជាជនពីគ្រោះជំនន់ទឹកភ្លៀង ក៏ដូចជាការផ្សព្វផ្សាយអំពីសភាពការណ៍វិវឌ្ឍន៍ថ្មីៗ ដោយសមូហភាព និងឆន្ទៈមុះមុត ទំនួលខុសត្រូវខ្ពស់។

លោក គន់ គីម បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចសមិទ្ធផលធំៗជាច្រើន មានជាអាទិ៍ ខឿនឯករាជ្យជាតិ អធិបតេយ្យ បូរណភាពទឹកដី សន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងអំណាចរដ្ឋ ត្រូវបានថែរក្សាការពារយ៉ាងរឹងមាំ និងដំណើរការកែទម្រង់ស៊ីជម្រៅ និងទូលំទូលាយត្រូវបានជំរុញអនុវត្តដោយ ឆន្ទៈមុតស្រួច និងមានប្រសិទ្ធភាព ហើយកំណើនសេដ្ឋកិច្ចជាតិ នៅតែមានសន្ទុះទៅមុខ ទោះបីជាពិភពលោកត្រូវប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ ក៏ដោយ។

លោកប្រធាន បានគូសបញ្ជាក់ថា ដោយឡែកគណបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ គ្រប់លំដាប់ថ្នាក់ បានប្រមូលផ្តុំអស់ស្មារតី កម្លាំងកាយចិត្ត រួមសាមគ្គីគ្នា ប្រយុទ្ធនឹងការរីករាលដាលជំងឺកូវីដ១៩ ទទួលបានលទ្ធផលគួរជាទីមោទនៈ ជាមួយគ្នានោះ ក្រុមការងារគណបក្សគ្រប់ថ្នាក់ បានប្រមូលផ្តុំកម្លាំងអនុវត្តនូវបណ្តាភារកិច្ចសំខាន់ជាច្រើន តាមសេចក្តីសម្រេចស្តីពីផែនការរួម ឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ខាងមុខ។

លោកបានសង្កត់ធ្ងន់ថា ដើម្បីបន្តពង្រឹងការជឿជាក់ និងការគាំទ្ររបស់ប្រជាពលរដ្ឋមកលើគណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ នាឆ្នាំ២០២២ ខាងមុខ ក្រុមការងារគណបក្សគ្រប់លំដាប់ថ្នាក់ ត្រូវអនុវត្តកិច្ចការសំខាន់ៗមួយចំនួនដូចជា៖

១៖ ការពង្រឹងអង្គការចាត់តាំងបក្ស ក្រុមការងារគណបក្ស និងការពង្រឹងពង្រីកសមាជិកបក្ស,
២៖ ជំរុញអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលស្តីពី ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព,
៣៖ បន្តពង្រឹងអភិបាលកិច្ចល្អនៅតាមស្ថាប័នសាធារណៈគ្រប់ថ្នាក់ ដើម្បីលើកកម្ពស់ការបម្រើប្រជាពលរដ្ឋ,
និង៤៖ ការពង្រឹងរដ្ឋបាលឃុំ សង្កាត់ និង ភូមិ ជាពិសេសបន្តជំរុញការងារចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញដល់ប្រជាពលរដ្ឋ ឲ្យបានគ្រប់ៗគ្នាផងដែរ៕