(កំពង់ធំ)៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ រសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ បានដឹកនាំសហការី រួមជាមួយអាជ្ញាធរដែនដី បានទៅប្រគល់ខ្នងផ្ទះទី២៤៥ ដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តាមរយៈទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ជូនគ្រួសារអតីតយុទ្ធជនពលី ដែលរងគ្រោះដោយអគ្គិភ័យឆាបឆេះផ្ទះ នាពេលកន្លងមក នៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

លោក អ៊ុត វណ្ណារ៉ា អភិបាលស្រុក ប្រធានកិត្តិយសប្រធានសមាគម អតីតយុទ្ឋជនកម្ពុជា ស្រុកកំពង់ស្វាយ បានបញ្ជាក់ថា ឈ្មោះ សុខ ឡាយ អាយុ៧៨ឆ្នាំ ត្រូវជាម្តាយលោកពលបាលឯក ហេង ហ៊ី ចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៧ នៅអង្គភាពកងពលលេខ៥ចាស់ ហើយបានពលីជីវិតនៅឆ្នាំ១៩៩១ ពេលប្រយុទ្ធជាមួយខ្មាំងនៅសមរភូមិអូរពោធិ៍ ខេត្តព្រះវិហារ។ លោកយាយ សុខ ឡាយ មានកូននៅក្នុងបន្ទុកចំនួន៥នាក់ ដោយគាត់ចាស់ជរាមិនអាចប្រកបរបរអ្វី រស់នៅពឹងផ្អែកលើកូនៗ ដោយជីវភាពរបស់កូនសុទ្ធតែខ្វះខាត ហើយជម្រកស្នាក់នៅរបស់គាត់ ត្រូវបានអគ្គិភ័យឆាប់អស់ កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

ឧត្ដមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីការលំបាកនេះ និងដោយអនវត្តន៍តាមបទបញ្ជារបស់ ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម គណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានចាត់តាំងក្រុមការងារសាងសង់ផ្ទះ ជូនគាត់នៅពេលនេះ ដែលជាខ្នងផ្ទះទី២៤៥ អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយបានសាងសង់ខ្ពស់ផុតពីដីសសរបេតុង ឆ្អឹងដែក រនាបក្តា ជញ្ជាំង ស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានអំពាវនាវដល់ក្រុមគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមអនុវត្តនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីភាពសុខសាន្ត នៅក្នុងមូលដ្ឋាន និងសង្គមជាតិយើង និងត្រូវប្រុងប្រយ័ត្នអគ្គិភ័យឆាបឆេះផ្ទះសម្បែង បងប្អូនប្រជាពលរដ្ឋបន្តទៀត ព្រោះពេលនេះជារដូវក្ដៅ ងាយស្រួលបណ្តាលឲ្យភ្លើងឆាបឆេះ។ ពេលចេញដំណើរទៅក្រៅផ្ទះ ត្រូវបិទចរន្តអគ្គិសនី និងប្រុងប្រយ័ត្នពន្លត់ភ្លើងចង្ក្រាន្ត ឬពន្លត់ធូបទៀននៅក្នុងផ្ទះ។

នៅក្នុងពិធីប្រគល់ផ្ទះថ្មីនៅពេលនេះ ក្រុមការងារសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បាននាំយកអំណោយរបស់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី ផ្ដល់ជូនគាត់បន្ថែមទៀតមាន៖ អង្ករចំនួន៧៥គីឡូក្រាម មីចំនួន៤កេស ត្រីខចំនួន២យួរ ទឹកត្រី ទឹកស៊ីអ៊ីវ ចំនួន ២យួរ និងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយ ព្រមទាំងថវិកាមួយចំនួនផងដែរ៕