(កំពង់ឆ្នាំង)៖ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ក្រុមការងារចម្រុះ ដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិ បានចុះធ្វើការស្រាវជ្រាវ និងបង្ក្រាបអ្នកពាក់ព័ន្ធការ ឈូសឆាយ ហ៊ុមព័ទ្ធដីព្រៃសហគមន៍ភ្នំទឹកដោះស្រស់បំព្រង ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង យកធ្វើជាកម្មសិទ្ធិ និងពង្រឹងការអនុវត្តច្បាប់ដោយសហការជាមួយមន្ត្រីរដ្ឋបាលព្រៃឈើ និងអាជ្ញាធរមូលដ្ឋាន។

សកម្មភាពនេះ ធ្វើឡើងបន្ទាប់ពីគណៈបញ្ជាការឯកភាពស្រុកកំពង់លែង ចុះចាប់គ្រឿងចក្រ (ត្រាក់ទ័រ) ចំនួន៣គ្រឿង ដែលកំពុងធ្វើសកម្មភាពឈូសឆាយដីព្រៃរបស់រដ្ឋដោយអត់ច្បាប់ កាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅថ្មីៗនេះ។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បន្ទាប់ពីទទួលបានរបាយការណ៍ពីអាជ្ញាធរស្រុកកំពង់លែង រាយការណ៍ និងបានប្រគល់គ្រឿងចក្រចំនួន៣គ្រឿង ដែលអាជ្ញាធរ ស្រុកកំពង់លែង ចុះចាប់ឃាត់កាលពីល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៣កន្លងទៅនេះ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈនេះ លោកក៏បានចាត់ក្រុមការងារ ដែលមានមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមជាមួយថ្នាក់ដឹកនាំ និងក្រុមការងារនាយកដ្ឋាននីតិកម្ម និងពង្រឹងការអនុវត្តច្បាប់នៃរដ្ឋបាលព្រៃឈើថ្នាក់ជាតិចុះពិនិត្យ និងស្រាវជ្រាវ នៅលើទីតាំងដីដែលត្រូវបានគេឈូសឆាយនៅចំណុចត្រពាំងចំបក់ ស្ថិតក្នុងភូមិក្នុង ឃុំស្វាយរំពារ ស្រុកកំពង់លែង តាមជាក់ស្ដែងផងដែរ។

លោក សឿន វណ្ណា នាយរងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង បានបញ្ជាក់ឲ្យដឹងថា បន្ទាប់ពីក្រុមការងារបានធ្វើការពិនិត្យទៅលើទីតាំងដីជាក់ស្ដែង មន្ត្រីជំនាញបានរកឃើញថា ដីដែលត្រូវបានគេលួចឈូសឆាយខាងលើនេះ គឺជាដីគ្រប់គ្រងដោយអតីតសហគមន៍ ដែលបានកាត់មកឲ្យខាងក្រសួងបរិស្ថានគ្រប់គ្រងជាតំបន់ប្រើប្រាស់ច្រើនយ៉ាងភ្នំនាងកង្រីទូកមាស តាំងពីឆ្នាំ២០០២មកម្ល៉េះ ហើយនៅសេសសល់ខ្លះដែលបច្ចុប្បន្នគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើ។

លោកបានបញ្ជាក់ទៀតថា ចំណែកដីដែលត្រូវបានគេលួចឈូសឆាយនោះ គឺជាដីគ្រប់គ្រងដោយរដ្ឋបាលព្រៃឈើពិតប្រាកដមែន រីឯទំហំនៃការខូចខាត បន្ទាប់ពីជំនាញធ្វើការវាស់វែងបានរកឃើញការឈូសឆាយថ្មីៗ អស់ប្រមាណជា ៤៣០៣.៥មែត្រការ៉េ ស្មើនឹងជិតកន្លះហិកតា។ លោកបញ្ជាក់ថា ករណីខាងលើនេះដែរ ខាងខណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំង និងធ្វើការស្រាវជ្រាវរកម្ចាស់គ្រឿងចក្រមកធ្វើការសាកសួរ បន្ទាប់មកនឹងចាត់វិធានការតាមនីតិវិធីបន្ត៕