(កំពង់ធំ)៖ លោក ញ៉ឹក បានខេង អភិបាលរងខេត្តកំពង់ធំ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ខេត្តកំពង់ធំ។ កិច្ចប្រជុំនេះមានការចូលរួមពី ប្រធាន សមាជិកក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ដែលជាសមាជិក សមាជិកាក្រុមប្រឹក្សា នៃសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ គណៈអភិបាលក្រុង ស្រុក តំណាងដៃគូអភិវឌ្ឍន៍ និងសង្គមស៊ីវិល។

លោក គៀង សេងគី ប្រធានសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានរាយការណ៍អំពី សមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់ឋានៈ និងអភិវឌ្ឍន៍សមត្ថភាពដល់ក្រុមប្រឹក្សាក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តកំពង់ធំ ការពារផលប្រយោជន៍ និងគុណប្រយោជន៍ស្របច្បាប់របស់សមាជិក កសាងភាពជាដៃគូជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ពង្រឹងនីតិរដ្ឋ និងជំរុញលទ្ធិប្រជាធិបតេយ្យ ហើយផ្តោតការយកចិត្តទុកដាក់ខ្ពស់ ក្នុងការលើកកម្ពស់ការចូលរួមរបស់សមាគមក្រុមប្រឹក្សារដ្ឋបាលថ្នាក់ក្រោមជាតិ នៅក្នុងដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការនៅកម្ពុជា។

លោក ញ៉ឹក បានខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះសមាគមក្រុមប្រឹក្សាថ្នាក់មូលដ្ឋានខេត្តកំពង់ធំ បានខិតខំការពារផលប្រយោជន៍រួមរបស់ក្រុមប្រឹក្សាក្រុង ស្រុក និងឃុំ សង្កាត់ទាំងអស់ ក្នុងខេត្តកំពង់ធំ ព្រមទាំងជាអ្នកអភិវឌ្ឍន៍សមត្ថភាព និងបង្កើនប្រសិទ្ធភាព នៃការផ្តល់សេវាសាធារណៈ ដែលរួមចំណែកលើកកម្ពស់គុណភាព ជីវភាពរស់នៅ និងសុខុមាលភាពរបស់ប្រជាពលរដ្ឋ តាមរយៈអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យនៅមូលដ្ឋាន។

លោកបានរំលឹកឡើងថា នៅពេលមានក្រុមប្រឹក្សាឃុំ សង្កាត់នៅឆ្នាំ២០០២ ដែលកើតឡើងពីការបោះឆ្នោតដោយផ្ទាល់របស់ប្រជាពលរដ្ឋ បញ្ហាសមត្ថភាព ស្វ័យភាព និងគណនេយ្យភាពរបស់ក្រុមប្រឹក្សា គឺជាអាទិភាពចម្បងមួយដែលក្រសួងមហាផ្ទៃ ក៏ដូចជាក្រសួង ស្ថាប័នដទៃទៀត បានយកចិត្តទុកដាក់ខ្ពស់ធ្វើយ៉ាងណាឲ្យក្រុមប្រឹក្សាឃុំ សង្កាត់ បំពេញតួនាទី ភារកិច្ចប្រកបសមត្ថភាព មានស្វ័យភាព និងមានគណនេយ្យភាពខ្ពស់ស្របតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តជាធរមាន។

លោក ញ៉ឹក បានខេង បានបញ្ជាក់ថា ក្នុងទស្សនវិស័យរាជរដ្ឋាភិបាលតាមរយៈក្រសួងមហាផ្ទៃ បានសម្របសម្រួល និងគាំទ្រទាំងស្រុងចំពោះគំនិតផ្តួចផ្តើមបង្កើតឲ្យមាន «សមាគមក្រុមប្រឹក្សាឃុំ សង្កាត់នៅតាមរាជធានី ខេត្ត» និង «សម្ព័ន្ធភាពជាតិក្រុមប្រឹក្សាឃុំ សង្កាត់» នៅឆ្នាំ២០០៦ ដែលជាតំណាងឲ្យសំឡេងរបស់ក្រុមប្រឹក្សាឃុំ សង្កាត់នៅទូទាំងប្រទេស។

លោកបានលើកទឹកចិត្តដល់លោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាសមាគម និងអ្នកពាក់ព័ន្ធត្រូវបំពេញតួនាទី ឲ្យកាន់តែសកម្មប្រកបដោយឯករាជ្យភាព ស័ក្តិសមជាអង្គការដៃគូ ក្នុងការតស៊ូមតិ ពិភាក្សា និងផ្តល់យោបល់ដល់ស្ថាប័នពាក់ព័ន្ធ ក្នុងការការពារផលប្រយោជន៍ស្របច្បាប់របស់ក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់៕