(កូរ៉េ)៖ ដោយទទួលបានការអញ្ជើញ ពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្ម នៃអង្គការសហប្រជាជាតិ (UNIDO) និងដោយទទួលបានការអនុញ្ញាត ពីរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានដឹកនាំគណៈប្រតិភូ ទៅចូលរួមសន្និសីទឧស្សាហកម្ម បៃតងលើកទី៤ ក្រោមប្រធានបទ «ឧស្សាហកម្មបៃតងសម្រាប់និរន្តរភាពទីក្រុង» (Green Industry for Sustainable Cities) ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៦ នេះ នៅទីក្រុងអ៊ុលសាន សាធារណរដ្ឋកូរ៉េ។
តាមការប៉ានស្មាន របស់អង្គការសហប្រជាជាតិ នៅឆ្នាំ២០៥០ ខាងមុខនេះ ប្រជាពលរដ្ឋប្រមាណ ៧០% នៃពិភពលោកនឹងរស់នៅ ក្នុងទីក្រុង ដើម្បីស្វែងរកការងារធ្វើ សម្រាប់ផ្គត់ផ្គង់ ជីវភាពរស់នៅប្រចាំថ្ងៃ ដូច្នេះកំណើនឧស្សាហកម្ម ដែលជាមូលដ្ឋាននៃសេដ្ឋកិច្ច នឹងអាចនាំមកនូវការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរ។ ដូចនេះ ដើម្បីរៀបចំទីក្រុង ឲ្យក្លាយទៅជាទីក្រុងបៃតង គឺត្រូវផ្តោតសំខាន់ លើការរៀបចំឲ្យឧស្សាហកម្មទាំងឡាយ ទៅជាឧស្សាហកម្មបៃតង ដែលមានន័យថា ជាប្រទេសឧស្សាហកម្ម ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ការផ្តួចផ្តើមគំនិតច្នៃប្រឌិតថ្មី ធ្វើយ៉ាងណាឲ្យមានការសន្សំសំចៃថាមពល ការកាត់បន្ថយការខ្ចះខ្ជាយវត្ថុធាតុដើម ការកាត់បន្ថយកាកសំណល់ ដែលបំពុលបរិយាកាស ការប្រើប្រាស់ឡើងវិញ នូវកាកសំណល់ដែលបោះចោល ហើយមានផលិតភាពដដែល ឬខ្ពស់ជាងមុន ដែលជួយទៅដល់ការកាត់បន្ថយ ចំណាយ និងមានប្រសិទ្ធភាព សេដ្ឋកិច្ចខ្ពស់ជាងមុន។
នៅក្នុងសន្និសីទ ក៏មានការធ្វើបទបង្ហាញ អំពីបទពិសោធន៍នៃទីក្រុងអ៊ុលសាន ដែលពីមុនមានការបំពុលបរិស្ថាន យ៉ាងធ្ងន់ធ្ងរដោយសារ ឧស្សាហកម្មធុនធ្ងន់ និងឧស្សាហកម្មគីមី ក៏ប៉ុន្តែបច្ចុប្បន្ន គេបានប្រែក្លាយទីក្រុងនេះ ទៅជាទីក្រុងបៃតង ដោយរក្សាបាននូវកំណើនសេដ្ឋកិច្ចដដែល។ ជាបទពិសោធន៍ ដែលបានចែករំលែករួមមាន៖
ទី១- ការបង្កើតតំបន់ឧស្សាហកម្ម ដើម្បីងាយស្រួលក្នុងការ គ្រប់គ្រងបរិស្ថាន និងផ្តល់នូវបច្ចេកវិទ្យាថ្មីៗ ក្នុងការសន្សំសំចៃថាមពល វត្ថុធាតុដើម និងកាត់បន្ថយការបំពុលបរិយាកាស។
ទី២- ការផ្សាភ្ជាប់រវាង តម្រូវការរបស់ឧស្សាហកម្មមួយ ទៅឧស្សាហកម្មមួយទៀត ក្នុងការផ្គត់ផ្គង់នូវកាកសំណល់របស់ រោងចក្រមួយ តែវាជាវត្ថុធាតុ សម្រាប់ការផលិតរបស់រោងចក្រមួយទៀត ដែលធ្វើឲ្យមានការចំណេញទាំងសងខាង និងកាត់បន្ថយការបញ្ចេញ ចោលកាកសំណល់។
ទី៣- ការរៀបចំផ្លាស់ប្តូរប្រភព ថាមពលមួយចំនួនឲ្យទៅជា ការប្រើប្រាស់ថាមពលស្អាត ដូចជាថាមពលកកើតឡើងវិញ ឬប្រើប្រាស់ឧស្ម័នអ៉ីដ្រូសែនជាដើម។
ទី៤- ការរៀបចំឧស្សាហកម្ម ដឹកជញ្ជូនឲ្យមានលក្ខណៈសន្សំសំចៃ កាត់បន្ថយការបំពុលបរិស្ថានខ្យល់ និងមានប្រសិទ្ធភាពខ្ពស់។
នៅក្នុងសន្និសីទនោះដែរ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើបទបង្ហាញស្តីពី ការផ្តល់នូវគំនិតថ្មីមួយទៀត គឺការធ្វើឧស្សាហកម្មបៃតងនេះ ត្រូវធ្វើឡើងជាខ្សែចង្វាក់គឺ «ឡូជីស្ទីកបៃតង» ដែលមានន័យថា គ្រប់ផ្នែកនៃខ្សែចង្វាក់ ដែលចាប់ផ្តើមពី វត្ថុធាតុដើម ការកែច្នៃ ការជញ្ជូន ការវេចខ្ចប់ ការផ្តល់-ទទួលសេវា រហូតដល់ទីបញ្ចប់ គឺត្រូវតែបៃតងទាំងអស់ ទើបមានលក្ខណៈ ជាឧស្សាហកម្មបៃតងទាំងស្រុង។ ម៉្យាងទៀតរដ្ឋាភិបាលត្រូវផ្តល់ ការលើកទឹកចិត្តដល់ផ្នែកឯកជន ក្នុងការរៀបចំឲ្យមានខ្សែចង្វាក់ បៃតងនេះ ហើយរដ្ឋាភិបាលដែលអនុវត្ត ឡូជីស្ទីកបៃតងនេះ ក៏ត្រូវបានទទួលការលើកទឹកចិត្ត ពីប្រទេសឧស្សាហកម្មធំៗផងដែរ ហើយទស្សនៈនេះ ត្រូវបានសមាជិក អង្គប្រជុំគាំទ្រជាខ្លាំង។
ឆ្លៀតក្នុងឱកាស នៃការចូលរួមសន្និសីទខាងលើ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក៏បានជួបពិភាក្សាទ្វេភាគី ជាមួយលោក Ly Yong អង្គលេខាធិការនៃអង្គការ UNIDO ផងដែរ ដែលក្នុងជំនួបពិភាក្សានោះ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ បានលើកនូវទស្សនៈ និងសំណូមពីរ៖
ទី១- ទស្សនៈឡូជីស្ទីកបៃតង
ទី២- ស្នើសុំឲ្យ UNIDO ជួយផ្តល់នូវឧបករណ៍ ដែលធ្វើការវាស់វែងបាន ដើម្បីត្រួតពិនិត្យលើរោងចក្រ សហគ្រាសដែលបានអនុវត្តឧស្សាហកម្មបៃតង។
ជាការឆ្លើយតប លោក Ly Yong បានគាំទ្រយ៉ាងពេញទំហឹង ចំពោះទស្សនៈ ឡូជីស្ទីកបៃតង និងទទួលយកសំណើ ហើយនឹងស្វែងរកឧបករណ៍ វាស់វែងឧស្សាហកម្មបៃតង ដើម្បីផ្តល់ជូនតាមការ ស្នើសុំ។
បន្ទាប់មក លោក Ly Yong ក៏បានអញ្ជើញ លោកទេសរដ្ឋមន្រ្តី ចម ប្រសិទ្ធ ចូលរួមទិវាគម្រប់ខួប៥០ឆ្នាំ នៃអង្គការ UNIDO ដែលនឹងប្រព្រឹត្តទៅ នៅខែវិច្ឆិកា ឆ្នាំ២០១៦ ខាងមុខនេះ៕