(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ គណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» បានរៀបចំកិច្ចប្រជុំលើកទី៣របស់ខ្លួន ដើម្បីពិនិត្យ ពិភាក្សា និងអនុម័តបទប្បញ្ញត្តិមួយចំនួន នៃច្បាប់ស្តីពីការប្រកួតប្រជែង។

កិច្ចប្រជុំព្រឹកមិញនេះ ជជែកលើលើរបៀបវារៈសំខាន់ៗ ចំនួន៣ រួមមាន៖ ៖ ១)សេចក្តីព្រាងប្រកាសស្តីពីបែបបទ និងនីតិវិធីនៃការចេញវិធានការផ្អាកជាបណ្តោះអាសន្ន និង/ឬសេចក្តីសម្រេចរបស់ គ.ប.ក., ២) សេចក្តីព្រាងសេចក្តីសម្រេចស្តីពីបែបបទ និងនីតិវិធីនៃការគណនាប្រាក់ផាកពិន័យ និង ៣) សេចក្តីព្រាងសេចក្តីសម្រេចស្តីពី កម្រិតកំណត់នៃការជូនដំណឹងជាមុនអំពីការរួមបញ្ចូលគ្នានៃធុរកិច្ច។

កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម និងជាប្រធានគណៈកម្មាធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» និងមានការអញ្ជើញ ចូលរួមពីពីលោក លោកស្រីអនុប្រធានអចិន្ត្រៃយ៍ អនុប្រធាន សមាជិក នៃគណៈកម្មា ធិការប្រកួតប្រជែងកម្ពុជា «គ.ប.ក.» ព្រមទាំងសមាជិក សមាជិកា គ.ប.ក. ដែលជា បុគ្គលឯករាជ្យ ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកានៃលេខា ធិការដ្ឋាននៃ គ.ប.ក. ជាច្រើនរូប។

កិច្ចប្រជុំលើកទី៣ របស់ គ.ប.ក. នេះ គឺមានគោលបំណងផ្តល់ឱកាសដល់សមាជិក គ.ប.ក. ទាំងអស់ផ្តល់ធាតុចូលសំខាន់ៗលើឯកសារទាំងនេះ ដើម្បីធានាឱ្យមានលក្ខណៈ គ្រប់ជ្រុងជ្រោយនិងសមស្របតាមលិខិតបទដ្ឋានគតិយុត្តជាធរមាន ព្រមទាំងផ្តល់ ឱកាសជូនលេខាធិការដ្ឋាននៃ គ.ប.ក. ឆ្លើយតប និងការផ្តល់សេចក្តីពន្យល់ដល់ គ.ប.ក. ពាក់ព័ន្ធនឹងការរៀបចំ និងកសាងនូវឯកសារទាំងនេះ ក្នុងកំឡុងពេលកិច្ចប្រជុំតែម្តង។

ជាលទ្ធផលអង្គប្រជុំបានឯកភាពជារួមលើខ្លឹមសារនៃឯកសារទាំង ៣ខាងលើ ព្រមទាំង ឯកភាពក្នុងការទទួលធាតុចូលបន្ថែមលើឯកសារទាំងនេះ ពីសមាជិក គ.ប.ក. ទាំងអស់ ត្រឹមថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៣។ តាមរយៈការបញ្ជូនធាតុចូលទាំងនោះ ទៅលេខាធិការដ្ឋាន ក្នុងការសម្របសម្រួល និងកែសម្រួល ដើម្បីដាក់ជូនលោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធាន គ.ប.ក. ចុះហត្ថលេខា៕