(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានប្រកាសផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ទៅសិក្សានៅសាធារណរដ្ឋប្រជាមានិតចិនចំនួន ០៥កន្លែង ដែលរដ្ឋាភិបាលចិនបានផ្តល់ជូនលោក។

ឧបនាយករដ្ឋមន្រ្តី នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ បានប្រកាសផ្តល់អាហារូបករណ៍ទាំងអស់នេះ ជូននិស្សិតកម្ពុជាដែលបានប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្រាប់ថ្នាក់ឧត្តមសិក្សា និងក្រោយសិក្សាឧត្តមសិក្សា នៅសាធារណរដ្ឋប្រជាមានិតចិន។

អាហារូបករណ៍ដែលផ្តល់ដោយឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ជូននិស្សិតកម្ពុជាចំនួន០៥ កន្លែងនេះ គឺដើម្បីសិក្សាខាងបច្ចេកទេស និងស្ថាបត្យកម្ម ដែលនឹងឆ្លើយតបនឹងតម្រូវការក្នុងការអភិវឌ្ឍធនធានមនុស្សនៅប្រទេសកម្ពុជា នាពេលបច្ចុប្បន្ន។

ដូច្នេះសម្រាប់និស្សិតដែលមានបំណងទទួលអាហារូបករណ៍នេះ សូមទំនាក់ទំនងជាមួយ៖ លោកស្រី កែវ សិរីសុគន្ធារី តាមទូរស័ព្ទលេខៈ ០១៧ ៥៦៩ ០៤១ ដើម្បីបំពេញបែបបទ និងលិខិតស្នាមផ្សេងៗឲ្យបានមុនថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ២០២៣៕