(ភ្នំពេញ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្ម និងលោក FUMIAKI TAKAHASHI អតីតឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា និងជាប្រធានសមាគមកម្ពុជា-ជប៉ុន បានជួបពិភាក្សាលើការងារមួយចំនួន ក្នុងគោលបំណងជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា។

ជំនួបធ្វើឡើងនាថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ លោក ប៉ាន សូរស័ក្តិ បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក FUMIAKI TAKAHASHI និងសហការី ដែលបានធ្វើដំណើរមកកាន់ប្រទេសកម្ពុជាជាថ្មីម្តងទៀត។ លោករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណចំពោះសមាគមកម្ពុជា-ជប៉ុន ដែលបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការគាំទ្រជាបន្តបន្ទាប់ដល់ក្រសួងពាណិជ្ជកម្មក្នុងពេលកន្លងមក។

ក្នុងជំនួបនោះ គណៈប្រតិភូសមាគមជប៉ុន-កម្ពុជា បានធ្វើបទបង្ហាញជូនលោករដ្ឋមន្ត្រី និងអង្គប្រជុំអំពីប្រតិបត្តិការធុរកិច្ចក៏ដូចជាទិសដៅរបស់ក្រុមហ៊ុនជប៉ុនមួយចំនួននៅកម្ពុជា ជាពិសេសការវិនិយោគលើវិស័យវារីវប្បកម្ម ផលិតផលសុខភាព កម្លាំងពលកម្ម សូត្រជាដើម។

លោករដ្ឋមន្ត្រីពាណិជ្ជកម្ម បានគាំទ្រ និងផ្តល់អនុសាសន៍ណែនាំឱ្យ ក្រុមហ៊ុនធ្វើការពាក់ ព័ន្ធជាមួយក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីពង្រីកប្រតិបត្តិការអាជីវកម្ម របស់ខ្លួនឱ្យកាន់តែ ជោគជ័យបន្ថែមទៀត ជាពិសេសការនាំផលិតកម្ពុជាចូលទីផ្សារជប៉ុន តាមរយៈមជ្ឈមណ្ឌលធុរកិច្ចកម្ពុជានៅជប៉ុនជាដើម។

លោករដ្ឋមន្ត្រី ក៏បានលើកទឹកចិត្ត និងជំរុញឱ្យសមាគមជប៉ុន-កម្ពុជា ទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានា ដែលកម្ពុជាជាសមាជិកមានដូចជា៖ អាសិប និងកិច្ចព្រមព្រៀងទ្វេភាគីក៏ដូចជា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនានាជាមួយដៃគូអាស៊ាន ដើម្បីពង្រីកទីផ្សារ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។

លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានជម្រាបប្រធានសមាគម និងសហការីនៃសមាគម ជប៉ុន-កម្ពុជា អំពីការងារអាទិភាពសំខាន់ៗ មួយចំនួនដែលក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តក្នុងកិច្ចខិតខំប្រឹងប្រែង ធ្វើឱ្យកាន់តែប្រសើរឡើងលើវិស័យ ពាណិជ្ជកម្ម និងធុរកិច្ច ដើម្បីជួយសម្រួលដល់វិនិយោគិននៅកម្ពុជា។

លោក FUMIAKI TAKAHASHI ប្រធានសមាគមកម្ពុជា-ជប៉ុន បានថ្លែងអំណរគុណចំពោះអនុសាសន៍ណែនាំរបស់លោករដ្ឋមន្ត្រី ក៏ដូចជាការខិតខំប្រឹងប្រែងឥតឈប់ឈររបស់ក្រសួងពាណិជ្ជកម្ម ក្នុងការធ្វើឱ្យប្រសើរឡើងនូវបរិយាកាសធុរកិច្ចនៅកម្ពុជា។ ជាមួយគ្នានោះ លោកប្រធានសមាគម ក៏បានប្តេជ្ញាចិត្តក្នុងការផ្សព្វផ្សាយ និងកៀរគរវិនិយោគិនជប៉ុន ឱ្យកាន់តែច្រើនបន្ថែមទៀតមកវិនិយោគនៅកម្ពុជា។

ក្នុងជំនួបនោះ ភាគីទាំងពីរ ក៏បានអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនង ការទូតកម្ពុជា-ជប៉ុន ក្នុងឆ្នាំ២០២៣ និងបានសម្តែងសារជាថ្មីនូវការប្តេជ្ញាចិត្ត ក្នុងការបន្ត ពង្រឹងទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ជាពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែមានភាពរឹងមាំ និងស៊ីជម្រៅបន្ថែមទៀត៕