(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើឱ្យស្ថានទូតនានានៅក្នុងប្រទេសកម្ពុជា កុំឱ្យធ្វើខ្លួនជា «សេក» ដែលនាំពាក្យ ឱ្យគណបក្សសង្រ្គោះជាតិ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះនៅក្នុងពិធីរំលឹកខួបទី៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំសូមអរគុណចំពោះមិត្តភក្តិដែលបានអញ្ជើញ ចូលរួមក្នុងពិធីដ៏មានសារសំខាន់មួយនេះ ហើយក៏សុំអធ្យាស្រ័យនូវអ្វី ដែលខ្ញុំបាននិយាយ ព្រោះខ្ញុំមិនចង់ឱ្យអ្នកការទូតទាំងឡាយក្លាយទៅជា “សេក” និយាយតាមបក្សប្រឆាំងនោះទេ។ នេះជាការថែទាំនូវទំនាក់ទំនងមិត្តភាពល្អ ជាជាងការនិយាយតាមជនមួយក្រុមណាមួយនោះ ហើយបំផ្លាញទំនាក់ទំនងរវាងកម្ពុជា ជាមួយនឹងរដ្ឋដែលជា រដ្ឋអធិបតេយ្យ ហើយក៏មិនត្រូវប្រើប្រាស់ របស់ដែលហៅថា ជំនួយដើម្បីប្រមាថចំពោះកម្ពុជា ឬក៏គំរាមកំហែងលើកម្ពុជានោះទេ»។
សម្តេចតេជោ ហ៊ុន សែន ក៏បានរិះគន់ដល់សហគមអឺរ៉ុប ឱ្យធ្វើកំណែទម្រង់២ចំណុច ចំពោះព័ត៌មានពីប្រទេសកម្ពុជា។ សម្តេចថាកំណែទម្រង់លើការ ទទួលបានព័ត៌មាន ទាំងពីរចំណុចនោះ រួមមានការធ្វើកំណែទម្រង់ប្រភពព័ត៌មានដែលអឺរ៉ុបទទួលបាន និងអឺរ៉ុបត្រូវស្វែងយល់អំពីអង្គហេតុ និងអង្គច្បាប់នៅកម្ពុជាផងដែរ៕