(កំពត)៖ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានប្រាប់ដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវចេះរួបរួមគ្នា បន្តថែរក្សាសុខសន្តិភាព និងបន្តគាំទ្រគណបក្សប្រជាជនកម្ពុជាតទៀត។ ការថ្លែងបែបនេះ ខណៈលោកអភិបាលខេត្ត បានដឹកនាំមន្ត្រីរាជការ កងកម្លាំង អាជ្ញាធរ និងអ្នកពាក់ព័ន្ធក្រោមឱវាទ ចុះបើកការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ប្រវែងជាង ២០គីឡូម៉ែត្រ ស្ថិតនៅភូមិកំណប់ ឃុំស្រែចែង ស្រុកជុំគីរី នាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៣ ដោយមានប្រជាពលរដ្ឋចូលរួមយ៉ាងច្រើនកុះករផងដែរ។
លោក ម៉ៅ ធនិន បានថ្លែងថា យើងទាំងអស់គ្នាគឺជាគ្រួសារតែមួយ រស់នៅក្រោមដំបូលនៃសុខសន្តិភាព ដែលសម្តេចតេជោយកជីវិតទៅប្តូរ។ ហើយជីវិតយើងគ្រប់គ្នាបានរស់មកដល់បច្ចុប្បន្ន ក៏ដោយសារថ្ងៃកំណើតទី២ នៃការរំដោះប្រទេសចេញពីរបបប្រល័យពូសាសន៍ ប៉ុល ពត របស់សម្តេចតេជោ និងឥស្សរជនរបស់គណបក្សប្រជាជនកម្ពុជា។
ជាងនេះទៅទៀតរាល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និសមទ្ធិផលទាំងអស់នៅតាមមូលដ្ឋាន គឺសុទ្ធតែជាអំណោយដែលកើតចេញពីការស្រឡាញ់ ការយកចិត្តទុកដាក់របស់សម្តេចតេជោ ជូនដល់បងប្អូនប្រជាពលរដ្ឋទូទាំងប្រទេស។
ទន្ទឹមនេះ លោកអភិបាលខេត្ត ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវការដឹងគុណ និងតបស្នងសងគុណដល់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាល ដែលបានខិតខំលះបង់គ្រប់បែបយ៉ាងដើម្បីស្វែងរកសុខសន្តិភាពជូនប្រទេសជាតិ និងប្រជាពលរដ្ឋយើង។
លោកអភិបាលខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវរាយការណ៍ដោយផ្ទាល់មកកាន់រូបលោក នៅពេលដែលរាល់ភាពអសកម្មរបស់អាជ្ញាធរភូមិ ឃុំ ស្មៀនឃុំ មេប៉ុស្តិ៍ ដើម្បីលោកមានវិធានការ ចំពោះអ្នកទាំងអស់នោះ ដែលមិនបានយកចិត្តទុកដាក់បម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានខ្លួន។
តាមរបាយការណ៍ របស់លោក ហ៊ សុរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានឲ្យដឹងថា ផ្លូវក្រាលកៅស៊ូពីរជាន់ដែលបានបើកការដ្ឋានសាងសង់ចែកចេញជាពីរខ្សែ គឺ១ខ្សែ ចាប់ផ្តើមពីភូមិកំណប់ ដល់ភូមិថ្ពករុន ឃុំស្រែចែង មានប្រវែង ៨,១០៤គីឡូម៉ែត្រ ផ្លូវមួយខ្សែទៀត មានប្រវែង ១១,៩៤៩ គឺឡូម៉ែត្រ មានទទឹង ៥ម៉ែត្រ ចិញ្ចើមសងខាង ០,៥ម៉ែត្រ មានបំពាក់លូប្រអប់ លូមូល សង់ស្ពានប្រវែង២០ម៉ែត្រ ១កន្លែង ឆ្លងកាត់ភូមិចំនួន៦ ឃុំចំនួន៣ និងស្រុកចំនួន២ គឺស្រុកឈូក និងជុំគីរី។ រយៈពេលសាងសង់១៨ខែ ដោយប្រើថវិការសរុបចំនួន ១៤១.០៤ លានដុល្លា គាំទ្រដោយរាជរដ្ឋាភិបាលកម្ពុជា ធានាគារអភិវឌ្ឍន៍អាស៊ី និងឥណទានមូលនិធិអាកាសធាតុបៃតង៕