(ភ្នំពេញ)៖ លោកបណ្ឌិត អ៉ិត សំហេង សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌចំការមន និងបឹងកេងកង បានជំរុញឱ្យក្រុមការងារគណបក្ស បន្តកសាងពង្រីកសមាជិកថ្មីបន្ថែមទៀត ជាពិសេសក្នុងស្រទាប់យុវជន។
លោកបានលើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទន្លេបាសាក់ និងពិធីប្រកាសបញ្ចូលសមាជិកគណបក្សថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
នាឱកាសនោះ តំណាងឱ្យសមាជិក សមាជិកាថ្មីចំនួន ២០០នាក់ ដែលត្រូវបានប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ឱ្យដឹងថា ដោយបានតាមដានយ៉ាងយកចិត្តទុកដាក់ អំពីការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងបានវាយតម្លៃខ្ពស់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយទេ ដែលមានឧត្តមគតិត្រឹមត្រូវ មានគុណបំណាច់យ៉ាងធំធេងចំពោះសង្គមជាតិ មាតុភូមិ និងសូមគាំទ្រទាំងស្រុងនូវកម្មវិធីនយោបាយ និងលក្ខតិកៈរបស់គណបក្សប្រជាជនកម្ពុជា។ ចូលរួមគ្រប់សកម្មភាពរបស់គណបក្ស និងចិញ្ចឹមចលនានៅមូលដ្ឋាន កៀងគរប្រមូលមហាជន ប្រជាជន ឱ្យគាំទ្រ និងចូលជាសមាជិកបក្ស គឺសម្លេងគាំទ្រមួយសន្លឹក។ ការពារសមិទ្ធផលទាំងឡាយដែលកើតចេញពីនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ការពារសន្តិភាពឱ្យខានតែបាន ទោះក្នុងតម្លៃណាក៏ដោយ។ សាមគ្គីភាពផ្ទៃក្នុងឱ្យបានទូលំទូលាយ រួមសុខរួមទុក្ខជាមួយគ្នា ហើយប្រឆាំដាច់ខាតរាល់ឧបាយកលពួកអមិត្ត។
លោកបណ្ឌិត អ៉ិត សំហេង បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ព្រមទាំងថ្នាក់ដឹកនាំគណបក្ស ជូនដល់សមាជិកបក្សចំនួន២០០នាក់ ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា និងក្រុមការងារចុះជួយមូលដ្ឋានសង្កាត់ទន្លេបាសាក់ ទាំង៤៨៩នាក់។
លោកបណ្ឌិត អ៉ិត សំហេង គូសបញ្ជាក់ថា ការរក្សាបានសមាជិកចាស់ បូកបញ្ចូលការកសាងសមាជិកបក្សថ្មីបន្ថែម នៅក្នុងសង្កាត់ទន្លេបាសាក់នេះ គឺជាកម្លាំងសាមគ្គីមួយបន្ថែមទៀតសម្រាប់គណបក្ស ដើម្បីបន្តដឹកនាំប្រទេសជាតិឱ្យកាន់តែរីកចម្រើន ក៏ដូចជាធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកបណ្ឌិត បន្តថាសមាជិកបក្សចាស់ ថ្មី មានតួនាទីយ៉ាងសំខាន់ ក្នុងការខិតខំអនុវត្តឱ្យបានត្រឹមត្រូវតាមកម្មវិធីគោលនយោបាយ និងលក្ខន្តិកៈ របស់គណបក្ស សំដៅការកសាងទំនាក់ទំនងល្អជាមួយប្រជាជន និងខិតខំឃោសនាផ្សព្វផ្សាយអំពីកម្មវីធីនយោបាយរបស់គណបក្ស និងច្បាប់របស់រដ្ឋនានា ដោយត្រូវថែរក្សាធ្លុងសាមគ្គីឯកភាពផ្ទៃក្នុង ការជួយគ្នាទៅវិញទៅមក និងត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាពទាំងគុណធម៌ សីលធម៌ដើម្បីសម្រេចភារកិច្ចជូនសង្គមជាតិរបស់យើង។
បន្ថែមពីនេះ លោកបណ្ឌិត ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។
ក្នុងនោះដែរ លោកប្រធាន បានស្នើដល់ក្រុមការងារ បន្តជំរុញការងារកសាងពង្រីកសមាជិកគណបក្សថ្មី ជាពិសេសក្នុងស្រទាប់យុវជន ដែលទើបនឹងគ្រប់អាយុបោះឆ្នោត ហើយត្រូវបំប៉នទាំងខាងនយោបាយសតិអារម្មណ៍ និងចាត់តាំង ព្រមទាំងជីវភាពរស់នៅធ្វើឱ្យសមាជិកគណបក្សមានភាពកក់ក្តៅផ្សារភ្ជាប់ជាមួយគណបក្ស និងការបោះឆ្នោតជូនគណបក្សឱ្យបានគ្រប់ៗគ្នា៕