(សៀមរាប)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងបរិស្ថាន បានឱ្យដឹងថា កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំវេទិការជាតិកេសរកូល (ផ្កាអ័រគីដេ) លើកទី៣ នៅខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ បន្ទាប់ពីទទួលបានជោគជ័យក្នុងការរៀបចំវេទិកានេះ រយៈពេល២ឆ្នាំជាប់គ្នា។

បញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៣ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពមជ្ឈមណ្ឌលកេសកូល សុខ អាន ភ្នំគូលែន លោក នេត្រ ភក្ក្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា៖ «ក្នុងឆ្នាំនេះក្រសួងបរិស្ថាននឹងរៀបចំវេទិការកេសរកូលលើកទី៣ នៅខែមីនា ឆ្នាំ២០២៣ ខាងមុខ។ កាលវេទិកាលើកទី១ និងទី២ មានការចូលរួមពីយ៉ាងច្រើនពីប្រជាពលរដ្ឋដែលជាអាជីវករដែលជាអ្នកលក់ផ្កាដែលពួកគេនាំយផ្កាគ្រប់ប្រភេទផ្សេងៗ និងជាកេសរកូលថ្មី»។

ទាក់ទិនក្នុងរឿងនេះដែរ លោក នេត្រ ភក្រ្តា បានបញ្ជាក់ថា ក្នុងការធ្វើជាម្ចាស់ផ្ទះនេះ ក្រសួងបរិស្ថាននឹងនាំយកកេសរកូលព្រៃមកចូលរួមបង្ហាញផងដែរ។ សម្រាប់គោលបំណងនៃការនាំយកកេសរកូលនេះ គឺដើម្បីបង្ហាញពីភាពសម្បូរបែប នៃកេសរកូល របស់ប្រទេសកម្ពុជា ដែលបច្ចុប្បន្ននេះ តាមការប៉ាន់ស្មានចំនួនកេសរកូលព្រៃមានប្រមាណជាង៥០០ប្រភេទ។

អ្នកនាំពាក្យក្រសួងបរិស្ថាន បានបន្ថែមថា សម្រាប់ក្នុងការរៀបចំមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែន ត្រូវបានក្រុមមន្ត្រីជំនាញបានសិក្សា និងនាំយកកេសរកូលមកពីបណ្តាខេត្តផ្សេងៗ ក្នុងនោះមានខេត្តកោះកុង ខេត្តកំពង់ ខេត្តព្រះវិហារ និងខេត្តសៀមរាប ជាដើម ដែលសរុបជាង ៥,០០០សំណាក គិតជាប្រភេទជាង ២១ប្រភេទ។ នៅក្នុងនោះក៏មានការកំណត់ជាសំណាកនៃការកំណត់អត្តសញ្ញាកេសរកូលច្បាស់លាស់ជាង ១០០ប្រភេទ។

បន្ថែមពីនេះ លោក នេត្រ ភក្ត្រា បានថ្លែងថា៖ «ក្នុងការរៀបចំវេទិការកេសរកូលនេះ គឺដើម្បីបង្ហាញពីភាពសម្បូរបែបនៃកេសរកូលព្រៃដែលកម្ពុជាមាន ហើយក៏ដើម្បីផ្សព្វផ្សាយឱ្យបានដឹងដល់ប្រជាពលរដ្ឋក្នុងការចូលរួមអភិរក្ស។ អ្វីដែលសំខាន់ជាងនេះ គឺវេទិការម័យនេះក៏ទាញការចាប់អាម្មណ៍ជារួមដល់សាធារណៈជន ពីការព្រួយបារម្ភចំពោះការធ្វើអាជីវកម្មលើកេសរកូលមួយចំនួននៃកេសរព្រៃទៀតផង។

លោក នេត្រ ភក្ត្រា ក៏បានបញ្ជាក់ថា ការរៀបចំមជ្ឈមណ្ឌលកេសរកូល សុខ អាន ភ្នំគូលែននេះ ដើម្បីថែរក្សានៃការបន្តពូជកេសរកូល ឱ្យបានគង់វង្ស។ ជាងនេះក៏នឹងពង្រឹងបន្ថែមទៀតឱ្យបានរីកចម្រើន ដើម្បីថែរក្សាកេសរកូលដែលកម្ពុជាកំពុងមាន។

ដើម្បីថែរក្សា និងការទប់ស្កាត់នូវការនំាចេញកេសរកូល លោករដ្ឋលេខាធិការ ក៏បានដាក់ចេញនូវសេចក្តីណែនាំដល់រាជធានី-ខេត្តដែលមានតំបន់ការពារធម្មជាតិ ហើយពិសេសនោះមន្ត្រីឧស្សានអនុរក្សដែលថែរក្សាធម្មជាតិត្រូវធ្វើការអប់រំ ណែនាំដល់ប្រជាពលរដ្ឋបញ្ឈប់ការធ្វើការនាំចេញទៅក្រែប្រទេសដែលជាអាជីវកម្មហួសប្រមាណនាំឱ្យប្រឈមការបាត់បង់ពូជណាមួយកើតឡើង។

លោក នេត្រ ភក្រ្តា បានបន្តថា «ចំពោះការធ្វើអាជីវកម្មហួសប្រមាណវាអាចនាំឱ្យបាត់បង់ប្រភេទពូជកេសរកូលយើង។ អញ្ចឹងយើងធ្វើទាំងការអប់រំផង និងការអនុវត្តច្បាប់ផង ដើម្បីថែរក្សាវាហើយយើងសង្ឃឹមថាមជ្ឈមណ្ឌលសុខ អាននេះ គឺជាធនាគារពូជដើម្បីផ្គត់ផ្គង់ចំពោះតម្រូវការក្នុងស្រុកយើងទៅថ្ងៃខាងមុខ»៕