(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ជំនួយមនុស្សធម៌​ ១០ម៉ឺនដុល្លារអាមេរិក ជូនទៅប្រទេសតួកគី ដើម្បីរួមចំណែកដោះស្រាយការលំបាកនានាកើតចេញ ពីគ្រោះរញ្ជួយដី។ នេះបើយោងតាមការបញ្ជាក់របស់ក្រសួងការបរទេសកម្ពុជា នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

ជាមួយការផ្តល់ជំនួយនេះ រាជរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅបំផុត និងបានចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រជូនចំពោះរដ្ឋាភិបាល និងប្រជាជនតួកគី ជាពិសេសក្រុមគ្រួសារនៃសព។

សូមជម្រាបថា កាលពីទៀបភ្លឺថ្ងៃទី០៦ ខែកុម្ភៈ គ្រោះរញ្ជួយដីធ្ងន់ធ្ងរមួយកម្រិត ៧.៨រិចទ័រ បានវាយប្រហារនៅប្រទេសតួកគី និងប្រទេសស៉ីរី។ គិតត្រឹមព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ ចំនួនអ្នកស្លាប់នៅក្នុងគ្រោះរញ្ជួយដីនេះ កើនលើស ៧,៨០០នាក់ហើយ៕