(ភ្នំពេញ)៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជួសឱ្យនាយករដ្ឋមន្រ្តីឡាវ ទម្លាក់កំហុសមកឱ្យកម្ពុជា រឿងមិនចេញសេចក្តីថ្លែងការណ៍រួម លើបញ្ហាសមុទ្រចិនខាងត្បូង នាពេលថ្មីៗនេះ។ សម្តេចថាការដែលកម្ពុជា មិនព្រមគាំទ្រឱ្យចេញសេចក្តីថ្លែងការណ៍ រួមរបស់អាស៊ាន លើបញ្ហាសមុទ្រចិនខាងត្បូងពេលនេះ មិនមានអ្វីខាតបង់ខុសពីឆ្នាំ២០១២នោះទេ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបែបនេះ នៅក្នុងពិធីរំលឹកខួបទី៦៥ឆ្នាំ នៃការបង្កើតស្ថាប័នគយ និងរដ្ឋាករកម្ពុជា នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦នេះ ដែលពិធីនេះក៏មានតំណាងទូតនានា របស់ប្រទេសជាសមាជិកអាស៊ានចូលរួមដែរ។
សម្តេចតេជោបានលើកឡើងថា «បើជ្រុលថាគេទម្លាក់កំហុសលើហើយ ខ្ញុំប្រាប់ទៅ ថងលូន (នាយករដ្ឋមន្រ្តីឡាវ) បើមានរឿងអី ឯកឧត្តមឆ្លើយដាក់កម្ពុជាតែម្តងទៅ ខ្ញុំសូមជំរាបបណ្តាប្រទេសអាស៊ាននានានៅទីនេះស្រាប់ មានរឿងអី? តុលាការរឿង ហ្វីលីពីន ជាមួយចិនសោះមកឱ្យអាស៊ាន ចេញសេចក្តីថ្លែងការណ៍ គឺគ្មានទេមិនត្រឹមតែមិនចេញទេ គឺប្រឆាំងតែម្តង ហើយបើកម្ពុជាប្រឆាំងហើយវាចប់ហើយ មានស្អីទៀត»។
សម្តេចបានបន្ថែមថា «ខ្ញុំប្រាប់ទៅ ថងលូន នាយករដ្ឋមន្រ្តីឡាវ ដែលជាប្រធានអាស៊ាន ថាមានរឿងអ្វីឯកឧត្តមទម្លាក់កំហុសមកឱ្យខ្ញុំតែម្តងទៅ ព្រោះគ្មានអ្វីខាតបង់ លើសឆ្នាំ២០១២ ដែលគេធ្វើបាបយើងដល់ផ្ទះ។ ឱ្យតែប្រទេសតូចៗគេធ្វើបាបហើយ អាប្រទេសធំគេមិនហ៊ានទេ វាទៅជាអញ្ចេះ។ នៅលើពិភពលោក អយុត្តិធម៌ណាស់ អានាក់មានលុយសង្កត់អ្នកអត់លុយ រហូតដោយសារជំនួយ»។
ទោះជាយ៉ាងណាប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នៅតែបន្តជំរុញឱ្យប្រទេសពាក់ព័ន្ធ ជម្លោះដែនសមុទ្រចិនខាងត្បូង បន្តដោះស្រាយគ្នាដោយសន្តិវិធី ជាជាងអូសអាស៊ានទាំងមូល ឱ្យធ្លាក់ទៅក្នុងបញ្ហានេះ៕