(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមរយៈឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំនៅកម្ពុជា បានស្នើទៅរដ្ឋាភិបាលជប៉ុន ជួយជំរុញ និងលើកទឹកចិត្តពលរដ្ឋជប៉ុន ឱ្យមកទស្សនាការប្រកួតស៊ីហ្គេនៅកម្ពុជា ដែលនឹងចាប់ផ្តើមនៅខែឧសភាខាងមុខនេះ។

សំណើរបស់សម្តេចតេជោ បានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតថ្មីរបស់ជប៉ុន ប្រចាំនៅកម្ពុជា នាព្រឹកថ្ងៃពុធ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុងជំនួបខាងលើនេះ លោកឯកអគ្គរដ្ឋទូត បានបង្ហាញការតាំងចិត្ត ខ្ពស់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន ក្នុងបេសកកម្មការងារជាឯក អគ្គរដ្ឋទូតជប៉ុននៅកម្ពុជា។

លោក បានកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន គឺល្អបំផុតនៅពេលនេះ ហើយលោកពិតជាមានកិត្តិយសដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុន ប្រចាំនៅកម្ពុជា។

លោកឯកអគ្គរដ្ឋទូត បានប្តេជ្ញាប្រឹងប្រែងឱ្យអស់លទ្ធភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនង ទ្វេភាគីកម្ពុជា និងជប៉ុន ឱ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់ កម្ពុជា និងជំរុញអ្នកទេសចរ។

លោកបន្តថា រដ្ឋាភិបាលជប៉ុន ក៏នឹងជួយកម្ពុជារៀបចំដំណើរការប្រកួតកីឡាស៊ីហ្គេម ដំណើរការបោះឆ្នោត ការងារដោះមីន និងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត។

សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍រាល់របៀបវារៈការងារទាំងឡាយរបស់លោក ឯកអគ្គរដ្ឋទូតនៅកម្ពុជា។

ពាក់ព័ន្ធការងារប្រកួតស៊ីហ្គេម សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ជប៉ុន អាចជួយដំណើរការប្រកួតស៊ីហ្គេមនៅកម្ពុជា ដោយលើកទឹកចិត្តឱ្យពលរដ្ឋជប៉ុន មកទស្សនាស៊ីហ្គេមដោយផ្ទាល់ ឬរៀបចំឱ្យមានការហោះហើរត្រង់ពិសេសក្នុងកំលុង ពេលនៃការប្រកួតនោះ។

ក្រៅតែពីបញ្ហាស៊ីហ្គេម សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្នើឱ្យឯកអគ្គរដ្ឋទូតជប៉ុន ជំរុញកំណើនពាណិជ្ជកម្ម និងជួយជំរុញអ្នកវិនិយោគជប៉ុន មកកម្ពុជាឱ្យកាន់តែច្រើន ថែមទៀត។

ព្រឹត្តិការណ៍ប្រកួតស៊ីហ្គេមនៅកម្ពុជា សល់រយៈពេលតែ ៨៦ថ្ងៃទៀតប៉ុណ្ណោះ។ នេះគឺជាការប្រកួតលើកដំបូងនៅកម្ពុជា បន្ទាប់ពីបានរង់ចាំអស់រយៈពេលប្រមាណ ៦៤ឆ្នាំមកហើយ។

សូមបញ្ជាក់ថា ក្នុងជំនួបសម្តែងការគួរសមនាព្រឹកមិញនេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី
បានឆ្លៀតសម្តែងនូវមរណទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះមរណភាពលោកស្រី ប៊ុន សុថា។ លោកឯកអគ្គរដ្ឋទូត ក៏បានបួងសួងសូមឱ្យវិញ្ញាណក្ខន្ធលោកស្រី បានទៅកាន់សុគតិភព។

លោកឯកអគ្គរដ្ឋទូត ក៏បានរំលឹកផងដែរថា លោកធ្លាប់បានមកកាន់ប្រទេសកម្ពុជា កាល ពីឆ្នាំ១៩៩២។ សម្រាប់ទិដ្ឋភាពឆ្នាំ១៩៩២ និងពេលបច្ចុប្បន្ន លោកឯកអគ្គរដ្ឋទូត បានមើលឃើញពីការអភិវឌ្ឍន៍ខ្លាំង រួមជាមួយសុខសន្តិភាព និងស្ថេរភាព។ លោកឯកអគ្គរដ្ឋទូត បានបង្ហាញនូវការគោរពកោតសរសើរខ្លាំង ចំពោះភាពជាអ្នកដឹកនាំរបស់សម្តេចតេជោ។

លោកឯកអគ្គរដ្ឋទូត ក៏បានសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធបានដោយជោគជ័យ។

ជាការឆ្លើយតបសម្តេចតេជោ ស្វាគមន៍ និងអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុនលោកឯកអគ្គរដ្ឋទូត ចំពោះការចូលរួមរំលែកមរណទុក្ខនៃមរណភាពប្អូនស្រីរបស់សម្តេច៕